ភ្នំពេញ៖ នៅក្នុងផ្នែកសំខាន់ៗទាំងអស់នៃការរៀបចំជីវិតឱ្យល្អប្រសើរ ការគ្រប់គ្រងលុយកាក់ ឬការគ្រប់គ្រហិរញ្ញវត្ថុជាផ្នែកមួយដែលមិនអាចខ្វះបាន។ ចំណេះដឹងហិរញ្ញវត្ថុត្រូវមានគ្រប់វ័យ សូម្បីស្ថិតនៅក្នុងវ័យកុមារភាព។ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កុមារកម្ពុជាគួរតែអប់រំឱ្យបានល្អលើការគ្រប់គ្រងហិរញ្ញវត្ថុ ដោយសារចំណេះដឹងហិរញ្ញវត្ថុនឹងជួយឱ្យអនាគតពួកគេកាន់តែប្រសើរនៅពេលធំឡើង។
លោកជំទាវ ជា សិរី មានប្រសាសន៍ថា ព្រោះកាលណាកុមារមានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ពួកគេអាចនឹងមានជីវភាពល្អប្រសើរនៅពេលពួកគេធំឡើង។ កន្លងមកអាណាព្យាបាលមួយចំនួនហាក់មិនចង់ឱ្យកូនយល់ដឹង ឬស្វែងយល់ផ្នែកលុយកាក់នោះទេ ព្រោះពួកគាត់គិតថា កុមារជាវ័យដែលគួរគិតគូរលើការរៀនសូត្រច្រើនជាងវ័យដែលត្រូវគិតពីរឿងលុយកាក់។ ការគិតនេះហាក់មិនគ្រប់ជ្រុងជ្រោយនោះទេ។
“តាមពិតទៅកុមារគួរតែស្វែងយល់ និងទទួលបានឱកាសយល់ដឹងពីហិរញ្ញវត្ថុ ដើម្បីពួកគេមានលទ្ធភាពគ្រប់គ្រាន់សម្រាប់អភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមនុស្សដែលចេះគ្រប់គ្រងលុយកាក់បានល្អនៅថ្ងៃអនាគត”។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា
លោកជំទាវបានបន្ថែមទៀតថា ប្រសិនបើអាណាព្យាបាលមិនព្រមព្យាយាមឱ្យកូនសិក្សាពីហិរញ្ញវត្ថុ ឬរៀនពីការគ្រប់គ្រងលុយកាក់ឱ្យបានល្អទេ ក្មេងៗអាចនឹងក្លាយជាមនុស្សដែលលំបាកកែប្រែនៅថ្ងៃក្រោយ។ ប្រសិនបើកុមារមិនចេះទម្លាប់ខ្លួនសន្សំលុយកាក់ និងមិនដឹងពីហេតុផលនៃការគ្រប់គ្រងលុយឱ្យបានល្អ ពួកគេនឹងក្លាយជាមនុស្សដែលខ្ជះខ្ជាយ ហើយងាយនឹងប្រឈមជាមួយនឹងភាពក្រីក្រនៅពេលពួកគេធំឡើង។
“ប្រសិនបើកុមារតូចៗបានយល់ដឹងពីតម្លៃនៃការគ្រប់គ្រងហិរញ្ញវត្ថុ គេអាចនឹងបណ្តុះទម្លាប់តូចៗ និងងាយៗបន្តិចម្តងៗរហូតដល់ពួកគេក្លាយជាមនុស្សឆ្លាតវៃផ្នែកចាត់ចែងលុយកាក់នៅពេលពួកគេធំឡើង”។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា
លោកជំទាវ ជា សិរី បានបន្ថែមទៀតថា កុមារដែលមានទម្លាប់ល្អផ្នែកហិរញ្ញវត្ថុច្រើនតែជាក្មេងដែលយល់ពីទុក្ខលំបាករបស់អាណាព្យាបាល ហើយមិនសូវឱ្យឪពុកម្តាយបារម្ភរឿងលុយកាក់នោះទេ។ កុមារអាចក្លាយជាមនុស្សដែលចេះសន្សំសំចៃ និងចេះរក្សាលុយបម្រុងដើម្បីប្រើប្រាស់ ឬបំពេញក្តីស្រមៃនានារបស់ខ្លួនថែមទៀតផង។ កុមារទាំងអស់នោះអាចនឹងក្លាយជាមនុស្សមានភាពនឹងនរ មិនសម្ភារៈនិយម និងចេះបែងចែកយ៉ាងច្បាស់លាស់ពីតម្រូវការ និងចំណង់បានយ៉ាងល្អ។ ឥទ្ធិពលនេះ កុមារអាចក្លាយជាមនុស្សម្នាក់ដែលចេះបត់បែនខ្ពស់ ចេះយល់កាលៈទេសៈ និងសិក្សាពីហានិភ័យផ្នែកហិរញ្ញវត្ថុបានល្អនៅពេលពួកគេមានអាជីព ឬមុខរបរនៅថ្ងៃអនាគត៕
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។