fbpx

តើអ្វីជាម៉ាក ម៉ាកសមូហភាព និងពាណិជ្ជនាម?

ម៉ាក ម៉ាកសមូហភាព និងពាណិជ្ជនាម គឺជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញា។ ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណ:ខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់សេវាហៅថា សេវាសញ្ញា។

ម៉ាកមានច្រើនប្រភេទ ដូចជា ម៉ាកជាពាក្យ ម៉ាកជាអក្សរ ម៉ាកជាលេខ ម៉ាកជារូបសញ្ញា ម៉ាកជានិមិត្តសញ្ញា ម៉ាកជាស្លាកសញ្ញា ម៉ាកជាការរួមគ្នានៃពាក្យ និងលេខ ម៉ាកជាការរួមគ្នានៃអក្សរ និងរូបសញ្ញា ម៉ាកជាពណ៌ ម៉ាកអាចជាពណ៌ច្រើនចំរុះគ្នា ម៉ាកជាឈ្មោះ ម៉ាកជាសញ្ញាដែលមើលឆ្លុះបីជ្រុង និងម៉ាកជាហត្ថលេខា។

ម៉ាកសមូហភាព គឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យសុំចុះបញ្ជី ហើយអាចសំគាល់នូវប្រភពដើមនៃទំនិញ ឬសេវា ឬសំគាល់នូវចរិតលក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញ ឬសេវារបស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។

ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសំគាល់ ឬជាឈ្មោះ និងសញ្ញាសំគាល់ សម្រាប់បញ្ជាក់ និងសំគាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។

សិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាក់ ត្រូវបានទទួលស្គាល់តាមរយៈការចុះបញ្ជីដោយអនុលោមតាមបទប្បញ្ញត្តិទាំងឡាយនៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ម៉ាកដែលបានចុះបញ្ជីហើយ មានសុពលភាព10ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី។ ទោះបីជាម៉ាកអាចមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬបង្គុំនៃសញ្ញាទាំងនេះក៏ដោយ មិនមែនគ្រប់ម៉ាកទាំងអស់សុទ្ធតែអាចចុះបញ្ជីដើម្បីទទួលបានកិច្ចការពារនោះទេ។ គូសបញ្ជាក់ថា ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី06 ខែធ្នូ ឆ្នាំ2001 ហើយព្រឹទ្ធសភាបានអនុម័តយល់ស្របតាមលើទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី08 ខែមករា ឆ្នាំ2002 ដែលលោកអ្នកអាចចូលទៅអានសេចក្តីលម្អិតនៃច្បាប់នេះតាមរយៈតំណ link : 4da234c2-b094-4818-bcba-9efca114102b_e9e18593-8994-4a44-818e-1c9f313dbe17-kh.pdf (cambodiaip.gov.kh)

AMS ECONOMY
@amseconomy