កិច្ចការពារកុមារពីការរំលោភបំពាន ៤ចំណុចដែលមាតាបិតានិងអ្នកថែទាំកុមារត្រូវដឹង

ភ្នំពេញ៖ ការរំលោភបំពានលើកុមារកើតឡើងតាមរូបភាពច្រើនទម្រង់ផ្សេងៗគ្នា មានការរំលោភបំពានលើរាងកាយ ការរំលោភបំពានផ្លូវភេទ ការបង្ខាំងទុកជួញដូរផ្លូវភេទ ទង្វើនាំឱ្យមានគ្រោះថ្នាក់ដល់ផ្លូវចិត្តនិងអារម្មណ៍ អំពើហិង្សាក្នុងគ្រួសារ និងការបោះបង់ចោលកុមារជាដើម។ ក្នុងនាមជាអាណាព្យាបាលកុមារ​ត្រូវ​ដឹ​ង​​ពីរូបភាពទាំងនេះ និងជួយដោះស្រាយបញ្ហារបស់ពួកគេ។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនជំនួយព័ត៌មានដល់ម្តាយឪពុក​បញ្ជៀស​និង​ជួយ​កុមារពី​ការ​រំលោ​​​ភ​បំពានណាមួយ ចុះផ្សាយដោយ Better Health Channel ។

ទី១. រាយការណ៍ពីការរំលោភបំពាន ៖ ប្រសិនបើអ្នកសង្ស័យថាកូនរបស់អ្នកត្រូវបានគេរំលោភពាន ឬរងអំពើហិង្សាណាមួយពីសាលារៀន ឬទីប្រជុំជនផ្សេងៗ អ្នកត្រូវធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។ សមត្ថកិច្ចជំនាញនឹងស៊ើបអង្កេតលើបញ្ហាទាំងនេះ និងចាត់វិធានការបែបណាបន្តតា​ម​ជា​ក់​ស្តែ​ង។ ប្រសិនបើកូនរបស់អ្នកបានដឹងពីករណីរំលោភបំពានផ្សេងៗមកប្រាប់អ្នកមានន័យថា អ្នកអាចជាមនុស្សតែម្នាក់ប៉ុណ្ណោះដែលមានតួនាទីក្នុងការរាយការ​ណ៍ ហើយការឆ្លើយតបរបស់អ្នករឹតតែសំខាន់ក្នុងកិច្ចការពារសុវត្ថិភាពកុមារ។

ទី២. ស្វែងយល់ថាអ្វីទៅជាការរំលោភបំពានកុមារ ៖ ការរំលោភបំពានលើកុមារជាសកម្មភាពរំលោភបំពានផ្លូវកាយ ការរំលោភបំពានផ្លូវភេទ ការបង្ខាំងទុកជួញដូរផ្លូវភេទ ធ្វើឱ្យមានគ្រោះថ្នាក់ដល់ផ្លូវចិត្តនិងអារម្មណ៍កុមារ អំពើហិង្សាក្នុងគ្រួសារ និងការបោះបង់ចោលកុមារ។ ទង្វើមិនប៉ះពាល់ដល់រាងកាយ ឬប្រើកម្លាំងក៏ចាត់ទុកជា​ការរំលោភបំពានលើកុមារដែរ។

ឪពុកម្តាយអាចដឹងបានថាកុមារម្នាក់ទទួលរងការរំលោភបំពានតាមរយៈកាយវិការដូចជា ការផ្លាស់ប្ដូរអាប្បកិរិយា (ការនិយាយស្ដី ប្រាជ្ញាអន់ថយ រវ៉ើរវាយ) សញ្ញាបង្ហាញនៅលើរាងកាយមានការរំលោភបំពាន (ស្នាមជាំដែលមិនអាចពន្យល់ប្រាប់បាន ស្នាមវាយ និងសញ្ញាជាច្រើនទៀត) ទំនាក់ទំនងមិនសមទំនង​រវាងមនុស្សធំ និងកុមារ (ការប៉ះពាល់រាងកាយដោយមិនសមរម្យ ការឱ្យរង្វាន់ដែលគ្មានមូលហេតុ ឬទាក់ទងតាមបណ្ដាញសង្គមផ្សេងៗ) ។

ទី៣. តួនាទីរបស់សាលារៀន ​៖ គ្រប់បុគ្គលិកអប់រំនៅក្នុងសាលារៀនមានកាតព្វកិច្ចការពារនិងឆ្លើយតបទៅនឹងគ្រោះថ្នាក់ ឬមន្ទិលសង្ស័យផ្សេងៗលើការរំលោ​ភ​បំ​ពានផ្សេងៗលើកុមារ ត្រូវឆ្លើយតបក្នុងស្ថានភាពបន្ទាន់ដោយផ្ដល់សេវាសុខភាព និងសុវត្ថិភាព ការសង្គ្រោះបឋម ឬទាក់ទងទៅសេវាសង្គ្រោះបន្ទាន់​។​

ទន្ទឹ​មគ្នានេះសាលារៀនត្រូវជូនដំណឹងទៅអាជ្ញាធរ ទាក់ទងមាតាបិតាឬអ្នកថែទាំកុមារក្នុងពេលសមរម្យ និងផ្ដល់ការផ្គត់ផ្គង់បន្តដល់កុមារដែលរងគ្រោះដោយកា​​ររំលោភបំពាន រាប់បញ្ចូលទាំងការប្រឹក្សារបស់អ្នកមានវិជ្ជាជីវៈដើម្បីជួយកុមាររងគ្រោះ។

ទី៤. កិច្ចការពាររបស់ឪពុកម្ដាយ ៖ ឪពុកម្ដាយនិងអ្នកថែទាំកុមារ អាចជួយដោះស្រាយបញ្ហារបស់កូនៗបានកាន់តែប្រសើរតាមវិធីសាស្ត្រល្អៗជាច្រើន។ អ្នកជាឪពុកម្ដាយគួរជួយបង្រៀ​ន​អប់រំកូនឱ្យដឹងពីសិទ្ធិនិងសុវត្ថិភាពដែលកុមារទទួលបាន​ និងគ្មានការគំរាមកំហែងធ្វើឱ្យប៉ះពាល់ពួកគេ ឬធ្វើឱ្យឈឺចាប់អារម្មណ៍មិនល្អ។ ពន្យល់កូនពីសុវត្ថិភាពកិច្ចគាំពារដែលកុមារគួ​រ​ទទួលបាន ព្រមទាំងប្រាប់ពីផលប៉ះពាល់នៃការរំលោភបំពានដល់កូនដើម្បីឱ្យកុមារដឹងនិងស្វ័យការពារខ្លួន៕