ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថានផលិតរឿងភាគខ្លីធំជាងគេក្នុងប្រទេស នឹងហាមឃាត់ប្រធានបទធំៗចំនួន ៣ និងដាក់កម្រិតកាន់តែតឹងរ៉ឹងលើប្រភេទខ្លឹមសារចំនួន ១៣ ផ្សេងទៀត។

Advertisement

យោងតាមសារព័ត៌មាន Sina វិធានការថ្មីទាំងនេះមានគោលបំណងគ្រប់គ្រងការផលិត និងការចែកចាយខ្លឹមសារ ព្រមទាំងលើកកម្ពស់បរិយាកាសឧស្សាហកម្មកម្សាន្តឱ្យកាន់តែមានក្រមសីលធម៌ល្អ។ ប្រធានបទទាំង ៣ ដែលត្រូវបានរាយការណ៍ថាហាមឃាត់ដាច់ខាត រួមមាន៖

  • ខ្លឹមសារពាក់ព័ន្ធនឹងអបិយជំនឿ និងមន្តអាគមងងឹត
  • ប្រធានបទសាសនា ឬជំនឿក្នុងតំបន់ ដែលមានលក្ខណៈរសើប
  • សាច់រឿងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការឆបោកចាប់ជំរិត និងក្រុមឧក្រិដ្ឋជន នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា

លើសពីនេះ ប្រភេទខ្លឹមសារចំនួន ១៣ នឹងត្រូវប្រឈមមុខនឹងការពិនិត្យឡើងវិញយ៉ាងតឹងរ៉ឹងបំផុត។ ខ្លឹមសារទាំងនោះរួមមាន៖ សមត្ថភាពលើសធម្មជាតិហួសហេតុ, សាច់រឿងសងសឹកដែលមានអំពើហិង្សាខ្លាំងជ្រុល, ការប្រើប្រាស់សម្ភារៈថតដែលមានគ្រោះថ្នាក់, ខ្លឹមសារមើលងាយសេចក្តីថ្លៃថ្នូររបស់មនុស្ស, ការរំលោភលើសិទ្ធិឯកជនភាព, សាច់រឿងឧក្រិដ្ឋកម្មរៀបចំទុកជាមុន, ជម្លោះគ្រួសារអភិជនដែលមានការជួលមនុស្សឃាត និងការបង្អួតទ្រព្យសម្បត្តិហួសហេតុ។ បទប្បញ្ញត្តិទាំងនេះ ក៏ត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ «រឿងភាគប្រភេទ CEO» ដែលកំពុងពេញនិយមផងដែរ ដែលរឿងទាំងនោះជារឿយៗតែងតែបង្ហាញពីស្នេហាដោយបង្ខំចិត្ត ឧក្រិដ្ឋកម្មថ្នាំញៀន ការមានអំណាចដែលមិនឆ្លុះបញ្ចាំងពីការពិត និងតួអង្គអ្នកមានអំណាចដែលអាចគ្រប់គ្រងឧស្សាហកម្មទាំងមូលបានតាមចិត្ត។

សម្រាប់រឿងភាគបែបគ្រួសារ នឹងត្រូវកំណត់មិនឱ្យមានសាច់រឿងដែលពាក់ព័ន្ធនឹងការបង្ខិតបង្ខំផ្លូវចិត្ត ការលួចលាក់មានសហាយស្មន់ ការលើកតម្កើងស្រីកំណាន់ អំពើហិង្សាក្នុងគ្រួសារ ការរំលូតកូន និងការបំផ្លើសជម្លោះរវាងម្តាយក្មេកនិងកូនប្រសា។

ចំពោះរឿងភាគបុរាណ ឬសម័យអតីតកាលវិញ នឹងត្រូវហាមឃាត់មិនឱ្យមានការកែប្រែខុសពីការពិតនៃប្រវត្តិសាស្ត្រ ខណៈការផលិតដែលមានតួសម្តែងជាកុមារ មិនត្រូវបានអនុញ្ញាតឱ្យមានសាច់រឿងពាក់ព័ន្ធនឹងការជួញដូរកុមារ ការបោះបង់ចោលកុមារ ឬការប្រើប្រាស់កុមារដើម្បីគំរាមកំហែងឪពុកម្តាយឡើយ។ ការរឹតបន្តឹងលើប្លង់នៃការជក់បារី ការសេពគ្រឿងស្រវឹងហួសប្រមាណ ការប្រើពាក្យសម្តីអសុរោះ និងអំពើហិង្សាក៏រំពឹងថានឹងត្រូវពង្រឹងបន្ថែមទៀតដែរ។

ការផ្លាស់ប្តូរនេះ ធ្វើឡើងបន្ទាប់ពីយុទ្ធនាការទ្រង់ទ្រាយធំមួយដែលត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១ មិថុនា ដោយរដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) ដែលមានគោលបំណងលុបបំបាត់ខ្លឹមសារអាសអាភាស ដែលមានគ្រោះថ្នាក់ និងរំលោភលើកម្មសិទ្ធិបញ្ញា ព្រមទាំងសាច់រឿងដែលលើកតម្កើងសម្ភារៈនិយម អាពាហ៍ពិពាហ៍មានបញ្ហា និងផ្នត់គំនិតសក្តិភូមិ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយ Hongguo Short Drama គិតត្រឹមខែមេសា ឆ្នាំ ២០២៦ វេទិកានេះបានលុបចោលរឿងភាគខ្លីចំនួន ៣៦៩ រឿង និងខ្សែភាពយន្តកំប្លែងជាង ១២០០០ វីដេអូ ដែលបានបំពានលើគោលការណ៍ណែនាំខ្លឹមសាររបស់ខ្លួន។

ការបង្រ្កាបនេះបានកើតឡើង ទោះបីជាឧស្សាហកម្មមួយនេះកំពុងមានការរីកចម្រើនយ៉ាងគំហុកក៏ដោយ។ ស្ថាប័ន Data Eye បានរាយការណ៍ថា ទីផ្សាររឿងភាគខ្លីរបស់ប្រទេសចិនបានឈានដល់ ៩០ ប៊ីលានយន់ (ប្រហែល ១២.៥ ប៊ីលានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២៥ ដែលកើនឡើង ៧៨% ធៀបនឹងឆ្នាំមុន ខណៈដែលចំនួនអ្នកទស្សនាសរុបក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ឆ្នាំ ២០២៦ បានឈានដល់ ៨.៧ ប៊ីលានដង។

ខណៈដែលក្រុមអ្នកគ្រប់គ្រងបាននិយាយថា វិធានការទាំងនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់គុណភាពខ្លឹមសារ អ្នកសង្កេតការណ៍ឧស្សាហកម្មជាច្រើនជឿជាក់ថា ច្បាប់ថ្មីនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការផលិត ដោយសារតែស្គ្រីបរឿងភាគខ្លីមួយចំនួនធំ តែងតែពឹងផ្អែកលើប្រធានបទដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទាំងនេះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា