សាលារៀនលើកកម្ពស់គំរូអហិង្សា

ភ្នំពេញ – ទីនេះជាសាលាបឋសិក្សាចតុមុខ ស្ថិតនៅសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ោងប្រាំមួយព្រឹកជាពេលវេលាដែលសិស្សានុសិស្សចាប់ផ្តើមធ្វើដំណើរចូលទៅថ្នាក់រៀនរបស់ពួកគេ ! ព្រឹកព្រហាមនេះលោក ជី ទិត្យ និងភរិយា បានជូនកូនស្រីពៅរបស់លោកមករៀននៅសាលាបឋមសិក្សាចតុមុខ ដូចសព្វមួយដង ។

កន្លងទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា បានជ្រើសរើសសាលា​បឋម​សិក្សា​ចតុមុខ ដើម្បី​​អនុវត្ត​ការងារ​សុ​ខ​​​​​​ភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ជា​សាលា​គំរូ​មុនគេ​ក្នុង​ឆ្នាំ​សិក្សា២០២១ ។ ​ការដាក់​ឱ្យ​អនុវត្ត​ការងារ​សុ​ខ​ភា​ព​​​សិក្សា​​សំដៅ​ដ​ល់​​សំណុំ​សកម្មភាព​ផ្សេងៗ ​លើក​កម្ពស់​សុខភាព​នៅ​តាម​គ្រឹះស្ថាន​សិក្សា ដែល​ជា​សេចក្តី​​ត្រូវការ​ជា​មូលដ្ឋាន​នៃ​ផ្លូវកា​យ ផ្លូវចិត្ត និង​សង្គម​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ។ ការសិក្សានៅទីនេះ​ត្រូវប្រកាន់ខ្ជាប់វិន័យ សីលធម៌ តា​ម​វិធីសាស្ត្រអប់បែបអហិង្សា ដើម្បីគុណភាពសិក្សារបស់សិស្ស ។

លោក ជី ទិត្យ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ជាឪពុកមានកូនបីនាក់ទទួល​ការ​អប់រំនៅសាលាបឋមសិក្សាចតុមុខនេះ បាននិយាយថា សាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការងារបណ្តុះ​បណ្តា​​លសមត្ថភាពកូនៗរបស់លោក។ ក្នុងចំណោមកូនស្រីប្រុសទាំងបីនាក់ មានពីរនាក់បានបញ្ចប់ការសិក្សានៅ​សា​​លា​បឋមសិក្សានេះ ហើយកូនស្រីពៅ ទិត្យ អច្ឆរ៉ាទេពី អាយុ ៨ឆ្នាំ កំពុងរៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាចតុមុខ ។

លោក ជី ទិត្យ បានបន្តនិយាយថា ៖

“ខ្ញុំជឿជាក់ការអប់រំនៅទីនេះ ក្រៅពីម្តាយឪពុកអប់រំកូនឱ្យល្អ​​ សាលារៀនជាចំណែកមួយផ្តល់ការអប់រំបន្ថែមដល់កូន ហើយខ្ញុំយល់ថាសាលារៀននេះ គ្រូបង្រៀនមិនប្រើហិ​ង្សា​ក្នុងការអប់រំ នោះទេ ពាក្យពេចន៍អប់រំខាន់ណាស់សម្រាប់កុមារ ! កូនខ្ញុំគេមិនត្រូវការសម្តីធ្ងន់ៗ ឬទណ្ឌកម្មពីគ្រូនោះទេ”

មានកូនប្រុសកំពុងសិក្សាថ្នាក់ទី៣ នៃសាលាបឋមសិក្សាចតុមុខដូចគ្នា លោកស្រី ប៉ុល គន្ធកូលាប អាយុ ៣៨ឆ្នាំ ជាបុគ្គលិកធនាគារ បាននិយាយថា ​លោកស្រីទុកចិត្តគ្រូបង្រៀននាពេលបច្ចុប្បន្នមិនប្រើហិង្សាលើកុមារឡើយ ។

លោកស្រី ប៉ុល គន្ធកូលាប បានឱ្យដឹងថា ៖

“លោកគ្រូអ្នកគ្រូប្រាដកជាអប់រំកុមារទៅតាមវិធីសាស្ត្ររបស់គាត់ ហើ​យគ្រូជាមាតាទីពីរនៃសិស្ស… ខ្ញុំជឿជាក់លើការអប់រំដែលសាលារៀនផ្តល់ឱ្យកូន”

ទាក់ទងនឹងការអប់រំកូននៅក្នុងគ្រួសារវិញ លោកស្រី ប៉ុល គន្ធកូលាប បានរៀបរាប់បន្តថា ទង្វើវាយ ឬសំឡុតកូន​មិនមែនជាដំណោះស្រាយបញ្ហាក្នុងគ្រួសារលោក​ស្រីឡើយ សូម្បីតែប្រើពាក្យសម្តីអសុរស ក៏មិនគួរប្រើទៅកាន់​កូនដែរ ។  អ្នកម្តាយរូបនេះ យល់ថា អប់រំកូនដោយប្រើពាក្យពេចន៍ផ្អែមល្ហែម និងកាយវិការទន់ភ្លន់ជាវិធីសាស្ត្រតែមួយគត់ដែលកូនអាចទទួលយកបាន ។

នៅក្នុងពីធី​ដាក់​ឱ្យ​អនុវត្ត​ការងារ​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ជា​សាលា​គំរូ នៅសាលាបឋមសិក្សាចតុមុខកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១​កន្លងទៅ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ​ការអប់រំនៅសាលារៀនផ្តល់ឱ្យសិស្សានុសិស្សនូវវិជ្ជា​សម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ហើយការគិតគួរដល់សុខភាពសិក្សាគ្រប់ជ្រុងជ្រោ​យ​​ជាចំណែកលើកកម្ពស់គុណភាពសិក្សាឱ្យកាន់តែប្រសើរឡើង ។ ផ្តល់ការអប់រំ​ល្អនិងគ្រប់ជ្រុងជ្រោយដល់កុមារ នោះពួកគេនឹងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ​ ។

ម៉ោង ១១ព្រឹកលោក​ស្រី ខុម ស៊ីណាត តែងមកទទួលកូនស្រីចេញពីសាលារៀនជាទម្លាប់ ។ លោកស្រី​បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនទៅ​កាន់សាលាបឋមសិក្សាចតុមុខថា វិធីសាស្ត្របង្រៀននិងផ្តល់ការ​អប់រំកុមារដោយ​មិនប្រើហិង្សាក្នុងសាលាជារឿងដែលលោកស្រីពេញចិត្តបំផុត ព្រោះកូននឹងមិនឃើញរូបភាពហិង្សាតាំងពីកុមារ ។

ទន្ទឹមគ្នានេះ លោក​ស្រី ខុម ស៊ីណាត បានព្រ​ល​យពាក្យមួយឃ្លាថា សាលារៀន​កំពុង​ផ្តល់ការអប់រំល្អដល់កូនរបស់លោកស្រីក៏ពិតមែន ប៉ុន្តែការអប់រំកូនកាន់​​តែល្អប្រសើរ មិនមែនពឹងទាំងស្រុងលើលោកគ្រូអ្នកគ្រូ ឬសាលារៀនតែមួយមុខឡើយ ។ អ្នកម្តាយវ័យ ៤២ឆ្នាំ រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែរូបនេះ ជឿជាក់ថា ទាំងសាលារៀន ទាំងគ្រួសារ អប់រំកូនដោយអហិង្សា នោះលទ្ធសិក្សារបស់កូនក៏ល្អទៅតាមនោះដែរ ។

តើសាលាបឋមសិក្សាចតុមុខពិតបានផ្តល់វិធីសាស្ត្របង្រៀន និងអប់រំកុមារបែបណាអហិង្សាមែនឬទេ? ឆ្លើយនឹង​​សំណួរ​នេះ អ្នកស្រី គុំ គន្ធី គ្រូបង្រៀននៅសាលាបឋមសិក្សាចតុមុខ មានប្រសាសន៍ថា ការអប់រំឥរិយាបថកុមារ​តារយៈពាក្យសម្តីណែនាំមានឥទ្ធិពលវិជ្ជមានខ្លាំងជាងការអប់រំដែលប្រើសកម្មហិង្សា ។ ប្រសិនបើអប់រំដោយប្រើ​សកម្មហិង្សា កុមារនឹងក្លាយជាក្មេងភ័យខ្លាច ឬអាចក្លាយជាមនុស្សឆាប់បាក់ស្បាតពេលជួបបញ្ហាអ្វីមួយ ។

