មិនមែនមានតែទិវានារីអន្តរជាតិទេ ពិភពលោកក៏មានទិវាបុរសអន្តរជាតិ 19 វិច្ឆិកា

ទំនងមិនមានមនុស្សច្រើនទេដែលដឹងថាមានទិវាបុរសអន្តរជាតិនៅថ្ងៃទី 19ខែវិច្ឆិកា ដែលត្រូវបានប្រារព្ធទូទាំងពិភពលោក ដើម្បីរំលឹកពីគុណតម្លៃវិជ្ជមានដែលបុរសនាំមកជូនពិភពលោក ក្រុមគ្រួសារ​ និងសហគមន៍របស់ខ្លួន។ ទិវានេះរំលេចគំរូវិជ្ជមាន និងលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពរបស់បុរស។ ដ្បិតមានការប្រារព្ធមែន ប៉ុន្តែទិវានេះនៅមិនទាន់ទទួលស្គាល់ជាផ្លូវការពីអង្គការសហប្រជាជាតិឡើយ។

គោលបំណងនៃទិវាបុរសអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ។ ប្រធានបទសម្រាប់ទិវាបុរសអន្តរជាតិឆ្នាំ 2021 នេះគឺ “ទំនាក់ទំនងកាន់តែប្រសើររវាងបុរសនិងស្ត្រី”។ រហូតមកដល់ពេលនេះ មានប្រមាណជា 80 ប្រទេសលើពិភពលោកបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ រួមមានសហរដ្ឋអាមេរិច ប្រទេសឥណ្ឌា ប្រទេសន័រវេរ ប្រទេសប៉ាគីស្ថានជាដើម។

ទិវាបុរសអន្តរជាតិ លើកទឹកចិត្តបុរសឱ្យបង្រៀនក្មេងប្រុសដទៃទៀតនៅក្នុងជីវិតរបស់ពួកគេពីតម្លៃ បុគ្គលិកលក្ខណៈ និងការទទួលខុសត្រូវនៃការធ្វើជាបុរស។ និយាយពីទិវាបុរសខាងលើនេះ ហាក់រំលឹកដល់ឃ្លាមួយរបស់លោកមហាត្មៈគន្ធី បានមានប្រសាសន៍ថា “យើងត្រូវតែក្លាយជាការផ្លាស់ប្តូរមួយដែលយើងតែងតែស្វែងរក”។ មានន័យថា នៅពេលដែលទាំងអស់គ្នា ទាំងបុរសនិងស្ត្រី ដឹកនាំដោយការធ្វើជាគំរូ ពេលនោះបង្កើតសង្គមមួយដែលមានសមភាព សុវត្ថិភាព និងរីកចំរើនគ្រប់ៗគ្នា។

ទិវាបុរសអន្តរជាតិ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1992 នៅថ្ងៃទី ០7 ខែកុម្ភៈ ដោយលោក Thomas Oaster ហើយត្រូវបានធ្វើកំណែទម្រង់ដោយលោក Jerome Teelucksing ដែលបានជ្រើសរើសយកថ្ងៃទី 19 ខែវិច្ឆិកា ដើម្បីគោរពដល់ថ្ងៃកំណើតរបស់ឪពុកគាត់។ គាត់ក៏បានសំរេចចិត្តប្រារព្ធទិវានេះនៅថ្ងៃទី 19 ខែវិច្ឆិកា ដូចកាលបរិច្ឆេទនេះក្នុងឆ្នាំ 1989 ក្រុមបាល់ទាត់របស់ Trinidad និងTobago បានបង្រួបបង្រួមប្រទេសដើម្បីបុព្វហេតុបំពេញលក្ខណៈសម្បត្តិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។

គួរបញ្ជាក់ថា ការប្រារព្ធទិវាបុរសអន្តរជាតិនេះ មិនមានបំណងប្រកួតប្រជែងនឹងទិវានារីអន្តរជាតិទេ ប៉ុន្តែរំលឹកដល់មនុស្សគ្រប់គ្នាត្រូវទទួលស្គាល់ភាពខុសគ្នារវាងបុរសនិងស្ត្រី និងបំពេញតម្រូវការជាក់លាក់របស់ពួកគេ។ ទាំងទិវាបុរស និងទិវានារីអន្តរជាតិ ព្រឹត្តិការណ៍ទាំងនេះអាចត្រូវបានប្រារព្ធធ្វើឡើងដោយបុរសនិងស្ត្រីដែលមានបំណងលើកកម្ពស់ការយល់ដឹងនិងរួមចំណែកដល់សុខុមាលភាពរួម សមភាពយេនឌ័រ ការអភិវឌ្ឍ ព្រមទាំងអប់រំប្រជាជនឱ្យយល់ដឹងកាន់តែទូលំទូលាយអំពីបញ្ហានេះ៕