មិន​ចូល​ចិត្ត​ចេញ​ក្រៅ សំងំ​នៅ​តែ​​ផ្ទះ ចាត់​ទុក​ថា​ជា​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ឬ​ទេ?

បន្ទាប់​ពី​ទំនេរ​ពី​ការងារ មនុស្ស​ជា​ច្រើន​ចូលចិត្ត​ដើរ​កម្សាន្ត​ទៅ​ទី​កន្លែង​ផ្សេងៗ មិន​ថា​ជិត​ ឬ​ឆ្ងាយ​ ដើម្បី​លំហែ​ខួរ​ក្បាល​ បំបាត់​ស្ដ្រេស​ និង​ស្វែង​រក​អ្វី​ដែល​ថ្មីៗ សម្រាប់​ធ្វើ​ជាមួយ​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ។ តែ​ក៏​មាន​មនុស្ស​ដែល​​មិន​ចូល​ចិត្ត​ទៅ​ណា​ទាល់​តែ​សោះ​ដែរ​ ​ជាពិសេស​ឲ្យ​តែ​បាន​សម្រាក​ពី​ការងារ​ ឬ​ទំនេរ​គឺ​ដឹង​តែ​សំងំ​​នៅ​​តែ​​ក្នុង​ផ្ទះ​ នរណា​ហៅ​ចេញ​ទៅ​ណា​ក៏​មិន​ទៅ ​សឹង​តែ​អាច​និយាយ​បាន​ថា​មាន​កម្មវិធី​ល្មមៗ ​ក៏​មិន​ចង់​ចូលរួម​។

មែន​ទែន​ទៅ នៅ​ពេល​ដែល​ធ្វើ​បែប​នេះ យូរៗ ទៅ មនុស្ស​នៅ​ជុំ​វិញ​នឹង​ចាប់​ផ្ដើម​គិត​ថា អ្នក​មាន​បញ្ហា​ព្រោះ​មិន​ចូល​ចំណោម​គេ​សោះ​ ហៅ​ទៅ​ណា​ក៏​មិន​ទៅ។ រហូត​អាច​មាន​អ្នក​ខ្លះ​​ទៀត​និយាយ​ថា កុំ​សំងំ​តែ​នៅ​ផ្ទះ​ប្រយ័ត្ន​រោគ​ចិត្ត។ បើ​អ៊ីចឹង​ ចុះមនុស្ស​ចូល​ចិត្ត​សំងំ​នៅ​ផ្ទះ​ចាត់​ទុក​ថា​​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទេ?​

តាម​ពិត​ទៅ អាការៈ ឬ​សកម្ម​ភាពទាំងអស់នេះ​ មិន​បាន​ចាត់​ទុក​ថា​គឺ​​ជា​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត ឬ​ចម្លែក​អ្វី​នោះ​ទេ​ ​គ្រាន់​តែ​ក្រុម​មនុស្ស​បែប​នេះ ត្រូវ​គេ​ស្គាល់​ថា​ជា “Homebody”។ បើ​និយាយ​ឲ្យ​ងាយ​យល់ ពួក​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ចំណាយ​ពេល​នៅ​ផ្ទះ​ច្រើន​ជា​ជាង​ទៅ​ក្រៅ​ជួប​មនុស្ស​ និង​​មិន​សូវ​ចង់​ដើរ​ទៅ​ណា​ផ្សេង​ៗ ឡើយ ទាល់​តែ​រឿង​ដែល​ចៀស​មិន​ផុត​តែ​ម្ដង។ ជា​ទូ​ទៅ​ពួក​គេ​មាន​អារម្មណ៍​ថា​រីករាយ និង​សុវត្ថិភាព​ពេល​នៅ​ក្នុង​ផ្ទះ​ ហើយ​ផ្ទះ​គឺ​ជា​កន្លែង​កក់​ក្ដៅ​បំផុត​សម្រាប់​ពួក​គេ។ ថ្វី​បើ​មិន​ចូល​ចិត្ត​ដើរ​កម្សាន្ត​​ចេញ​ក្រៅ ដូច​​អ្នក​ដទៃ តែ​ពួក​គេ​អាច​បង្កើត​សេចក្ដី​សុខ​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ងាយ​ស្រួល ដូច​ជា​ធ្វើ​អាហារ​ឆ្ងាញ់ៗ ​ខ្លួនឯង មើល​​រឿង​ភាគ​ ខ្សែ​ភាព​យន្ត​នានា សម្អាត​ផ្ទះ​ រៀន​សូត្រ​បន្ថែម និងធ្វើការ​ផ្សេងៗ ទៀត។


​បន្ថែម​ពី​នេះ ប្រភេទ​មនុស្ស Homebody ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ដែល​រឹង​មាំ​ផង និង​ឆាប់​ស្កប់​ស្កល់​ផង​ដែរ​ ព្រោះ​ពួក​គេ​អាច​ធ្វើ​អ្វី​ម្នាក់​ឯង​បាន មិន​ចាំ​បាច់​ទាល់​តែ​មាន​គ្នា ឬ​អ្នក​ហែហម​ឡើយ ហើយ​ត្រឹម​សកម្ម​ភាព​សាមញ្ញៗ ដែល​ធ្វើ​នៅ​ផ្ទះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​រីករាយ ស្រស់​ស្រាយ​បាន​ហើយ៕

អត្ថបទដោយ៖ ស្រីពេជ្រ