អ៊ីរ៉ង់ ថា ដៃម្ខាងអាមេរិក ធ្វើជាអ្នកសម្របសម្រួល ដៃម្ខាងជួយអ៊ីស្រាអែលវាយប្រហារខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ដៃម្ខាងអាមេរិក ធ្វើជាអ្នកសម្របសម្រួល ដៃម្ខាងជួយអ៊ីស្រាអែលវាយប្រហារខ្លួន

អ៊ីរ៉ង់ ថា ដៃម្ខាងអាមេរិក ធ្វើជាអ្នកសម្របសម្រួល ដៃម្ខាងជួយអ៊ីស្រាអែលវាយប្រហារខ្លួន

តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ បានបង្ហាញពីការជឿជាក់ កាលពីថ្ងៃចន្ទថា អាមេរិក ពិតជាបានបន្តស្រាក់ដៃគ្នា យ៉ាងពេញលេញ ជាមួយអ៊ីស្រាអែល អំឡុងសកម្មភាពវាយប្រហារដោយមីស៊ីល មកលើខ្លួន នារយៈពេលចុងក្រោយនេះ។

Advertisement

ការអះអាងយ៉ាងដូច្នេះ ធ្វើឡើង បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានសម្របសម្រួលទាំងភាគីទីក្រុងតេហេរ៉ង់ និង ទីក្រុងហ៊្សេរុយសាឡិម ឲ្យឈប់វាយប្រហារគ្នា ដើម្បីទុកផ្លូវចរចា ស្វែងរកការបញ្ចប់សង្គ្រាម។ មេដឹកនាំអាមេរិក រូបនេះ ថែមទាំងព្រមានថា នឹងអាចទុកឲ្យអ៊ីស្រាអែលធ្វើសង្គ្រាមតែម្នាក់ឯង ជាមួយអ៊ីរ៉ង់ទៀតផង បើនៅតែគឃ្លើញ មិនស្តាប់តាម។

បើតាម Anadolu, ការមិនទុកចិត្តរបស់អ៊ីរ៉ង់នេះទៀតសោត ត្រូវបានបង្ហាញចេញ បើទោះបីជាអ៊ីស្រាអែល អះអាងថា ការវាយប្រហារសងសឹកចុងក្រោយនេះ មិនពាក់ព័ន្ធនឹងអាមេរិក ក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មានថា «ទីក្រុងតេហេរ៉ង់ ជឿថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ នាពេលថ្មីៗនេះ ត្រូវបានសម្របសម្រួលទាំងស្រុង ជាមួយបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM»។

ប្រភពបញ្ជាក់ថា «ការទទួលខុសត្រូវផ្ទាល់ របស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពនៃរបប Zionist គឺច្បាស់ណាស់ ហើយផលវិបាកនៃភាពតានតឹងកើនឡើង ក៏នឹងធ្លាក់មកលើសហរដ្ឋអាមេរិក ផងដែរ»។

ទោះបីជាយ៉ាងណាក៏ដោយ វិទ្យុកងទ័ពអ៊ីស្រាអែល ដែលដកស្រង់សម្តីមន្ត្រីយោធា មិនបញ្ចេញឈ្មោះ បាននិយាយថា ការវាយប្រហារលើអ៊ីរ៉ង់ ចុងក្រោយនេះ គឺមានតែអ៊ីស្រាអែលប៉ុណ្ណោះ។ មន្ត្រីរូបនេះ បានអះអាងថា អាមេរិកបានជួយអ៊ីស្រាអែល ស្ទាក់ចាប់តែមីស៊ីលអ៊ីរ៉ង់ មួយចំនួនប៉ុណ្ណោះ។

លោកបានបន្ថែមថា អ៊ីស្រាអែលកំពុងរៀបចំ សម្រាប់ការប្រយុទ្ធគ្នា ជាច្រើនថ្ងៃ ក៏ដូចជា លទ្ធភាពនៃការវិលត្រឡប់ទៅកាន់ការប្រយុទ្ធគ្នា រយៈពេលវែង នៅក្នុងប្រទេសអ៊ីរ៉ង់ ទៀតផង។

ភាពតានតឹងបានកើនឡើង កាលពីថ្ងៃអាទិត្យ នៅពេលដែលអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើរដ្ឋធានី Beirut របស់ប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់។ ការណ៍នេះ ជំរុញឱ្យអ៊ីរ៉ង់បាញ់មីស៊ីលនៅភាគខាងជើងអ៊ីស្រាអែល ទុកជាការសងសឹក ហើយ អ៊ីស្រាអែលបានឆ្លើយតបវិញ ជាមួយនឹងរលកនៃការវាយប្រហារតាមអាកាសជាច្រើន ប្រឆាំងនឹងអ៊ីរ៉ង់។

ជុំវិញបញ្ហាលីបង់, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា សហរដ្ឋអាមេរិក ក៏ត្រូវតែទទួលខុសត្រូវ ចំពោះការរំលោភបទឈប់បាញ់ នៅក្នុងប្រទេសនេះផងដែរ។

សម្រាប់សង្គ្រាមមជ្ឈិមបូព៌ា, បទឈប់បាញ់មួយ ត្រូវបានសម្រេច កាលពីថ្ងៃទី៨ ខែមេសា តាមរយៈការសម្រុះសម្រួល ពីប្រទេសប៉ាគីស្ថាន ប៉ុន្តែ ការចរចាប៉ុនប៉ងបញ្ចប់ជម្លោះ ក្រោយមកទៀត នៅតែបន្តជាប់គាំង រហូតមកដល់ពេលនេះ៕

ប្រភព Anadolu ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា