លោកស្រី សរ ម៉ុន្ថា៖ ចំណងជិតស្និទ្ធរវាងម្ដាយឪពុកនិងកូនជាការអប់រំសំខាន់ក្នុងគ្រួសារ

ភាពស្និទ្ធស្នាលរវាងឪពុកម្ដាយនិងកុមារជាសកម្មភាពអប់រំវិជ្ជមានមិនអាចខ្វះបាននៅក្នុងគ្រួសារ។ ឪពុកម្តាយដើរតួនាទីសំខាន់បំផុតដើម្បីបំផុសនិងជំរុញគុណភាពជីវិតកូនឱ្យបានល្អតាមរយៈចំណងស្និទ្ធស្នាលនេះ។ ទន្ទឹមគ្នានេះ លោកស្រី សរ ម៉ុន្ថា នាយិកាសាលាស៊ីជីដាកម្ពុជា បានបញ្ជាក់បន្ថែមថា មានហេតុផលប្រាំចំណុចជួយឱ្យឪពុកម្តាយបង្កើនចំណងជិតស្និទ្ធជាមួយកូនឱ្យកាន់តែប្រសើរ និងបង្កើនសេចក្តីសុខសុភមង្គលនៅក្នុងគ្រួសារ។

១.​​​ បង្កើនភាពតែមួយរវាងឪពុកម្ដាយនិងកូនឱ្យកាន់តែរឹងមាំ៖ នៅពេលដែលកុមារជឿទុកចិត្តលើក្ដីស្រឡាញ់របស់ឪពុកម្ដាយចំពោះរូបគេ នោះកុមារនឹងអាចចែករំលែកអារម្មណ៍រីករាយ អារម្មណ៍ចេះស្រលាញ់ខ្លួនឯង ចេះយកចិត្តទុកដាក់អ្នកជុំវិញខ្លួន និងកុមាររស់នៅគំនិតវិជ្ជមាន ឬក្លាយជាមនុស្សសុទិដ្ឋិនិយម។

. ឪពុកម្ដាយជាបុគ្គលបង្កើនទំនុកចិត្តដល់កូន៖ កូនៗនឹងក្លាយជាមនុស្សមានទំនុកចិត្តខ្ពស់ក្នុងកិច្ចការអ្វីមួយ មានភាពម្ចាស់ការក្នុងសម្រេចចិត្តរឿងតូចធំ មាន​ការតស៊ូព្យាយាម និងចេះដោះស្រាយបញ្ហាប្រឈមនានាដោយជំនឿចិត្តខ្ពស់។

៣. កុមារក្លាយជាក្មេងដឹងគុណតាមរយៈភាពជាគំរូរបស់ឪពុកម្ដាយ៖ នៅពេលដែលកុមារបានទទួលភាពកក់ក្ដៅ ក្ដីស្រឡាញ់ពេញលេញ នោះកុមារនឹងក្លាយជាកុមារដែលពោពេញដោយក្ដីស្រឡាញ់ ហើយអាចចែករំលែកក្ដីស្រឡាញ់ទៅមនុស្សជុំវិញខ្លួន។ ម៉្យាងវិញទៀត កុមារដែលចិញ្ចឹមដោយក្ដីស្រឡាញ់ មានការលើកទឹកពីឪពុកម្ដាយ នឹងក្លាយកុមារដែលមានភាពវ័យឆ្លាត រហ័សរហួន និងស្ដាប់បង្គាប់ល្អ។

៤. ភាពជិតស្នឹទ្ធរបស់ឪពុកម្ដាយជួយបង្កើនសមត្ថភាពខួរក្បាល៖ ភាពស្និទ្ធស្នាល និងភាពកក់ក្តៅបានជំរុញនូវការភ្ញោចប្រព័ន្ធប្រសាទខួរក្បាលផ្នែកខាងស្តាំ ដែលធ្វើឱ្យក្មេងមានភាពវៃឆ្លាត ពិសេសភាពវៃឆ្លាតផ្នែកអារម្មណ៍(EQ)។

. បង្កើនទំនាក់ទំនងល្អ និងយល់ពីគ្នាទៅវិញទៅមក៖ នៅពេលដែលឪពុកម្ដាយមានភាពជិតស្និទ្ធជាមួយកូនៗ នោះពួកគេអាចយល់ពីបុគ្គលិកលក្ខណៈ ឬធម្មជាតិពីកំណើតរបស់កូនៗ ថាពួកគេជាកុមារបែបណា មានតម្រូវការអ្វីខ្លះ ស្គាល់នូវភាពខ្លាំងឬខ្សោយរបស់ខ្លួន។ ចំណុចនេះដែរ នៅកូនពេលមានបញ្ហាអ្វីមួយ នោះឪពុកម្ដាយងាយស្រួលឆ្លើយតបទៅពួកគេដោយប្រសិទ្ធិភាព និងតាមបែបវិជ្ជមាន៕