កង្វះអាហារូបត្ថម្ភ

កង្វះ អាហារូបត្ថម្ភ ធ្ងន់ធ្ងរបណ្តាលឱ្យកុមារកម្ពុជា ក្រិនរាងកាយ និង អន់ថយបញ្ញា

ភ្នំពេញ ៖ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ដោយកុមារមានអាយុក្រោមប្រាំឆ្នាំមានបញ្ហាក្រិននិងស្គមស្គាំង 10% និងកុមារ 24% មានទម្ងន់មិនគ្រប់។ នេះបើតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា (CDHS) ឆ្នាំ 2014។ រហូតដល់ចុងឆ្នាំ 2018 បញ្ហាកង្វះអាហារូបត្ថម្ភនៅតែកើតមានលើកុមារកម្ពុជា ហើយកំពុងបន្តមកដល់បច្ចុប្បន្ន។ ទន្ទឹមគ្នានេះ ស្ថានភាពឥទ្ធិពលកូវីដ-19 ក៏ជាចំណែកមួយបណ្តាលឱ្យកុមារកម្ពុជាទទួលរបបអាហារមិនគ្រប់គ្រាន់ ឈានទៅរកបញ្ហាក្រិនសម្រាប់អនាគតផងដែរ។

តាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបង្ហាញបន្តថា បញ្ហាកង្វះអាហារូបត្ថម្ភបណ្តាលឱ្យកុមារមានបញ្ហាក្រិនរាងកាយធ្ងន់ធ្ងរ និងអន់ថយបញ្ញា ហើយកុមារប្រមាណជា 4.500 នាក់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ ស្មើនឹងប្រមាណមួយភាគបីនៃករណីស្លាប់របស់កុមារទាំងអស់ក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា៖

“បញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារជាចំណោទដ៏ធំមួយដែលមាតាបិតាត្រូវយកចិត្តទុកដាក់ចំពោះសុខភាពកុមារ។ លោកបានបញ្ជាក់ថា កុមារនៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រភាគច្រើនប្រឈមបញ្ហាកង្វះអាហារូបត្ថម្ភខ្លាំងបំផុត។ ម្ដាយឪពុកពុំទាន់យល់ដឹងពីរបៀបផលិតអាហារដែលត្រឹមត្រូវសម្រាប់កុមារ ពិសេសក្នុងពេល 1000 ថ្ងៃដំបូងនៃអាយុកុមារ”

កង្វះ អាហារូបត្ថម្ភ
លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ទន្ទឹមនឹងមូលហេតុនេះ ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានបញ្ជាក់បន្ថែមថា មូលហេតុចម្បងមួយទៀតបណ្ដាលឱ្យកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ដោយសារជំងឺរាកស្រួចស្រាល។ ជំងឺរាកកើតពីកង្វះអនាម័យនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទម្លាប់បន្ទោបង់ពាសវាលពាសកាលក្រៅបង្គន់អនាម័យ ឥរិយាបថមិនយកចិត្តទុកដាក់លាងសម្អាតដៃជាប្រចាំ ក៏ជាបុព្វហេតុដំបូងបំផុតនៃជំងឺរាក ជំងឺដង្កូវព្រូន អាចបណ្តាលឱ្យកុមារក្រិនរាងកាយ។

“បើនិយាយពីកុមារក្រិនក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំមិនចាំតួលេខច្បាស់ថាប៉ុន្មានទេ ប៉ុន្តែគ្រាន់តែដឹងថាមានចំនួនច្រើន ដែលយើងត្រូវយកចិត្តទុកដាក់។ ពិសេសនៅក្នុងដំណាក់កាល Covid-19 កំពុងរីករាលដាលនេះ បញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារអាចនឹងកើតមានឡើង ដោយសារតែម្ដាយឪពុកមួយចំនួនជួបការលំបាក ខ្វះខាតចំណូលនិងប៉ះពាល់ជីវភាពមុខរបររបស់ពួកគាត់”។

ប្រសាសន៍វេជ្ជបណ្ឌិត លន់ សាយតេង

ការស្រាវជ្រាវបង្ហាញថា កុមារកើតក្នុងគ្រួសារមានជីវភាពពុំប្រសើរងាយនឹងមានបញ្ហាក្រិនដល់ទៅជិតបីដងក្នុងឆ្នាំដំបូងៗនៃជីវិត ច្រើនជាងកុមារកើតនៅក្នុងគ្រួសារមានជីវភាពធូរធារ។ កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃលើកុមារ ច្រើនតែម្តាយឪពុកមើលរំលង ហើយបញ្ហានេះឈានទៅរកកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ។

អាហារូបត្ថម្ភ

អាហារូបត្ថម្ភមិនគ្រប់គ្រាន់នៅវ័យកុមារតូច អាចជាកត្តាបន្ទុកបង្អាក់មិនឱ្យកុមារសម្រេចបានសក្តានុពលរបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនពេញលេញ ដោយសារប៉ះពាល់ដល់ការអភិវឌ្ឍបញ្ញា ស្មារតី និងកាយសម្បទា។ ផលប៉ះពាល់នេះ ធ្វើឱ្យកុមាររៀនមិនសូវចេះ និងមានឱកាសតិចតួចបំផុតពេលស្វែងរកការងារ។ ផលលំបាកនេះអាចបន្តលើសពីមួយជំនាន់ទៅទៀត។

“ត្រូវតែយកចិត្តទុកដាក់បញ្ហានេះ យើងឃើញជាក់ស្ដែងប្រសិនបើកុមារមានបញ្ហាក្រិននៅតែបន្តកើតមាន ក្រៅពីកាយសម្បទាកុមារមិនរឹងមាំ កុមារអាប់បញ្ញា ឬហៅម្យ៉ាងទៀតថាក្តិបមនុស្ស វាប៉ះពាល់ច្រើនណាស់ដល់ធនធានមនុស្សកម្ពុជា ពិសេសគឺកម្លាំងពលកម្មតែម្ដងចូលរួមអភិវឌ្ឍន៍សង្គមជាតិតែម្តង អីចឹងហើយបានជាយើងធ្វើការងារនេះ…”។

– វេជ្ជបណ្ឌិត លន់ សាយតេង

ដើម្បីលុបបំបាត់បញ្ហាកុមារក្រិនតាំងពីតូច រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយមានក្រសួងពាក់ព័ន្ធជាសេនាធិការ ព្រមទាំងអង្គការដៃគូអភិវឌ្ឍននានា បានចូលរួមដោះស្រាយបញ្ហាកុមារក្រិន និងការលូតលាស់របស់កុមារជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីខែកុម្ភៈឆ្នាំ 2020 កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្ដកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់កុមារតាមសាលារៀន។

ប្រកាសថ្មីនេះ គោលបំណងចូលរួមទ្រទ្រង់ការលូតលាស់កាយសម្បទា និងបញ្ញាស្មារតីកុមារនៅតាមសហគមន៍ តាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារនៅតំបន់ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប។ ក្រសួងទាំងពីរជឿជាក់ថា នឹងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់កុមារនៅកម្រិតបឋមសិក្សា។ លើសពីនេះកសិផលក្នុងសហគមន៍ ត្រូវជ្រើសរើសធ្វើជាអាហារសម្រាប់ផ្ដល់អាហារូបត្ថម្ភកុមារនៅសាលារៀន។ យ៉ាងណានេះគ្រាន់តែជាកម្មវិធីសាក​ល្បងនៅតំបន់គោលដៅមួយចំនួនតែប៉ុណ្ណោះ សំខាន់វត្តមានចូលរួមកាត់បន្ថយបញ្ហាកុមារក្រិនពីឪពុកម្តាយគ្រប់រូប។

ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានបញ្ជាក់បន្ថែមថា

“បញ្ហាកុមារក្រិននៅក្នុងគ្រួសារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងឥរិយាបថរស់នៅរបស់ម្តាយឪពុក ដូច្នេះហើយត្រូវយកចិត្តទុកដាក់ឱ្យមែនទែន ពិសេសស្ត្រីជាម្តាយត្រូវទៅមណ្ឌលសុខភាពពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ដើម្បីទទួលបានការណែនាំផ្សេងៗពីគ្រូពេទ្យស្តីពីសុខភាពម្តាយខ្លួនឯង និងសុខភាពកូន​ និងដឹងពីរបៀបផលិតអាហារសម្រាប់កូន…”។

បំបៅដោយទឹកដោះម្តាយ

ស្របនឹងការលើកឡើងនេះ កន្លងទៅក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារមិនបានបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយពេញលេញ។ លើសពីនេះ កុមារបាត់បង់ភាពឆ្លាតវៃចំនួន 2.6 ពិន្ទុ ប្រៀបធៀបនឹងកុមារទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ។ បំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេល 1000 ថ្ងៃដំបូងនៃជីវិតកុមារ និងផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កុមារនៅពេលបន្ទាប់ ធ្វើឱ្យសុខភាពរាងកាយកុមាររឹងមាំ បញ្ជៀសបានពីបញ្ហាក្រិន និងមិនប៉ះពាល់ដល់ការលូតលាស់បញ្ញារបស់កុមារ។

សូមជម្រាបថា របាយការណ៍ក្រសួងសុខាភិបាល និងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានបង្ហាញថា គុណភាពអាហារសម្រាប់កុមារតូចនៅតែជាក្តីបារម្ភក្នុងប្រទេសកម្ពុជា ដោយសារកុមារមានអាយុពីប្រាំមួយទៅម្ភៃបួនខែ ជាង 60% និងកុមារអាយុពីប្រាំមួយដល់ប្រាំបីខែ ប្រមាណ 80% ពុំបានបរិភោគអាហារទៅតាមរបបអាហារ ដែលអាចទទួលយកកម្រិតអប្បបរមាប្រចាំថ្ងៃបាននោះទេ៕


ព្រឹត្តិការណ៍, អប់រំកុមារតូច

បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..