បច្ចេកវិទ្យា៖ ស្ថានីយអវកាសអន្តរជាតិ ឬហៅកាត់ថា ISS មកពីពាក្យពេញថា International Space Station ត្រូវបានគេស្គាល់ថាជាផ្កាយរណបដែលធំជាងគេបំផុត និងអាចរស់នៅបានតែមួយគត់ក្នុងចំណោមផ្កាយរណបរាប់ពាន់ដែលកំពុងប្រតិបត្តិការនៅក្នុងលំហអាកាសនាពេលបច្ចុប្បន្ន។ ស្ថានីយអវកាសអន្តរជាតិមានទីតាំងស្ថិតនៅត្រង់ចំណុចគន្លងតារាវិថីកម្រិតទាបប្រមាណជាង ៤០០គីឡូម៉ែត្រពីផែនដី និងធ្វើដំណើរក្នុងល្បឿនដល់ទៅជិត ២៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ឬប្រហែលជាប្រាំបីគីឡូម៉ែត្រក្នុងមួយវិនាទី។
គេដឹងថាមាត្រដ្ឋាននៃស្ថានីយអវកាសអន្តរជាតិយក្សមួយនេះ មានទំហំបណ្តោយនិងទទឹងប្រមាណ ៣៥៦ហ្វីត ឬស្មើនឹង ១០៩ម៉ែត្រ និងមានកម្ពស់ ២៤០ហ្វីត ឬស្មើនឹង ៧៣ម៉ែត្រ ព្រមទាំងមានទម្ងន់សរុប ៤៦០តោន ហើយបច្ចុប្បន្នជាទីកន្លែងធ្វើការងារនិងស្រាវជ្រាវរបស់អវកាសយានិកចម្រុះជាតិសាសចំនួន ១១នាក់។
មានរឿងរ៉ាវជាច្រើនដែលនិយាយពីស្ថានីយអវកាសអន្តរជាតិ មុនពេលស្ថានីយនេះត្រូវបានបង្កើតឡើង ប្រទេសមហាអំណាចដូចជារុស្សី អាមេរិក ជប៉ុន បានប្រើប្រាស់ស្ថានីយអវកាសរៀងខ្លួន ប៉ុន្តែដោយសារបញ្ហាថវិកាផង និងលំបាកក្នុងការងារស្រាវជ្រាវផង បណ្តាប្រទេសទាំងនោះឈានទៅបង្កើតកិច្ចព្រមព្រៀងលើសន្ធិសញ្ញាមួយក្នុងការកសាងស្ថានីយអវកាសរួមគ្នា និងបានប្រើប្រាស់ពេលវេលា១០ ឆ្នាំដើម្បីសាងសង់។
វត្តមានស្ថានីយអវកាសអន្តរជាតិ – ISS បានជោគជ័យនៅក្នុងឆ្នាំ១៩៩៨ ប៉ុន្តែវាមិនទាន់អាចអនុញ្ញាតឱ្យក្រុមអវកាសយានិករស់នៅបានឡើយ រហូតដល់ឆ្នាំ២០០០ ដែលគ្រានោះមានអាវកាយានិករូបនាក់ មានលោក Bill Shepherd អវកាយានិកអាមេរិក, លោក Yuri Gidzenko និងលោក Sergei Krikaleve អវកាយានិករុស្សី ជាបុគ្គលដំបូងក្នុងប្រវត្តិសាស្ត្របានទៅរស់នៅលើស្ថានីយអវកាសក្នុងរយៈពេលជាច្រើនខែមុនត្រឡប់មកផែនដីវិញ។
បន្ទាប់ពីជោគជ័យក្នុងការសិក្សានិងរស់នៅស្ថានីយអវកាស – ISS ចាប់តាំងពីពេលនោះមកប្រទេសជាច្រើនទៀត ក៏ផ្តើមបញ្ចូនក្រុមជំនាញ និងឧបករណ៍ ព្រមទាំងមន្ទីរពិសោធរៀងៗខ្លួនទៅភ្ជាប់ជាមួយនឹង ISS មានដូចជាអ៊ឺរ៉ុបនៅឆ្នាំ២០០៨ និងមួយខែក្រោយជប៉ុនក៏បានទៅនឹងគេឯងដែរ ។
តើស្ថានីយអវកាសអន្តរជាតិ – ISS ត្រូវបានប្រើប្រាស់នៅក្នុងគោលបំណងអ្វី? ពិតណាស់គោលដៅចម្បងបំផុតនៃស្ថានីយអវកាសអន្តរជាតិ ជាមន្ទីរពិសោធន៍សិក្សាស្រាវជ្រាវអំពីទីអវកាស ត្រួតពិនិត្យលំហអាកាស ហើយនោះ ISS ក៏មានតួនាទីសំខាន់ក្នុងការសិក្សាលម្អិតអំពីដំណើរវិវត្តនៃជីវិតមនុស្សដែលរស់នៅខាងក្រៅភពផែនដី ការសិក្សាពីកម្លាំងទំនាញផែនដី ជាពិសេសសិក្សាអំពីផលប៉ះពាល់ទាំងឡាយដែលអាចកើតមានដល់សុខភាពរបស់មនុស្សពេលកំពុងស្នាក់នៅក្នុងទីអវកាសរយៈពេលវែង។ ការសិក្សាទាំងនេះ ជាចំណុចសំខាន់បំផុតដែលបម្រើដល់ការរស់នៅរបស់មនុស្សជាតិទាំងបច្ចុប្បន្ន និងទៅអនាគតក្នុងលទ្ធភាពអាចទៅរស់នៅលើភពដទៃទៀតបានដោយងាយស្រួល និងមានសុវត្ថិភាព ទោះស្ថិតនៅរយៈពេលវែងយ៉ាងណាក្តី៕
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។