អ្នកស្រី គុំ គន្ធី មានប្រសាសន៍ពីបទពិសោធន៍អប់រំកុមារផ្ទាល់ខ្លួនថា ៖

“នៅពេលដែលកុមារគាត់មានអាកប្បកិរិយាច្រឡើសបើស ឬក៏មានអាកប្បកិរិយាឆ្គាំឆ្គងមិនសមរម្យ ខ្ញុំតែងតែហៅគាត់មកជិតនិងណែនាំថា កូនមិនត្រូវធ្វើអញ្ចឹងនោះទេ ! កូនត្រូវខិតខំរៀនសូត្រ ហើយត្រូវខំស្ដាប់អ្នកគ្រូទើបកូនអាចទទួលបានជោគជ័យ ! ព្យាយា​ម​ប្រាប់​​គាត់​ម្ដងហើយម្ដងទៀតឱ្យគ្រប់បីបង ប្រសិនគាត់មិនព្រមនោះខ្ញុំអញ្ជើញគាត់ឱ្យទៅទីចាត់​ការ ដើម្បីឱ្យ​លោ​កនា​យ​ក​ជួយនិយាយបន្ថែម”

វាពិតជាលំបាកនៅពេលអប់រំកុមារឱ្យស្តាប់បង្គាប់គ្រូក្នុងពេលបង្រៀន ប៉ុន្តែប្រសិនបើកុមារបានទទួលការអប់រំល្អ​ដោយអហិង្សាពីម្តាយឪពុក និងលោកគ្រូអ្នកគ្រូរបស់គេ នោះកុមារនឹងមានឥរិយាបថ្លៃថ្នូរ ស្តាប់ចេះបង្គាប់ ព្រ​ម​ទាំងយល់ច្បាស់ពីចេតនារបស់អ្នកអប់រំពួកគេ ។

តាមរបាយការណ៍អង្កេតរបស់យូនីសែហ្វអំពីអំពើហិង្សាលើកុមារ ឆ្នាំ២០១៣ បានបង្ហាញថា កុមារច្រើនជាង ៧៥ % (​ ២៥៦០ នាក់បានសម្ភាស) ធ្លាប់​ទទួលរងទម្រង់មួយនៃអំពើហិង្សាមុនពេលពួកគេមានអាយុ ១៨ឆ្នាំ ។ អំពើ​ហិ​ង្សា​​លើរូបរាងកាយកើតលើកុមារញឹកញាប់បំផុត ក្នុងនោះកុមារជាង ៥០% ទទួលរងអំពើហិង្សាផ្លូវកាយ ហើយ​ក្នុ​ង​ចំណោមកុមារ ៤នាក់មានកុមារម្នាក់ប្រាប់ថា ធ្លាប់រងអំពើហិង្សាផ្លូវចិត្ត ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ទម្រង់អំពើហិង្សាផ្លូវកាយ និងផ្លូវចិត្តកើតឡើងលើកុមារកម្ពុជាច្រើនជា​ង​គេ ដូចជាទណ្ឌកម្មដោយវាយដំ និងសកម្មភាពធ្វើឱ្យកុមាររងភាពអាម៉ាស់សម្រាប់វិធីសាស្រ្តអប់រំកុមារជាដើម ។

កន្ល​ងទៅគ្រូបង្រៀន និងអាណាព្យាបាលតែងធ្វើទណ្ឌកម្មដោយវាយ និងធ្វើឱ្យកុមារអាម៉ាស់ ដែលទង្វើនេះភាគច្រើ​​​​ន​មហាជនទទួលយកបាន និងគិតថាមានប្រសិទ្ធភាពក្នុងការអប់រំ ព្រមទាំងកែប្រែកំហុសរបស់កុមារ ។ មានភស្តុ​​តាងបង្ហាញថា ការអនុវត្តបែបនេះជាទម្រង់អំពើហិង្សាមួយមានផលអវិជ្ជមានចំពោះកុមារ ។ នេះបើ​តា​មរបាយការណ៍ខាងលើដដែល ។

សម្រាប់លោក ​សូ ធី នាយក​សា​លា​បឋម​សិក្សា​ចតុមុខ យល់ថា វិធីសាស្ត្រអប់រំកុមារបែបហិង្សាមិនអាចអនុវត្តន៍​នៅសាលារៀនបានដូចពេលមុនៗឡើយ ព្រមទាំងចាត់ទុកជាសកម្មភាពអប់រំកុមារដោយឆ្គាំឆ្គងបំផុត ។ លោកបាន​បន្តថា ការអប់រំនៅសាលាបឋមសិក្សាចតុមុខកុមារទាំងអស់នឹងក្លាយជាមនុស្សមានវិន័យ សីលធម៌ និងសណ្តាប់ធ្នាប់ជាចម្បង ។ ការអប់រំកុមារឱ្យមានវិន័យ មិនមែនបង្ខំឬប្រព្រឹត្តហិង្សាឱ្យកុមារធ្វើតាមនោះទេ មធ្យោបាយល្អ​បំ​ផុតលោកគ្រូអ្នកគ្រូត្រូវអប់រំកុមារតាមបែបគំរូអហិង្សា ។

លោក ​សូ ធី នាយក​សា​លា​បឋម​សិក្សា​ចតុមុខ បានបញ្ជាក់ថា ៖

“ជាទូទៅបើយើងនិយាយពីន័យគឺជាការចាប់បង្ខំក៏​ប៉ុន្តែបើយើងនិយាយពីការអនុវត្តនៅទីនេះគឺជា​វិន័យបែបវិជ្ជមាន ! មានន័យថា យើងបង្ខំឱ្យគាត់មកដល់​សាលា នៅ​ម៉ោ​ងប្រាំពីរព្រឹក អញ្ចឹងគាត់ត្រូវមកដល់​មុន​ម៉ោងប្រាំពីរ ហើយ​លោកគ្រូអ្នកគ្រូត្រូវពន្យល់ហេតុផល បើគេចូ​ល​រៀនម៉ោងប្រាំពីរហើយគាត់មកម៉ោងប្រាំពីរកន្លះ តើគាត់ត្រូវខាតអ្វីខ្លះ ! អញ្ចឹងក៏ដូចជាសម្លៀក​បំពាក់ថាហេតុអី្វ​បា​នជាសាលាតម្រូវឱ្យស្លៀកពាក់អាវស ខោខៀវសំពត់ខៀវទាំងអស់គ្នា ព្រោះ​វាបាន​បង្ហាញពី​ភាពស្មើ គ្មាន​អ្នកមា​ន​គ្មានអ្នកក្រ គឺគាត់ចូលមកទីនេះនេះគឺស្មើភាពគ្នា ។ ដូច្នេះយើងព្យាយាមពន្យល់ហេតុផលគាត់ឱ្យច្បាស់ជាជា​ង​ចា​ប់​បង្ខំ​ឱ្យ​គា​ត់ធ្វើទាំងមិនដឹងពីផលដែលគាត់ត្រូវទទួល​”

ឆ្នាំសិក្សា ២០២០ – ២០២១ សាលាបឋមសិក្សាចតុមុខ មានបុគ្គលិកសិក្សាសរុបចំនួន ៥៦នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ និងមានសិស្សសរុបចំនួន ១,៥៣៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន ៧៧១នាក់ ។ កាលពីឆ្នាំ ២០១៧ សាលាបឋមសិក្សាចតុមុខ ធ្លាប់ទទួលបានចំណាត់ថ្នាក់សាលារៀនល្អទូទាំងប្រទេសលេខ២ និងទទួលបានចំណាត់ថ្នាក់លេខ២ ស្តីពីនាយកសាលាដឹកនាំល្អ កាលពីឆ្នាំ២០១៨ ។ នៅឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាសថា​សាលា​បឋមសិក្សា​ចតុមុខ​ជា​សាលា​គំរូក្នុង​ការអនុវត្ត​សកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ ព្រមទាំងស្នើសុំ​ឱ្យ​គ្រប់​ខេត្ដ​ទាំងអស់ បង្កើត​សាលា​គំរូ​បែបនេះ ​។

ជុំវិញការងារលើកកម្ពស់គំរូអហិង្សាផ្តើមចេញពីសាលារៀន លោក ​សូ ធី នាយក​សា​លា​បឋម​សិក្សា​ចតុមុខ មាន​ប្រសាសន៍ឱ្យដឹងទៀតថា គ្រូបង្រៀនជាអ្នកចាប់ផ្តើមអនុវត្តន៍គំរូអហិង្សាមុនគេបង្អស់ ។

“បើសិនជាយើងគិតមិនបានគិត​ដិតដល់ បណ្ដាលឱ្យកំហឹងរបស់យើងធ្វើទៅលើអ្នកដទៃ ដំបូងវាជាកំហុសធំមួយស​ម្រា​​ប់​ខ្លួនឯង ហើយខ្លួនឯងនឹងមានវិប្បដិសារី ទីពីរវានឹងបង្កផលលំបាកដល់កូនសិស្ស សិស្សនឹងភ័យខ្លាច បា​ក់​​ស្បាត មិនហ៊ានឆ្លើយជាមួយគ្រូ ពេលជួបមុខគ្រូគេចមុខ នេះជាកំហុសធ្ងន់បំផុត​របស់លោកគ្រូអ្នកគ្រូ ! អញ្ចឹងរាល់ពាក្យសម្តីរបស់គ្រូដាច់ខាតមិនត្រូវប្រើអំពើហិង្សាទាំងកាយ វាចា និងចិត្ត ហើយ​លោកគ្រូអ្នកគ្រូជាគំរូមុនគេ”

ប្រសាសន៍​របស់លោក ​សូ ធី នាយក​សា​លា​បឋម​សិក្សា​ចតុមុខ

សាលា​បឋមសិក្សា​ចតុមុខ មានទីតាំងនៅខាងក្រោយព្រះបរមរាជរាំង ។ ម៉ោង ១រសៀលក្រុមការងារ AMS បានជួបលោក កែវ ជាលី នៅក្នុងបរិវេណសាលា​បឋមសិក្សានេះ​ ។ លោក កែវ ជាលី អាយុ ៦៦ឆ្នាំ ជាគណៈកម្មការគ្រប់​គ្រងសាលា​បឋមសិក្សា​ចតុមុខ មានប្រសាសន៍ថា គំរូអហិង្សាក្នុងការអប់រំសំខាន់សម្រាប់ការលូតលាស់​ខួរក្បា​ល និងការចង​ចាំរបស់​កុមារ ។

គណៈកម្មការគ្រប់​គ្រងសាលា ដែលដើរតួនាទីជាចូលរួមធ្វើសេចក្តីសម្រេចចិត្តផ្សេងៗក្នុងសាលាបឋមសិក្សាចតុមុខ មានប្រសាសន៍ថា ៖

“ជាយោបល់របស់ខ្ញុំដែលធ្លាប់អប់រំកូនកន្លងមក ខ្ញុំឃើញថាការអប់រំតាមបែបហឹង្សាគឺបានផលដែរ ក៏ប៉ុន្តែបានផ​ល​​តិចមួយភ្លែតក៏បាត់ទៅវិញ ។ បាទ ! អាហ្នឹងគឺធ្វើឱ្យកុមារបាត់បង់ភាពជឿនលឿន ហើ​យធ្វើឱ្យកុមារដក់ជាប់អារម្មណ៍មួយគឺហិង្សា តាមរយៈពាក្យសម្តីគម្រាមកំហែង ឬវាយដំ ។ អញ្ចឹងកុមារបែកអា​រម្ម​​ណ៍​អត់មានអារម្មណ៍មូល​ក្នុងការសិក្សាទេ លទ្ធផលសិក្សារបស់ក្មេងក៏មិនល្អដែរ ផ្ទុយទៅវិញកុមារខ្លះអត់ក្លាហាន​ ដក់ជាប់ !អារម្មណ៍មួយនេះ​ភ័យខ្លាចជារៀងរហូត”

មានប្រសាសន៍ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកស្រី ហៃ វណ្ណា ប្រធានភូមិ១០ នៃសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ និងគណៈកម្មការគ្រប់​គ្រងសាលា​បឋមសិក្សា​ចតុមុខ បានឱ្យដឹងថា សាលាបឋមសិក្សាចតុមុខមានគោលការណ៍អប់​រំ​កុមារបែបអហិង្សាជាយូរណាស់មកហើយ ចាប់តាំងពីកូនប្រុសស្រីរបស់លោកស្រីសិក្សានៅទីនេះ រហូតមកទល់ពេលនេះលោកស្រីមានចៅកំពុងសិក្សានៅសាលាបឋមសិក្សាចតុមុខ ។

