ភ្នំពេញ៖ តំបន់កួរស្រូវ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ បច្ចុប្បន្ននេះ បាន និងកំពុងក្លាយទៅជាតំបន់ទីប្រជុំជនបណ្តើរៗ ក្រោយមានវត្តមានគម្រោងលំនៅឋានកម្រិតមធ្យម គម្រោងផ្សារ សាលារៀនឯកជនចាប់ផ្តើមបង្ហាញខ្លួនជាបន្តបន្ទាប់ ខណៈដែលគម្រោងពង្រីកផ្លូវជាតិលេខ២ក៏កំពុងជំរុញការស្ថាបនា និងកែលម្អតាមកម្រិតស្ដង់ដារ។
អគ្គនាយក្រុមហ៊ុន Century 21 Advance Property លោក ឡុង គឹម សួគ៌ បានមានប្រសាសន៍ប្រាប់ AMS ថា កាលពីប៉ុន្មានឆ្នាំមុន នៅតំបន់កួរស្រូវនេះ ត្រូវបានគេគិតថានៅឆ្ងាយពីទីក្រុងភ្នំពេញ ប៉ុន្តែបច្ចុប្បន្ននេះវាមិនឆ្ងាយនោះទេ មិនដូចជាគ្នានោះទេ ដោយសារបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ខ្វាត់ខ្វែង ជាពិសេសគម្រោងអភិវឌ្ឍន៍របស់វិស័យរដ្ឋ និងវិស័យឯកជនដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារបានបង្ហាញខ្លួននៅតំបន់នេះ ខណៈពេលដែលគម្រោងពង្រីកក្រុងត្រូវបានអនុវត្ត។
លោក ឡុង គឹមសួគ៌ បានបន្តថា ៖
«តំបន់នេះនៅជិតតំបន់ផ្លូវ ៦០ម៉ែត្រ ដែលមានគម្រោងអភិវឌ្ឍន៍សំណង់ជាច្រើន មានទាំងប្រភេទគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ឬហៅថាលំដាប់អភិជន។ ក្រៅពីនេះ គម្រោងផ្លូវជាតិលេខ ២ ក៏កំពុងអភិវឌ្ឍន៍ និងពង្រីកាន់តែធំ ដូច្នេះ តំបន់នេះមានសក្តានុពលទាំងវិស័យសេដ្ឋកិច្ចមូលដ្ឋាន និងវិស័យអចលនទ្រព្យ ហើយមិនយូរនោះទេ វាអាចមានសភាពដូចគ្នាទៅនឹងផ្លូវជាតិលេខ ១ (តំបន់ច្បារអំពៅ)»
អ្នកជំនាញរូបនេះបានបន្ថែមឲ្យដឹងថា តំបន់កួរស្រូវកំពុងបង្ហាញពីសក្តានុពលរបស់ខ្លួន ដោយមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាបានបានយ៉ាងងាយស្រួល ជាពិសេស ផ្លូវទៅគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនៅក្បែរនោះស្រាប់។ ដូច្នេះ វានឹងធ្វើឱ្យតំបន់នេះ កាន់តែមានសន្ទុះរីកចំរើនកាន់តែខ្លាំងថែមមួយកម្រិតទៀត។
នាយកផ្នែកលក់លំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambodia លោក David Pen បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពេលថ្មីៗនេះបានឱ្យដឹងថា នៅតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញមានគម្រោងអភិឌ្ឍន៍ធំៗជាច្រើន ដូចជា ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោងផ្សារទំនើប Aeon 3 ដែលកំពុងដំណើរការសាងសង់ គម្រោងផ្លូវក្រវាត់ក្រុងទី៣ នៅមានវត្តមានមជ្ឈមណ្ឌលអាជីវកម្មធំៗជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យតំបន់នេះមានការទាក់ទាញសម្រាប់ការវិនិយោគ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។