វិបត្តិដំណេកផ្តល់ផលប៉ះពាល់ខ្លាំងដល់សុខភាព និងសកម្មភាពរស់នៅប្រចាំថ្ងៃ

ភ្នំពេញ៖ ការគេងមិនលក់ជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ។ ការគេងមិនលក់អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ជាដើម។ ទន្ទឹមនឹងនេះ ផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់បណ្ដាលឱ្យងងុយគេនៅពេលថ្ងៃ មានដូចជាអស់កម្លាំង អារម្មណ៍មិនមូល ការចងចាំចុះអន់ថយ ពិបាកសម្រេចចិត្ត ឆាប់ខឹងមួម៉ៅ អន្ទះអន្ទែង និងងាយមានគ្រោះថ្នាក់ផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត។

គ្រូពេទ្យឯកទេសបានបញ្ជាក់ថា គេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង។ ទីមួយបណ្តាលមកពីសុខភាពផ្លូវកាយ ដូចជាក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខជាដើម។ ទីពីរបញ្ហាផ្លូវចិត្ត មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ។ ទីបីទាក់ទងនឹងរបៀបរបបរស់នៅប្រចាំថ្ងៃ ដូចជាផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល។ ចំណែកទីបួនទាក់ទងនឹងបរិស្ថាន កន្លែងគេងមានសំឡេងរំខាន បរិយាកាសអាប់អួរ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើនជាដើម។

Depressed young man suffering from insomnia sitting in bed

ថ្វីបើការគេងមិនលក់ម្ដងម្កាល និងក្នុងរយៈពេលមួយទៅពីរថ្ងៃអាចជារឿងធម្មតា ដែលមនុស្សគ្រប់គ្នាអាចជួបប្រទះក៏ដោយក្ដី ក៏ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឱ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុដែលនាំឱ្យគេងមិនលក់។ ការប្រើប្រាស់ថ្នាំងងុយគេងដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅអាចបណ្ដាលឱ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ។ ប្រសិនបើមានការរំខា​ន​ដោយបញ្ហាគេងមិនលក់យូរ ប្រជាពលរដ្ឋគួរស្វែងរកសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ដើម្បីជាគុណប្រយោជន៍ដល់សុខភាព។

ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដ៏លំបាកទាំងអស់នេះ ឬបញ្ហាសុខភាពផ្លូវចិត្ត កម្មវិធីសុខភាពផ្លូវចិត្ត នៃអង្គការចិត្តសង្គមនិងអន្តរវប្បធម៌ (TPO) បានបញ្ជាក់ថា ក្នុងអំឡុងពេលមានបញ្ហាកូវីដ-១៩ ការគាំទ្រផ្លូវចិត្តដល់​ជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍គឺពិតជាចាំបាច់ក្នុងកាលៈទេសៈនេះ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងឆ្លាតវៃ អង្គការ TPO បានបំពេញសេវា​ដ៏មានសារៈសំខាន់សម្រាប់សហគមន៍ តាមរយៈការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត​ជូនដោយឥតគិតថ្លៃ។

Young man with insomnia lying in bed and trying to sleep

សូមបញ្ជាក់ថា អាការៈដែលប្រជាជនអាចនឹងកើតឡើងហើយបណ្តាលឱ្យគេមិនលក់ មានដូចជាភ័យខ្លាច ព្រួយបារម្ភ ពិបាកចិត្តឬស្ត្រេស គ្មានកម្លាំង ហត់នឿយ វិលវល់ ឆាប់ខឹង មួម៉ៅច្រើន អារម្មណ៍សន្ធប់ ក្រៀមក្រំ មិនរីករាយ និងមានអារម្មណ៍ថាមានវិប្បដិសារីជាដើម។ ប្រសិនបើមានអារម្មណ៍ថាពិបាកទ្រាំ មិនថាអ្នកជាមនុស្សធំ ក្មេងជំទង់ ឬជាកុមារក៏ដោយ អាចទូរស័ព្ទមកកាន់លេខ 017 222 372, 089 666 325, 097 9111 918 ចាប់ពីម៉ោងប្រាំបីព្រឹក ដល់ម៉ោង ដប់យប់៕