ការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមិនទាន់មានប្រសិទ្ធិភាពពេញលេញនៅកម្ពុជា

ភ្នំពេញ៖ នៅកម្ពុជាច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣កន្លងទៅ។ ច្បាប់នេះមានប្រាំមួយជំពូក និង ៦៧មាត្រា ស្តីពីសិទិ្ធរបស់អ្នកនិពន្ធ សិទ្ធិប្រហាក់ប្រហែល និងទោសទណ្ឌផ្សេងៗទៅលើទិដ្ឋភាពកម្មសិទ្ធិបញ្ញានៅក្នុងសង្គម។ ច្បាប់នេះបង្កើតឡើងក្នុងគោលបំណងធានាដល់​ការគោរពសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផលវប្បធម៌ជាស្នាដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរផ្សាយសម្តៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។

ទោះបីកម្ពុជាមានច្បាប់នេះក៏ពិតមែន ប៉ុន្តែទិដ្ឋភាពលួចចម្លងស្នាដៃគ្នា និងការលួចចែកចាយស្នាដៃដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមស្ថិតនៅក្នុងទម្រង់ស្រពិចស្រពិលនៅឡើយ ហើយថែមទាំងជាកង្វល់ដ៏ធំរបស់សម្មិករ។ ​

អ្នកស្រី ម៉ៅ សំណាង មានបទពិសោធន៍តែងនិពន្ធតាំងពីឆ្នាំ១៩៨០ ធ្លាប់បានត្រូវជនខិលខូចលួចចម្លងស្នាដៃរបស់ខ្លួននោះមានប្រសាសន៍ថា ទោះបីមានច្បា​ប់​ការពារស្នាដៃអ្នកនិពន្ធពិតមែន ប៉ុន្តែអ្នកស្រីមិនប្រាកដថាស្នាដៃដែលបោះពុម្ពចេញទៅត្រូវបានគេគោរពតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល​។

“ពេលដែលគេលួចយកស្នាដៃរបស់ខ្ញុំទៅផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណែត ខ្ញុំមិនបានដឹងផ្ទាល់នោះទេ តែសិស្សរបស់ខ្ញុំប្រាប់ ពេលនោះពួកគេចង់ឱ្យខ្ញុំប្ដឹង បើមិនដូច្នេះទេអ្នកគ្រូលក់សៀវភៅមិនដាច់ឡើយ”

អ្នកស្រី ម៉ៅ សំណាង អ្នកនិពន្ធ

ទង្វើលួចចម្លងស្នាដៃប្រលោមលោកដោយគ្មានការអនុញ្ញាតនេះ អ្នកស្រី ម៉ៅ សំណាង បានផ្អាកការងារតែងនិពន្ធរយៈពេលជិតដប់​ឆ្នាំ ខណៈអ្នកស្រីគ្មានចេ​ត​នា​ប្តឹងអ្នកលួចចម្លង ដោយយល់ថាស្មុគស្មាញ ចំណាយប្រាក់ច្រើន និងមិនចង់ឃើញអ្នកប្រព្រឹត្តល្មើសឈឺចាប់ព្រោះកំហុសគ្មានវិជ្ជាជីវៈ។

អ្នកស្រី ម៉ៅ សំណាង បានបន្តយ៉ាងខ្លីថា អ្នកធ្វើការងារក្នុងវិស័យតែងនិពន្ធគួរគិតដល់តម្លៃស្នាដៃបង្កើតថ្មី ឬការខិតខំរបស់អ្នកផលិតផ្សេងៗ កុំបន្តគំនិតលួចចម្លងគ្នា ចំណែកការប្តឹង​ផ្តល់គ្នា​មិនមែនជារឿងងាយស្រួលនោះទេ។ 

