សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ព្រៃវែង ៖ ជារឿងមួយដែលគួរឱ្យស្ញប់ស្ញែងចំពោះយុវជនម្នាក់ដែលបានព្យាយាមចិញ្ចឹមបង្កងអូស្រាលីក្នុងតង់កៅស៊ូតូចមួយនៅលើដំបូលផ្ទះ​ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែក្រោយពេលកត់សម្គាល់ឃើញថាទទួលបានលទ្ធផលល្អប្រសើរ ត្រឹមតែរយៈពេល ៧ឆ្នាំ បានពង្រីកការចិញ្ចឹមក្នុងទ្រង់ទ្រាយជាកសិដ្ឋានកាន់តែធំនៅលើដីរហូតដល់ទំហំប្រមាណ១៥ហិកតាឯណោះ ហើយអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ។

Advertisement

លោក ចន បូរិន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនាគ ផ្សារកំចាយមា​ ខេត្តព្រៃវែង បានប្រាប់សារព័ត៌មាន AMS Economy ឱ្យដឹងថា លោកចាប់ផ្តើមចិញ្ចឹមបង្កងក្នុងតង់កៅស៊ូលើដំបូលផ្ទះតាំងពីឆ្នាំ២០១៩ តាមរយៈការទិញកូនពូជពីកសិករនៅក្នុងស្រុកដែលស្គាល់តៗគ្នា។ ទោះជាយ៉ាងនេះ នៅតំណាក់កាលដំបូងដោយសារមិនមានចំណេះដឹង មិនមានជំនាញ និងយល់ពីវិធីសាស្រ្តចិញ្ចឹមបង្កងច្បាស់លាស់ផងនេះ ធ្វើឱ្យការចិញ្ចឹមជួបភាពបរាជ័យមិនទទួលបានផលនោះទេ។ ប៉ុន្តែ ដោយសារក្ដីស្រលាញ់ ចង់ចេះចង់ជំនះឱ្យបានលើមុខរបរចិញ្ចឹមបង្កងអូស្រាលីនេះ លោកបានព្យាយាមរៀនជំនាញបច្ចេក​ទេសតាមវីដេអូយូធូប(Youtube) ពីក្រៅប្រទេស ពិសេសគឺការចេះវាស់កម្រិត(PH) នៅក្នុងទឹក និងចេះបង្កើតអុកស៊ីសែនក្នុងទឹកឱ្យបង្កងអាចរស់នៅបាន។

លោកបញ្ជាក់ដូច្នេះថា ៖

«ដោយសារតែស្រលាញ់ ខ្ញុំបានព្យាយាមជាច្រើនលើក ច្រើនសារ ដើម្បីចិញ្ចឹមបង្កង រហូតទទួលបានជោគជ័យ ហើយដោយសារទីផ្សារល្អមានភ្ញៀវកម្ម៉ង់ទិញជាហូរហែ ខ្ញុំក៏បានទិញដីជីកស្រះពង្រីកការចិញ្ចឹមឱ្យកាន់តែច្រើនបន្ថែមទៀត»។

ការរៀបចំស្រះ គេមិនត្រូវជីកស្រះតូចពេក ឬធំពេកនោះទេ ដោយជាទូរទៅ កសិករត្រូវរៀបចំស្រះដែលមានទំហំ ២៥ម៉ែត្រ x ៥០ម៉ែត្រ ហើយដាក់កូនបង្កងទៅតាមដង់ស៊ីតេនៃផ្ទៃដីដោយក្នុង ១ម៉ែត្រការ៉េ ចន្លោះពី ១០ ទៅ ១២ក្បាល។ សម្រាប់កសិដ្ឋានខាងលើនេះ គេអាចដាក់កូនបង្កងប្រមាណ ១ម៉ឺនក្បាល ឬលើសពីនេះ ហើយចិញ្ចឹមរយៈពេល ៣ ទៅ ៤ខែ ទើបគេអាចចាប់បង្កងលក់បានជាបណ្តើរៗ ដោយ ១គីឡូក្រាម មានបង្កងប្រមាណ ១៧ក្បាល លក់ក្នុងតម្លៃចន្លោះពី ១៧ដុល្លារទៅ ១៨ដុល្លារ។

