សៀមរាប ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាបសម្រេចលទ្ធផលការងារបាន ៦៣.៨៧ភាគរយហើយ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុបជិត ១០៩ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លានដុល្លារអាមេរិក ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអង្គភាពស្ថាបនាទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវ៣៨ខ្សែនេះ តាមផែនការដែលបានគ្រោងទុក ទោះបីជាជួបប្រឈមដោយសារវិបត្តិជំងឺកូវីដ-19ក៏ដោយ។
ទាក់ទងនឹងបញ្ហាបច្ចេកទេសនៃការសាងសង់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារត្រួតពិនិត្យបច្ចេកទេស កែសម្រួលចិញ្ចើមផ្លូវ បង្កើនសោភ័ណភាព កែសម្រួលការបង្ហាប់ដី ពិនិត្យឡើងវិញច្រាំងស្ទឹងសៀមរាបប៉ែកខាងលិចឲ្យបានល្អិតល្អន់។
“ត្រូវធ្វើផ្លូវឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានត្រឹមត្រូវ កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍លើការដ្ឋាន ជាពិសេសជួយស្រោចទឹកឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ”
ឯកឧត្តមបានបន្ថែមថា
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យអង្គភាពសាងសង់យកស្មារតីខ្ពស់ធ្វើការងារឱ្យមានគុណភាពល្អ មានសោភ័ណភាពល្អ មានឆន្ទៈម៉ឺងម៉ាត់ ធ្វើឱ្យបានល្អ ធ្វើកុំឱ្យបរទេសមើលងាយ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់នេះឱ្យក្លាយជាទីក្រុងទេសចរណ៍ទំនើប ដើម្បីមុខមាត់ប្រទេសជាតិយើង និងបានទទូចសុំឱ្យអង្គភាពសាងសង់ធ្វើម្ដង ធ្វើឱ្យចប់ កុំចាំបាច់ឱ្យគេត្រួតពិនិត្យ និងកែសម្រួលឡើងវិញដោយត្រូវចំណាយលុយអស់ច្រើនជាងលើកទី១ កុំចង់ចំណេញបន្តិចបន្តួច ពីព្រោះនៅពេលគេធ្វើសវនកម្មរកឃើញកំហុសបច្ចេកទេស តម្រូវឱ្យធ្វើឡើងវិញ ខាតទាំងចុងខាតទាំងដើម និងបានសំណូមពរឱ្យអង្គភាពសាងសង់លើកឡើងនូវបញ្ហាដែលខ្លួនមានដើម្បីរួមគ្នាដោះស្រាយ។
គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន ០៨ រួមមាន៖ ទី១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ទី២) កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ទី៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទី៤) អគ្គនាយកដ្ឋានសាធារណការ ទី៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ទី៦) នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ទី៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ទី៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