មិនខុសពីអ្នកនិពន្ធខាងលើអ្នកស្រី សូ ភីណា សហស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ភផ្សាយ កម្ពុមេរា បានប្រាប់ AMS ដែរថា នៅកម្ពុជាការចែករំលែកស្នាដៃគ្នា​ដោ​យ​គ្មានការអនុញ្ញាតពីអ្នកនិពន្ធមិនមែនជារឿងត្រឹមត្រូវនោះទេ ពោលបានផ្ទុយពីទិដ្ឋភាពច្បាប់ទាំងស្រុង។ អ្នកស្រីកត់សម្គាល់ឃើញថា បច្ចុប្បន្នការចែកចា​យ​សៀ​វ​ភៅ ការចែកចាយគំនិត និងចែកវីដេអូដែ​ល​​មិនផ្ដល់កម្មសិទ្ធិបញ្ញាដល់អ្នកបង្កើត មិនមែនជាសីលធម៌ក្នុងការចែករំលែកឡើយ ប៉ុន្តែជាសកម្មភាពលួចចម្ល​ង​​ស្នាដៃអ្នកដទៃ ហើយធ្វើ​ឱ្យមនុស្សបាត់បង់គំនិតច្នៃប្រឌិតថ្មី។

អ្នកស្រី សូ ភីណា

“ទិញសៀវភៅពីទីផ្សារមួយក្បាល ហើយយកសៀវភៅនោះមកទៅថតចម្លងចែកចាយបន្តគ្នា នេះមិនមែនហៅថាសីលធម៌ចែករំលែកនោះទេ។ នេះគេហៅថាលួច និងលួចទាំងងងើលដោយគ្នាគិតអីសោះតែម្តង”

អ្នកស្រី សូ ភីណា អ្នកនិពន្ធ

ចំណែកអ្នកនិពន្ធស្រករក្រោយកញ្ញា លឹម ផាន់ណា ធ្លាប់មានអ្នកលួចចម្លងស្នាដៃផ្ទាល់ខ្លួនទៅផ្សព្វផ្សាយជាសាធារណៈ ក៏យល់ឃើញដែរថា កញ្ញាបាត់បង់​កម្លាំងចិត្តបង្កើតស្នាដៃថ្មីនៅពេ​ល​​​ម្ចាស់ស្នាដៃដើមមិនទទួលបានប្រយោជន៍ពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។ កន្លងទៅអ្នកលួចចម្លងស្នាដៃអ្នកដទៃតែងទទួលបានប្រយោជន៍ និងការគាំទ្រពីសា​ធា​រ​ណ​ជ​នច្រើនជាងម្ចាស់ស្នាដៃ។

កញ្ញា លឹម ផាន់ណា យល់ថាទង្វើខាងលើខុសច្បាប់ស្រុង។ ប្រសិនបើនិយាយពីសីលធម៌វិញ សកម្មភាពលួចចម្លងស្នាដៃអ្នកដទៃជារឿងដែលមិនត្រូវធ្វើដាច់ខាត ធ្វើឱ្យមនុស្សខ្ជិល មនុស្សមិនឱ្យតម្លៃដល់គ្នា សីលធម៌សង្គមធ្លាក់ចុះ មនុស្សគ្មានគំនិតផលិតស្នាដៃ ដែលជាហេតុនាំឱ្យសង្គមបាត់បង់ធនធានមនុស្សបង្កើតថ្មី។

កញ្ញា លឹម ផាន់ណា

និយាយពីស្នាដៃតែងនិពន្ធ ឬស្នាដៃបង្កើតថ្មីផ្សេងៗក្នុងការងារផលិតនៅកម្ពុជា ស្នាដៃទាំងនោះត្រូវបានការពារដោយច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែ​លមាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើរតួជាអ្នកសម្របសម្រួល ព្រមទាំងការពារស្នាដៃទាំងឡាយដែលបា​​នចុះបញ្ជីស្រ​ប​ច្បាប់។ ច្បាប់បានកំណត់ថា អ្នកនិពន្ធជាជនទាំងឡាយណាដែលបង្កើតស្នាដៃដោយគំនិតបញ្ញា និងមនោសញ្ចេតនាក្នុងវិស័យបីសំខាន់ៗ រួមមានស្នាដៃ​​វិស័យ​អក្ស​រ​សាស្ត្រ ស្នាដៃវិ​ស័យ​សិល្បៈ និងការបង្កើតស្នាដៃក្នុងវិស័យវិទ្យាសាស្ត្រ។

និយា​យដល់ចំណុចនេះ លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមន៍អ្នកនិពន្ធខ្មែរ មានប្រសាសន៍ថា លោកមិនទាន់មានទំនុកចិត្តទាំងស្រុង​លើដំណើរការអនុវត្តច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅកម្ពុជាឡើយ ដោយសារការផ្សព្វផ្សាយពីខ្លឹមសារច្បាប់ទៅកាន់សាធារណជននៅមានកម្រិត ខណៈជនខិលខូចលួចចម្លងស្នាដៃអ្នកដទៃនៅតែបន្តប្រព្រឹត្តទាំងបំពានគ្មានខ្លាចរអាច្បាប់។

លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ។

“ខ្ញុំនិយាយទៅស្រុកយើងបើពឹងលើការងារផលិតហ្នឹងឱ្យជីវភាពមានបានដូចនៅប្រទេសគេកុំសង្ឃឹម អ្នកនិពន្ធចិញ្ចឹមខ្លួនមិនរស់ទេ ដោយសារតែសម្បូរអ្នកលួចចម្លងគ្នាហ្នឹង ។ រឿងហ្នឹងមិនគួរសោះ ល្មមដល់ពេលនាំគ្នារៀនបង្កើតថ្មីហើយ ឈប់លួចចម្លង និងត្រូវបង្ហាញសកម្មភាពល្អៗទៅកាន់មនុស្សជំនាន់ក្រោយខ្លះផង… ខ្ញុំយល់ថាប្រទេសយើងជឿនលឿនត្រូវអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ទើបស៊ីវិល័យ”

លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធ

កាលពីឆ្នាំ២០១៦ ក្នុងបទសម្ភាសន៍រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយពីច្បាប់​សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល លោក ស៊ឹម សត្តា មន្ត្រីជំនាញផ្នែកនេះមានប្រសាសន៍ថា ចំណុចពិសេសនៃច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់នេះអាចការពារស្នាដៃទាំ​ងឡា​យ​​ណា​ដែលអ្នកនិពន្ធបានបង្កើតឡើង បើទោះបីស្នាដៃទាំង​នោះ​មិ​ន​ទាន់​ចុះ​ប​ញ្ជីយ៉ាងក្តី​។ ការចុះបញ្ជីស្នាដៃនៅក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈជាជម្រើសប្រសើរបំផុត ដែ​ល​អ្នក​និពន្ធគ្រប់រូបគួរធ្វើដើម្បីងាយស្រួលការ​​ពារ​សិទ្ធិ​​អ្នកនិពន្ធ។

គួរបញ្ជាក់ថា មាត្រា៥៧ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានចែងថា បុគ្គលណាដែលទទួលរងគ្រោះ ឬអាចទទួលរងនូវការប៉ះពាល់ដល់សិទិ្ធរបស់ខ្លួនជាអ្នកនិពន្ធក្ដី ឬសិទ្ធិប្រហាក់ប្រហែលក្ដី បុគ្គលនោះមានសិទ្ធិប្ដឹងតុលាការដើម្បីហាមប៉ះពាល់ដល់សិទ្ធិខ្លួន។ ប្រសិនបើទង្វើប៉ះពាល់នោះអាចនឹងកើតមាននៅក្នុងពេលឆាប់ៗខាងមុខ និងបង្គាប់ឱ្យចុងចម្លើយឈប់ធ្វើប៉ះពាល់ដល់សិទ្ធិខ្លួន ហើយប្រសិនបើទង្វើប៉ះពាល់បែបនេះនៅតែបន្តសកម្មភាព ដើមចោទអាចទាមទារឱ្យចុងចម្លើយសងជម្ងឺចិត្ត សងការខូចខាត និងប្រគល់មកវិញនូវវត្ថុតាងមានឧបករណ៍ ឬសម្ភារៈដែលជាប់រឿងហេតុ ព្រមទាំងប្រគល់ទឹកប្រាក់ចំណេញដែលបានមកពីអំពើខុសច្បាប់នោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...