លោកស្រី ហៃ វណ្ណា បាននិយាយថា ៖

“កូនខ្ញុំរៀននៅបឋមសិក្សាចតុមុខនេះតាំងពីតូច ដល់ឥឡូវពួកគាត់មានកូនបន្តទៀត ខ្ញុំឃើញថាការអប់រំនៅទីនេះធ្វើបានល្អ កូនសិស្សចេញទៅក៏ល្អ ហើយលោកគ្រូអ្នកគ្រូក៏មិនមានប្រើអំ​ពើ​ហិង្សាអ្វីមកលើក្មេងៗដែរ ។ គាត់ (គ្រូបង្រៀន) អប់រំបានល្អ ជាពិសេសកុមារតូចគាត់តែងតែលួងលោម គាត់ច្រើនប្រើសម្ដីផ្អែ​ម​ល្ហែមនិយាយទៅសិស្ស មិនសូវសម្លុ​ត​គំរាមក្មេងទេឥឡូវនេះ គាត់ធ្វើបានល្អច្រើនមែនទែន”

ក្រៅពីនិយាយពីប្រវត្តិរឿងរ៉ាវអប់រំរបស់សាលាចតុមុខ លោកស្រី ហៃ វណ្ណា បានលើកឡើងពីបទពិសោធន៍អប់រំកូននៅក្នុងគ្រួសាររបស់លោកស្រីដែរថា ក្មេងល្អកើតចេញពីការអប់រំល្អផ្តើមចេញពីម្តាយឪពុកមុនដំបូងបំផុត ។

“អប់រំក្មេងឱ្យល្អសំខាន់ឪពុកម្ដាយជាបុគ្គលទីមួយ ហើយ​លោកគ្រូអ្នកគ្រូជាឪពុកម្ដាយទីពីរ ដែលជួយអប់រំកូនចៅ​ឱ្យ​បានល្អដែរ ប៉ុន្តែយើងជាឪពុកម្ដាយសំខាន់ខ្លាំងណាស់ដោយសារឪពុកម្ដាយនៅស្ថិតស្ថេរជាមួយកូន ចំណែក គ្រូប្រៀននៅជាមួយកូនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។ កូននៅជាមួយឪពុកម្ដាយគឺច្រើនម៉ោងជាង អញ្ចឹងតាំងពីជីវភាពរស់នៅ ជាពិសេសគំរូឪពុកម្ដាយសម្រាប់កូនចៅសំខាន់ខ្លាំងណាស់ ! បើឪពុកម្ដាយគំរូល្អកូនធំធាត់ទៅក៏ក្លាយជាក្មេងល្អ សិស្សល្អ ហើយក៏ក្លាយជាឪពុកម្ដាយល្អបន្តទៀតដែរ”

នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ហៃ វណ្ណា ប្រធានភូមិ១០ នៃសង្កាត់ចតុមុខ

សូមជម្រាបថា កាលពីឆ្នាំ២០១៦ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡាបានកសាងគោលនយោបាយស្តីពីកិច្ចការពារកុមារនៅសាលារៀននេះ សំដៅធានាឱ្យកុមារគ្រប់រូបទទួលបាននូវការការពារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងទទួលបានបរិយាកាសរៀនសូត្រមួយប្រកបដោយសមធម៌ និងសុវត្ថិភាព ។

គោលនយោបាយនេះគាំទ្រដល់សិទ្ធិទទួលបានការអប់រំរបស់កុមារគ្រប់រូប ដោយពុំមានផលប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តអ្វីឡើយ ។ កុមារនឹងទទួលបានការការពារពីទង្វើទាំងឡាយដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ឱ​កា​ស​ទទួលបានការអប់រំ សុខភាព និងសុខុមាលភាពរបស់ពួកគេ ។ សាលារៀន និងសហគមន៍ត្រូវមានការគាំទ្រ និ​​​ង​លើក​ទឹកចិត្តឱ្យធ្វើការងារជាមួយគ្នា ដោយសហការជាមួយគ្រប់អ្នកពាក់ព័ន្ធដើម្បីកសាងនូវប្រព័ន្ធការពារកុមា​រ​​​មួ​យ​ប្រកប​​ដោយ​ប្រសិទ្ធភាពខ្ពស់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...