ប្រមុខការពារជាតិទាត់ចោលការមួលបង្កាច់របស់សារព័ត៌មានថៃថាកម្ពុជាបង្កើនទ័ពនៅព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការពារជាតិទាត់ចោលការមួលបង្កាច់របស់សារព័ត៌មានថៃថាកម្ពុជាបង្កើនទ័ពនៅព្រំដែន

ប្រមុខការពារជាតិទាត់ចោលការមួលបង្កាច់របស់សារព័ត៌មានថៃថាកម្ពុជាបង្កើនទ័ពនៅព្រំដែន

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសទាត់ចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន និងការលើកឡើងរបស់បុគ្គលមួយចំនួននៅក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថា ក្រសួងការពារជាតិកម្ពុជាបដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ។

Advertisement

តាមរយៈបណ្តាញសង្គមផ្លូវការ ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរម៉ឺងម៉ាត់ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការទ្វេភាគីនានាដែលមានស្រាប់។

ជាមួយគ្នានេះដែរ ប្រមុខក្រសួងការពារជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ភាគីកម្ពុជា-ថៃ នឹងអាចរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមមួយចំនួននៅក្នុងប្រទេសថៃ បានចុះផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់ថា កម្ពុជាបានចល័តកម្លាំងទ័ព និងបញ្ជូនសព្វាវុធទៅកាន់តំបន់ព្រំដែន ដើម្បីត្រៀមប្រយុទ្ធជាមួយភាគីថៃ។ ប៉ុន្តែ អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ ក៏បានចេញមកបដិសេធទាំងស្រុងផងដែរចំពោះព័ត៌មានបំផ្លើសដែលថា កម្ពុជាបានបញ្ជូនរថក្រោះចំនួន ២០០ គ្រឿង ព្រមទាំងកម្លាំងទ័ពយ៉ាងច្រើនទៅកាន់តំបន់ព្រំដែន។

បន្ទាប់ពីបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ជាមួយគ្រប់អង្គភាពជួរមុខដែលឈរជើងនៅតាមបណ្តោយព្រំដែនទាំងអស់រួចមក កងទ័ពថៃបញ្ជាក់ថា មិនបានរកឃើញភស្តុតាង ឬរបាយការណ៍ណាមួយដែលបង្ហាញថា កម្ពុជាកំពុងចល័តទ័ព ឬបញ្ជូនសព្វាវុធដូចការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយនោះឡើយ៕​ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា