សម្តេចតេជោ ហ៊ុន សែន ៖ រួមគ្នាវិនិយោគលើកុមារ ដើម្បីបង្កើតធនធានមនុស្សឈានទៅសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើកុមារសំដៅដល់ការផ្តល់ការអប់រំសម្រាប់កុមារ មានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចផែនការអភិវឌ្ឍដោយចីរភាព។ ទន្ទឹមគ្នានេះសម្តេចតេជោបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាវិនិយោគ និងផ្តល់ការអប់រំដល់កុមារ ដើម្បីបង្កើតបានជាធនធានសម្រាប់សង្គមជាតិ។ នេះបើតាមសារលិខិតចូលរួមអបអរសាទរខួបលើកទី២៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីកិច្ចប្រឹងប្រែងជាច្រើនរបស់រាជរដ្ឋាភិបាលការគាំពារ និងលើកកម្ពស់សិទ្ធិរបស់កុមារ។ ជាពិសេសសិទ្ធិទទួលបានការអប់រំ ដែលជាធាតុដ៏ចាំបាច់សម្រាប់ផ្តល់នូវចំណេះដឹង និងបង្កើតជាធនធានសម្រាប់សង្គមជាតិ។

“រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា”

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន

ក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាយកចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួនប្រាំចំណុច ដើម្បីធានាដល់ការលើកម្ពស់សិទ្ធិរបស់កុមារ និងធានាថាកុមារទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។

ទីមួយ៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ។ ជាពិសេសកុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់នៃ ការរើសអើង ការផាត់ចេញពីសង្គមនិងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិ ដើមភាគតិច កុមារមានពិការភាព)។

ទីពីរ៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរក្នុង ការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការ ចែករំលែកចំណេះដឹង បទពិសោធស្តីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។

ទីបី៖ សូមលើកទឹកចិត្តដល់កុមារ និងសហគមន៍ ដើម្បីត្រៀមខ្លួន និងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំងជម្នះរាល់ការលំបាកនានា។

ទីបួន៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រ ឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនិងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ ដោយបន្តពង្រឹងសេវាគាំពារនិងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបំណិនជីវិត។

ទីប្រាំ៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្សនិងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញនិងក្រៅ ប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។

ទីប្រាំមួយ៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើក កម្ពស់ការយល់ដឹងនិងផ្លាស់ប្ដូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅក្នុងសហគមន៍ ជា ពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្ដូរសហគមន៍របស់ពួកគេ។

ទីប្រាំពីរ៖ សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី/ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្អួត ការផ្ដល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារនិងសហគមន៍ ជាពិសេសកុមាររងគ្រោះ ដោយឪពុកម្តាយ ទុកចោល កុមារដែលទទួលរងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។

ទីប្រាំបី៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់ កុមារគ្រប់វិស័យ។

ទីប្រាំបួន៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្ត សិទ្ធិកុមារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ៕

សូមជម្រាបថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាគោលដៅទាំងឡាយដែលទាក់ទងនឹងការអភិវឌ្ឍន៍អន្តរជាតិនាពេលអនាគត។ គោលដៅទាំងនេះត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ហើយត្រូវបានផ្សព្វផ្សាយជាគោលដៅសាកលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ចាប់អនុវត្តពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ មានចំណុចអាទិភាពស្នូលសំខាន់ចំនួន១៧ ចំណែកនៅកម្ពុជាមាន១៨ ដោយបូកបន្ថែមសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ចំណុចស្នូលទីបួននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺការអប់រំប្រកបដោយគុណភាព ធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ គ្រប់ជ្រុងជ្រោយ ហើយលើកកម្ពស់ឱកាសសិក្សារៀនសូត្រពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប៕