ពិធីបុណ្យអុំទូកឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ មានប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៧,៨ លាននាក់ ចូលរួមកម្សាន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិធីបុណ្យអុំទូកឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ មានប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៧,៨ លាននាក់ ចូលរួមកម្សាន្ត

ពិធីបុណ្យអុំទូកឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ មានប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៧,៨ លាននាក់ ចូលរួមកម្សាន្ត

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃកន្លងទៅនេះ រួមទាំងគោលដៅទេសចរណ៍ផ្សេងៗគ្នាទូទាំងប្រទេសកម្ពុជា បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ដែលជាភ្ញៀវ​ជាតិ និងភ្ញៀវទេសចរអន្តរជាតិ សរុបជាង ៧,៨ លាននាក់ ចេញដើរកម្សាន្ត ដូចជាមកទស្សនាការប្រណាំងទូកនៅមាត់ទន្លេ ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងផ្សេងៗទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត/ក្រុង ក៏ដូចជាការចេញទៅទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានកែច្នៃធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ជាដើម។

Advertisement

តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរហូតដល់ ៧ ៨៤៤ ៣៨៨នាក់ នៅក្នុងឱកាសឈប់សម្រាកក្នុងឱកាសពិធីបុណ្យជាតិអុំទូករយៈពេល៣ថ្ងៃ បាននាំគ្នាចេញកម្សាន្តទៅតាមគោលដៅទេសចរណ៍ផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះ ភ្ញៀវ​ទេសចរ​បរទេសមានចំនួន ៨៩.២៩៦ នាក់ កើន​ឡើងប្រមាណ ២១,៤ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ដោយឡែក សម្រាប់តែនៅរាជធានីភ្នំពេញ បានទាក់ទាញចំនួនអ្នកទស្សនា និងកម្សាន្តច្រើនជាងគេ ដែលមានចំនួនជិត ៦,៣លាននាក់។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ៖ សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញឆ្នាំ២០២៤នេះ មានអ្នកចូលរួម ទស្សនាកម្សាន្ត ជាង ១លាន ១សែននាក់, ថ្ងៃទី២ មានប្រមាណជាង ២លាន ២សែននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង ២លាន៩សែននាក់ ។

សម្រាប់ខេត្តនៅជាប់តំបន់ឆ្នេរសមុទ្រ រួមមាន ខេត្តព្រះសីហនុ កំពត កែប និងកោះកុង បានទាក់ទាញភ្ញៀវទេសចរសរុបចំនួន ៥៧៦ ​៧៩១នាក់ បន្ទាប់មកតំបន់វប្បធម៌រួមមានខេត្តកំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ដែលមានភ្ញៀវទេសចរសរុបចំនួន ៣៨០ ៧៣៧នាក់។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ពិធីបុណ្យអុំទូក នេះមិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបង្ហាញពីបេតិក​ភ័ណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស ដោយជំរុញវិស័យផ្សេងៗ ដូចជាទេសចរ​ណ៍​ បដិសណ្ឋារកិច្ច និងការលក់រាយ ហើយក្រសួង ក៏បាន និងកំពុងផ្សព្វផ្សាយនូវពិធីបុណ្យអុំទូកដែលជាព្រឹត្តិ​ការ​ណ៍​ទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ ដោយរំលេចនូវការប្រណាំងទូកចម្រុះពណ៌ ការអុំទូក បណ្តែតប្រទីប និងការសម្តែងរបាំប្រពៃណី។

ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ៖ រំហូរភ្ញៀវទេសចរ បានជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចក្នុងស្រុក ជំរុញអាជីវកម្ម ក្នុងវិស័យបដិសណ្ឋារកិច្ច ការលក់រាយ និងដឹកជញ្ជូន ហើយសន្តិភាព វិបុលភាព ការអភិ​វឌ្ឍ កិច្ចសហការរៀបចំ និងការចូលរួមរបស់ប្រជាជនកម្ពុជា ដែលមានភាពរួសរាយរាក់ទាក់ នឹងត្រូវបានលើកកម្ពស់យ៉ាងទូលំទូលាយ តាមរយៈភ្ញៀវទេសចរបរទេសដែលចូលរួមព្រឹត្តិការណ៍ ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍បុណ្យអុំទូក ជាចរន្តសេដ្ឋកិច្ចមួយយ៉ាងធំសម្បើម ដែលទាំងក្រុមហ៊ុន អាជីវកម្ម និងអ្នករៀបចំពិធី សុទ្ធតែបានយកប្រាក់ទៅចាក់ចូលក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ បង្កើតឱ្យមានភាពអធិកអធម ដែលចរន្តសាច់ប្រាក់នេះ នឹងក្លាយជាទីចរន្តសេដ្ឋកិច្ចតាមរយៈការជំរុញ និងលើកកម្ពស់ដល់វិស័យទេចរណ៍ និងវស័យសេដ្ឋកិច្ចជាចម្បង ។

លោកបណ្ឌិត បានកត់សម្គាល់ថា ពិធីបុណ្យអុំទូក បើគិតទៅទិដ្ឋភាពសេដ្ឋកិច្ច គឺបានរួមចំណែកតាមរយៈការចាយវាយរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរអន្តរជាតិ ក្រុមហ៊ុន និងអាជីវករ ដែលគិតជារួម បើទោះជាមិនមានតួលេខជាក់លាក់ក៏ដោយចុះ ក៏វាជាការចំណាយដ៏ធំមួយបើធៀបទៅនឹងពិធីបុណ្យជាតិផ្សេងៗ។ យ៉ាងណាក៏ដោយ លោកបណ្ឌិតក៏បានបង្ហាញពីទស្សនទានផ្ទាល់ខ្លួនផងដែរថា ស្ថាប័នពាក់ព័ន្ធគួរមានផែនការ និងយុទ្ធសាស្ត្រជាក់លាក់ កំណត់គោលដៅ និងពង្រឹងនូវសេវាកម្ម ក៏ដូចជាបង្កើតនូវផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចទាក់ទាញទេសចរបរទេសចម្រុះជាតិសាសន៍មកកាន់ទឹដីកម្ពុជាបន្ថែមទៀត ក្រៅតែពីព្រឹត្តិការណ៍ដែលមានស្រាប់៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា