ផឹកមួយដបរាល់ថ្ងៃសុខភាពល្អ! រូបមន្ត​ទឹកសំរង និងគ្រាប់ជី មាន​ប្រយោជន៍​ច្រើន​តែ​មនុស្ស​ជា​ច្រើនមិនចាប់អារម្មណ៍

ភេសជ្ជៈសំរង និងគ្រាប់ជី គឹជាភេសជ្ជៈមួយដែលមានរសជាតិឆ្ងាញ់ បន្ថែមពីនេះក៏ធ្វើឲ្យអ្នកទទួលទាន មានសុខភាពល្អថែមទៀតផង។ និយាយមែនណា ព្រោះ អេតមីន ក៏ចូលចិត្ដផឹក រីឯលទ្ធផលក៏គ្រាន់បើដូចគេនិយាយមែន។

បើតាមកិច្ចសម្ភាសន៍ខ្លីរបស់ AMS ជាមួយ លោកស្រី សុកណា ជាគ្រូពេទ្យនៅគ្លីនិកឯកជនមួយកន្លែងបានឲ្យដឹងថា ទឹកសំរង និងគ្រាប់ជីពិតជាមានអត្ថប្រយោជន៍សម្រាប់សុខភាព ហើយពិតជាមិនគួរ មើលរំលងនោះទេ។ ជាពិសេស តាមគ្រួសារនីមួយៗ គួរតែរៀនធ្វើ ដើម្បីឲ្យសមាជិកគ្រួសារញ៉ាំ និងទទួលបានសុខភាពល្អ។

លោកស្រី ក៏បានរៀបរាប់ពីអត្ថប្រយោជន៍របស់គ្រាប់ សំរង (malva nuts) និងគ្រាប់ជី (basil seeds) ដូចជា សំរង គឺសម្បូរទៅដោយជាតិកាកសរសៃ ដែលភាគច្រើនយើងស្គាល់ថាជាជាតិ​ Fiber។ វាជួយបំបាត់ការទល់លាមក ការបន្ទោរបង់ និងសម្រួលដល់ពោះវៀនធំ មិនតែប៉ុណ្ណោះ ជួយការពារគ្រោះក្នុងតម្រង់នោម ក៏ដូចជាក្រលៀនផងដែរ។ សំរង ក៏ល្អដល់អ្នកចង់សម្រកទម្ងន់ ព្រោះវាមានមុខងារ បញ្ចុះជាតិខ្លាញ់ និងជាតិស្ករ។ វាក៏ជួយដល់ដល់សួត និងអ្នកកើតជម្ងឺហឺត ផងដែរ។

ចំពោះគ្រាប់ជី វិញ សម្បូរទៅដោយអូមេហ្គា ៣ ដែលល្អសម្រាប់គ្រាប់ភ្នែក និងខួរក្បាល។ បន្ថែមពីនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងនឹងសារធាតុអុកស៊ីតកម្ម។ ក្រៅពីនេះ ក៏ល្អសម្រាប់ស្បែក ក្រចក និងសក់ទៀតផង។ លោកស្រី ក៏បានបន្ដថា របស់ទាំងពីរមុខនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែលដែលជួយថែរក្សាសុខភាពរបស់យើងគ្រប់គ្នាឲ្យល្អប្រសើរ។

ក្រៅពីចែករំលែកនូវអត្ថប្រយោជន៍របស់ សំរង និងគ្រាប់ជី លោកស្រី ក៏បានបង្រៀនពីវិធីងាយៗ ក្នុងការធ្វើទឹកសំរង និងគ្រាប់ជី ដែលព្រោះជាញឹកញាប់ លោកស្រីក៏ឧស្សាហ៍ ធ្វើឲ្យកូនៗ និងក្រុមគ្រួសារផឹកដូចគ្នា។ តោះមកសាករៀនធ្វើទាំងអស់គ្នា បញ្ជាក់វិធីធ្វើនេះសម្រាប់មួយ ១ ដបធំប៉ុណ្ណោះ បើចង់ធ្វើច្រើនថែមគ្រឿងតាមចំនួនអ្នកផឹក។

គ្រឿងផ្សំ៖

-គ្រាប់សំរង ៥ ផ្លែ

-គ្រាប់ជីជិត ១ ស្លាបព្រាបាយ

-ស្ករស ១ ស្លាបព្រាបាយ (បើចូលចិត្តផ្អែម ដាក់ ២ ស្លាបព្រាបាយ)

-ទឹកកន្លះលីត្រ

-ស្លឹកតើយចង ១ ដុំតូច

-ដុំទឹកត្រជាក់ ២ ដុំ

-អំបិល កន្លះស្លាបព្រាកាហ្វេ

ជាដំបូងយកគ្រាប់សំរង​ យកទៅត្រាំទឹកឲ្យរីកល្អរួចបេះយកសាច់ និងកាត់វាឲ្យតូចៗ​ ទុកមួយឡែកសិន និងយកគ្រាប់ជីត្រាំទឹកឲ្យរីកដូចគ្នា។  បន្ទាប់មកទៀតយកទឹកកន្លះលីត្រ ដែលបានត្រៀមទុកយកមក ដាក់ដាំជាមួយស្លឹកតើយ រួចដាក់ដុំទឹកត្រជាក់ចូល ហើយដាក់ស្ករសចូល និងអំបិលបន្ដិច។ នៅពេលទឹកចាប់ផ្ដើមពុះ ដាក់សំរង និងគ្រាប់ជី ដែលយើងបានត្រាំរីកចូលកូរឲ្យសព្វ។ ទុកឲ្យត្រជាក់ គឺផឹកបានហើយ បើចង់ឲ្យកាន់តែឆ្ងាញ់យកទៅដាក់ក្លាសេក្នុងទូរទឹកកក។ កុំភ្លេចធ្វើញ៉ាំទាំងអស់គ្នា បានទាំងឆ្ងាញ់ បានទាំងសុខភាពល្អ៕