៧ ចំណុចលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារនិងក្មេងស្រីឱ្យមានសុវត្ថិភាព

ភ្នំពេញ៖ យុទ្ធនាការលើកកម្ពស់សុវត្ថិភាពមនុស្សវ័យជំទង់ ជាពិសេសក្មេងស្រីលើប្រព័ន្ធអ៊ីនធឺណិតក្នុងអំឡុងពេលកូវីដ-១៩ រៀបចំដោយក្រសួងកិច្ចការនារី សហការណ៍ជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធនានាបានបង្ហាញវិធានការប្រាំពីរចំណុចលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារនិងស្ត្រីឱ្យមានសុវត្ថិភាព។

ចំណុចសំខាន់ទាំងប្រាំពីរនៃវិធានការលើកកម្ពស់សុវត្ថិភាពការប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ក្មេងស្រីនេះ ការអប់រំកុមារខ្លួនឯងផ្ទាល់ឱ្យ​ស្មារតីខ្លួនឯងក្នុងការប្រើប្រាស់អ៊ីនធឺណិត និងចែករំលែកអ្វីដែលមិនធ្វើឱ្យខ្លួនឯងគ្រោះថ្នាក់។ ឪពុកម្ដាយគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀននិងផ្សព្វផ្សាយឱ្យកូនៗនិងក្មេងស្រីចេះប្រើប្រាស់អ៊ីនធឺណិតនិងមានសុវត្ថិភាព។ សង្គមស៊ីវិលគួរចូលរួមជួយក្នុងការបង្កើតកម្មវិធីជាមួយរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយពីការការពារសុវត្ថិ​ភាពកុមារនិងស្រ្តីពីការប្រើប្រាស់អ៊ីនធឺណិត។

ទន្ទឹមគ្នានេះដែរ ភាគីពាក់ព័ន្ធត្រូវសហការណ៍ជាមួយវិស័យឯកជនដែលផ្គត់ផ្គង់បណ្ដាញអ៊ីនធឺណិតឱ្យបិទគេហទំព័រ ឬ Website ណាដែលបង្ហាញឬចែករំលែ​ក​វីដេអូនិងរូបភាពអាសអាភាស ព្រមទាំងមានគោលការណ៍អនុញ្ញាតឱ្យប្រើប្រាស់ត្រឹមត្រូវ។ សង្គមត្រូវលុបបំបាត់ការរើសអើងលើកុមារនិងស្ត្រីទាំងនៅក្រៅនិងនៅ​ក្នុង​អ៊ីន​ធឺណិត និងជួយគ្នាការពារសិទ្ធិកុមារនិងស្រ្តី។ ចំណែកយុវជនគ្រប់រូបគួរតែចូលរួមធ្វើជាសារខ្លីៗក្នុងការជួយដល់កុមារនិងស្ត្រីនានាដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត។

បន្ថែមពីលើនេះការស៊ើបអង្កេតផ្សេងៗជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់ក្មេងស្រីឱ្យមានសុវត្ថិភាព ដោយស្ថាប័នពាក់ព័ន្ធ ស្ថាប័នមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ត្រូវពង្រឹងការតាមដាននិងចាត់វិធានការចំពោះជនដែលចែកចាយឬផ្សព្វផ្សាយនូវវីដេអូឬព័ត៌មានដែលផ្ដល់ផលរំខានដល់កុមារនិងស្រ្តី។

លោក យី គីមថាន អនុប្រធានប្រចាំប្រទេសនៃអង្គការ Plan Cambodia បានលើកឡើងថា អង្គការ Plan  Cambodia មានទស្សនៈអប់រំកុមារឱ្យស្គាល់ថាអ្វីជាផលវិបាក ឬហានិភ័យក្នុងការប្រើប្រាស់អ៊ីនធឺណិតតាមរយៈ Facebook, Line, Instagram, YouTube ដែលពួកគេមិនគួរផ្ដល់ព័ត៌មានពិតផ្ទាល់ខ្លួនទៅក្នុងបណ្ដាញទាំងនោះ ដូចជាការបង្ហាញលេខទូរស័ព្ទ ទីលំនៅពិតប្រាកដ បង្ហាញសកម្មភាពនានាគ្រប់ពេល កន្លែងស្នាក់នៅ សាលារៀនដែលកំពុងសិក្សាជាដើម​។

លោកស្រី ចាន់ កញ្ញា អ្នកគាំពារកុមារនៅ UNICEF Cambodia ក៏មានប្រសាសន៍ដែរថា ឪពុកម្ដាយនិងសាធារណជនទាំងអស់ត្រូវតែចូលរួមគ្នាដើម្បីលើកកម្ពស់​សុវត្ថិភាពកុមារ មនុស្សវ័យជំទង់ ជាពិសេសក្មេងស្រីលើប្រព័ន្ធអ៊ីនធើណិតក្នុងអំឡុងពេលកូវីដ-១៩ ព្រមទាំងធានានិងការពារសុវត្ថិភាពកុមារក្នុងពេលប្រើប្រាស់អ៊ីនធឺណិត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ក្រសួងកិច្ចការនារី បានដឹកនាំរៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពមនុស្សវ័យជំទង់ ជាពិសេសក្មេងស្រីលើប្រព័ន្ធអ៊ីនធឺណិតនៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ប្រព្រឹត្តទៅជាសាធារណៈតាមប្រព័ន្ធអនឡាញ។