បរទេស ៖ ប្រទេសថៃបានអនុញ្ញាតឲ្យតំបន់ទេសចរណ៍នៃកោះភូកេតបើកដំណើរការឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរទាំងឡាយណាដែលបានចាក់វ៉ាក់សាំងរួចរាល់ បើទោះបីប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងអត្រាឆ្លង និងអត្រាមរណៈដោយសារជំងឺកូវីដ-១៩ ខណៈដែលក្រុងបាងកកនៅតែអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតក៏ដោយ។
ចំនួនឆ្លងជំងឺកូវីដនៅទូទាំងប្រទេសថៃបានបន្តកើនឡើងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាបំប្លែងថ្មី Delta និងអត្រាការចាក់វ៉ាក់សាំងនៅមានភាពយឺតយ៉ាវនៅទូទាំងប្រទេស។ ជាក់ស្ដែងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថៃបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ៦ ២៣០ នាក់ ក្នុងមួយថ្ងៃដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាលើកដំបូងជិត ១០ ០០០ ករណីក្នុងមួយថ្ងៃ កាលពីពាក់កណ្តាលខែឧសភា និងមាន ៤១ នាក់បានបាត់បង់ជីវិត។
យ៉ាងណាក៏ដោយ បើទោះបីជារលកឆ្លងទីបីកំពុងបន្តកើតមានឡើងក៏ដោយ ក៏រដ្ឋាភិបាលថៃមិនបានផ្អាកផែនការក្នុងការបើកដំណើរការប្រទេស និងតំបន់ទេសចរណ៍មួយចំនួនសម្រាប់ស្វាគមន៍ដល់អ្នកដំណើរអ្នកទេសចរនោះទេ។ អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីចុងខែមុននេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុធ ចាន់អូចា បានប្ដេជ្ញាថា នឹងបើកទ្វារទទួលទេសចរក្នុងស្រុកយ៉ាងទូលាយឡើងវិញក្នុងរយៈពេល ១២០ ថ្ងៃទៀត ឬនៅពាក់កណ្ដាលខែតុលាខាងមុខ។
ជាជំហានដំបូង នៅក្នុងសប្ដាហ៍កន្លងទៅនេះ រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យតំបន់ទេសចរណ៍កោះភូកេតបានបើកទ្វារដំណើរការឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរទាំងឡាយណាដែលបានចាក់វ៉ាក់សាំងរួចរាល់រាប់រយនាក់ ខណៈដែលនៅតំបន់នេះមានអ្នកឆ្លងជំងឺកូវីដតិចតួចបំផុតបើប្រៀបធៀបទៅនឹងតំបន់ទេសចរណ៍ដទៃទៀត។
គួរឲ្យដឹងដែរថា សេដ្ឋកិច្ចប្រទេសថៃដែលមួយចំណែកធំត្រូវពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍នោះ បានទទួលរងនូវផលប៉ះពាល់ បាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដោយសារការមកដល់របស់ភ្ញៀវបរទេសបានធ្លាក់ចុះ ប្រមាណ៨៣ ភាគរយ ពោលធ្លាក់មកនៅត្រឹម ៦,៧ លាននាក់ ខណៈប្រទេសថៃធ្លាប់ទទួល ៣៩,៩ លាននាក់ក្នុងឆ្នាំ២០១៩ កន្លងទៅ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