បរទេស ៖ ប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលកូវីដនៅឡើយក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសទាំង២បានដាក់ផែនការបង្ហាញពីមហិច្ឆតាក្នុងការចាកចេញពីឈ្មោះជាប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries) ទៅជាប្រទេសអភិវឌ្ឍ (Developed Countries) នៅត្រឹមឆ្នាំ២០៤៥ខាងមុខនេះ។
ប្រទេសវៀតណាម បច្ចុប្បន្នបានកសាងសេដ្ឋកិច្ចដ៏មានសក្តានុពលក្នុងនាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយរបស់
សកលលោក ពោលគឺបានប្រែក្លាយពីប្រទេសដែលមានភាពក្រីក្របំផុតកាលពីប៉ុន្មានទសវត្សរ៍មុនមកជាប្រទេសកំពុងមានការអភិវឌ្ឍ ស្របទៅនឹងផែនការមេអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ រដ្ឋាភិបាលប្រទេសវៀតណាម បានដាក់គោលដៅធ្វើឲ្យបានសម្រេចនូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ពលរដ្ឋម្នាក់ៗប្រមាណជា ២ ៧៨៦ដុល្លារក្នុងឆ្នាំ២០២០ ឡើងដល់ ៣ ៩០០ដុល្លារក្នុងឆ្នាំ២០២២ និងឡើងទៅដល់ ៥ ០០០ដុល្លារត្រឹមឆ្នាំ២០២៥។
ដោយឡែកសម្រាប់ប្រទេសឥណ្ឌូនេស៊ីវិញ មកដល់ពេលនេះ កំណើនសេដ្ឋកិច្ចរបស់ខ្លួនកំពុងស្ទុះងើបឡើងវិញខ្លាំងដូចគ្នាទៅនឹងប្រទេសវៀតណាមដែរ ប៉ុន្តែយុទ្ធសាស្ត្រដែលជាសសរស្តម្ភចំនួន៦ និងត្រូវបានកំណត់ដោយរដ្ឋាភិបាលដើម្បីធ្វើការអភិវឌ្ឍ ហើយព្យាយាមសម្រេចឲ្យបានតាមផែនការត្រឹមឆ្នាំ២០៤៥។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រទេសឥណ្ឌូនេស៊ី លោក Sri Mulyani បានថ្លែងរៀបរាប់លំអិតអំពីយុទ្ធសាស្ត្រទាំង៦នោះដែលមានរួមទាំងការអភិវឌ្ឍទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងធនធានមនុស្ស ការពង្រឹងបច្ចេកវិទ្យា ការពង្រឹងទៅលើវិស័យរដ្ឋ រួមជាមួយនឹងការកែលំអផែនការលំហ(សង្គមសេដ្ឋកិច្ច និងបរិស្ថាន) ព្រមទាំងការពង្រឹងទៅលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិផងដែរ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.