លោកបញ្ជាក់ថា ៖

«ក្នុងមួយស្រះមានចំនួន ១ម៉ឺនកូននេះ បើយើងចិញ្ចឹមរយៈពេល ៣ ទៅ ៤ខែ យើងនឹងទទួលបានបង្កងសាច់ប្រហែលជា ៤០០គីឡូក្រាម លក់បានប្រាក់ប្រមាណជា ៧០០០ដុល្លារក្នុងមួយស្រះ ដែលអាចរក​ប្រាក់ចំណេញបានច្រើនគួរសម»។

លោកថា សម្រាប់ការចិញ្ចឹមបង្កងអូស្រ្តាលីហាក់មានភាពងាយស្រួលជាងចិញ្ចឹមត្រី​ ចិញ្ចឹមមាន់ ទា ឬសត្វពាហនៈផ្សេងៗទៀត ដោយសារតែវាធន់នឹងជំងឺ ហើយមិនស៊ីចំណីច្រើនដូចសត្វផ្សេងៗនោះទេ ព្រោះថាការដាក់ត្រកួន កំប្លោក កញ្ឆែត ឬចក អាចធ្វើជាចំណីបង្កងបានមួយផ្នែក និងមួយផ្នែកទៀតវាជួយបង្កើតអុកស៊ីសែននៅក្នុងទឹកផងដែរ។ ជាទូរទៅ ការចិញ្ចឹមបង្កងតែងមានងាប់ខ្លះៗ​​​ជៀសមិនរួចនោះទេ ប៉ុន្តែ ចាប់ពីពេលចិញ្ចឹមរហូតចាប់លក់ បង្កងងាប់ប្រហែលជា ១៥ ទៅ ២០ ភាគរយប៉ុណ្ណោះ។

កសិករក្នុងប្រទេសកម្ពុជា​ មានភាពងាយស្រួលក្នុងការស្វែងរកចំណីបង្កង ជាប្រភេទគ្រាប់ធញ្ញជាតិដែលមានស្រាប់នៅក្នុងស្រុក ដូចជា គ្រាប់ពោត ល្ពៅ សណ្តែក ឬសណ្តែកបណ្តុះក៏បាន ប៉ុន្តែត្រូវយកគ្រាប់ធញ្ញជាតិទាំងនោះទៅស្ងោរទើបបង្កងស៊ីបាន។ យ៉ាងណាក៏ដោយ ទោះជាមិនលំបាកក្នុងការស្វែងរក ប៉ុន្តែកសិករក៏ត្រូវចេះបច្ចេកទេសវាស់ទឹក បង្កើតអុកស៊ីសែន ក៏ដូចជាការផ្លាស់ប្តូរទឹក និងផ្តល់របបអាហារឱ្យត្រឹមត្រូវ មុននឹងចាប់យកមុខរបរចិញ្ចឹមនេះ ហើយបើសិនជាមានចំណាប់អារម្មណ៍ចង់ចញ្ចឹមពិតប្រាកដ អាចទទំនាក់ទំនងសាកសួរព័ត៌មាន ឬមករៀនដកស្រង់បទពិ​សោធន៍ជាមួយម្ចាស់កសិដ្ឋានបង្កងនាគខាងលើក៏បាន។

សូមជម្រាបថា ដោយសារតែមានតម្រូវការទីផ្សារល្អ ងាយស្រួលលក់ មានតម្លៃខ្ពស់ ជាពិសេស មានអតិថិជននៅតាមបណ្តាខេត្ត/ក្រុង កាន់តែច្រើន បច្ចុប្បន្ន កសិដ្ឋានមួយនេះ បានពង្រីកខ្លួនកាន់តែធំទៅៗ ពោលគឺផ្តើមចេញការចិញ្ចឹមសាកល្បងនៅក្នុងតង់កៅស៊ូលើដំបូលផ្ទះកាលពីអំឡុងឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៦ បានបង្កើតជាកសិដ្ឋានកម្រិតមធ្យម ជាមួយនឹងការត្រៀមដីសម្រាប់ពង្រីកកន្លែងចិញ្ចឹមសរុប ១៥ហិកតា ដើម្បីអាចផ្គង់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់៕   

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា