កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ភ្នំពេញ៖ ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ​។ នេះបើតាម​ខ្លឹមសារ​នៃជំនួបរវាងសម្ដេច​មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម​ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម​និយម​វៀតណាម កាលពីថ្ងៃទី ​៨ ខែមិថុនា ឆ្នាំ ២០២៦។​

Advertisement

លោកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd បាន​មានប្រសាសន៍ថា វាជា​មោទនភាពមួយសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាល​នៃប្រទេសកម្ពុជា​និងវៀតណាម បាន​ធ្វើការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដែលអាច​ជំរុញទំហំពាណិជ្ជកម្មនៃប្រទេស​ទាំងពីរ​កាន់តែកើនឡើង​បន្ថែម​ទៀត។​ លោកថា​៖

“នៅពេល​ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត​ សាងសង់​រួចរាល់ ហើយបានតភ្ជាប់​ផ្លូវ​ល្បឿនលឿន​ហូជីមិញ-ម៉ុកបៃ នឹងធ្វើឱ្យការ​ដឹកជញ្ជូន​របស់យើងចំណេញពេលវេលា​ច្រើន​ ក្នុងពេលដែល​ទំនិញ​កម្ពុជា​ឆ្លងកាត់វៀតណាម​ក្នុងមួយឆ្នាំៗយ៉ាង​ច្រើនទឹកផ្លូវទឹក​និងផ្លូវ​គោក​។”​

លោកឧកញ៉ា​​បានបន្តថា កន្លងមក​ការដឹកជញ្ជូនទំនិញពីបណ្ដាប្រទេសផ្សេង​ៗចូល​កម្ពុជា​ និងពីកម្ពុជា​ទៅប្រទេស​ផ្សេងៗ ដែលឆ្លងកាត់ប្រទេស​វៀតណាម ពេល​ខ្លះ​មានការ​កកស្ទះ​ខ្លាំង ប៉ុន្តែបើសិនជាផ្លូវល្បឿនលឿនទាំងពីរ​បានតភ្ជាប់​គ្នា​ ពេលនោះការដឹកជញ្ជូន​ទំនិញឆ្លងកាត់វៀតណាម​នឹ​ងកាត់បន្ថយការ​កកស្ទះ​ ដែលនឹង​ធ្វើឱ្យការ​ដឹកជញ្ជូនទំនិញ​ពីកម្ពុជា​ទៅទីផ្សារ​អន្តរជាតិ និងពីអន្តរជាតិចូលកម្ពុជា​បានលឿន និង​បានច្រើនជា​ងមុនៗ។

ដោយឡែក សម្រាប់​ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឱ្យប្រើប្រាស់​អស់រយៈពេល​ជិត ​៤ ឆ្នាំមកហើយនោះ លោកឧញ៉ា ស៊ិន ចន្ធី បានថ្លែងឱ្យដឹងថា ដោយសារតែ​ផ្លូវ​ទៅកាន់​ក្រុងព្រះសីហនុ មាន​ ២ ខ្សែ​សំខាន់ ​រួមមាន ផ្លូវ​ល្បឿនលឿនភ្នំពេញ​ ក្រុងព្រះសីហនុ និងផ្លូវ​ជាតិលេខ​៤ អ្នកដឹកជញ្ជូ​នមានជម្រើស​ច្រើន បើសិនជាពួកគាត់​ចង់លឿន គាត់អាចដឹកតាមផ្លូវល្បឿនលឿន តែបើមិនប្រញាប់​​ អាច​ដឹក​តាម​ផ្លូវជាតិលេខ​ ៤​ ខណៈផ្លូវជាតិមួយនេះ ក៏បានស្ថាបនា​លើកកម្រិត​គុណភាពបានប្រសើរជាងមុនផងដែរ។

នៅក្នុងជំនួប​ទ្វេភាគី​រវាង​សម្ដេ​ចមហា​បវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និង​ឯកឧត្តមឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាមកាលពីថ្ងៃទី ០៨ មិថុនា ២០២៦​ ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, ទេសចរណ៍, វប្បធម៌, ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

នៅក្នុងជំនួបនោះ សម្តេច​ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​​ បាន​គូស​បញ្ជាក់អំពី​សារៈសំខាន់នៃការពន្លឿនការសម្រេចលើចំណុចការតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ,​ ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក និងការពង្រីកជើងហោះហើរបន្ថែមរវាងប្រទេសទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​ សម្តេច​ធិបតី​ បាន​ស្នើឱ្យ​មានការកែសម្រួលនីតិវិធី​សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ត្រង់រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន។

គួរ​បញ្ជាក់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ ត្រូវ​បានបើកការដ្ឋាន​សាងសង់​នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៣ ដែលគិតមកដល់ពេលនេះ​មានរយៈពេល៣ឆ្នាំហើយ ដោយគម្រោង​នេះ​នឹង​ប្រើប្រាស់ថវិកា​ប្រមា​​ណ​ ១,៤ ពាន់លានដុល្លារអាម៉េរិក ក្នុង​ចម្ងាយ​ ១៣៥ គីឡូម៉ែត្រ គ្រោងបញ្ចប់​នៅឆ្នាំក្រោយ​ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យបានបង្ហាញទស្សនសុទិដ្ឋិនិយម​ចំពោះ​គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងធ្វើឱ្យសក្ដានុពល​នៅតំបន់​បាវិតខេត្ត​ស្វាយរៀង​កាន់តែមានភាពទាក់ទាញ ដោយរំពឹងថា​ អាចទាក់ទាញវិនិយោគ​បន្ថែមទៅកាន់​ក្រុងបាវិត​នៃខេត្ត​ស្វាយរៀង ដូច​គ្នា​នឹង​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងទាក់ទាញ​វិនិយោគទៅកាន់​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាន់តែច្រើន៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា