មេរៀនសុជីវធម៌តូចៗ ២០ យ៉ាងដែលឪពុកម្ដាយគ្រប់រូបគួរបង្រៀនកូនឱ្យយល់ដឹងតាំងពីតូច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេរៀនសុជីវធម៌តូចៗ ២០ យ៉ាងដែលឪពុកម្ដាយគ្រប់រូបគួរបង្រៀនកូនឱ្យយល់ដឹងតាំងពីតូច

មេរៀនសុជីវធម៌តូចៗ ២០ យ៉ាងដែលឪពុកម្ដាយគ្រប់រូបគួរបង្រៀនកូនឱ្យយល់ដឹងតាំងពីតូច

សុជីវធម៌រៀនពីគ្រួសារគឺជា “បំណិនជីវិត” ដែលនឹងជាប់ខ្លួនកូនរហូតដល់ធំ។ គ្រួសារដែលប្រដៅកូនពីរឿងតូចតាចទាំងនេះបានខ្ជាប់ខ្ជួន រមែងបង្កើតបានក្មេងដែលគួរឱ្យស្រឡាញ់ និងគួរឱ្យចូលចិត្តសម្រាប់អ្នកដែលបានជួបបានស្គាល់។

Advertisement

១. និយាយពាក្យ “អរគុណ–សុំទោស” ឱ្យក្លាយជាទម្លាប់៖ ពាក្យសម្ដីតូចតាច តែឆ្លុះបញ្ចាំងពីការផ្ដល់តម្លៃដល់អ្នកដទៃ។

២. ស្ដាប់អ្នកដទៃនិយាយឱ្យចប់ កុំនិយាយកាត់៖ បង្រៀនឱ្យកូនចេះគោរពការប្រាស្រ័យទាក់ទង និងមតិយោបល់របស់អ្នកដទៃ។

៣. ជម្រាបសួរមនុស្សចាស់ និងមនុស្សជុំវិញខ្លួន៖ ការញញឹម ការសំពះ ឬការនិយាយពាក្យជម្រាបសួរ ឬក៏សួស្តី គឺជាមន្តស្នេហ៍​ដ៏សំខាន់បំផុតក្នុងការចូលសង្គម។

៤. សុំការអនុញ្ញាតមុននឹងចាប់កាន់ ឬប្រើប្រាស់របស់ដទៃ៖ ជួយឱ្យកូនយល់ពីសិទ្ធិ និងព្រំដែន។

៥. គោះទ្វារមុននឹងចូលបន្ទប់៖ បណ្តុះគំនិតពីរឿងឯកជនភាព និងការផ្ដល់កិត្តិយសអ្នកដទៃ។

៦. ទុកដាក់របស់របរប្រើប្រាស់ផ្ទាល់ខ្លួនក្រោយពេលប្រើរួច៖ សុជីវធម៌ចំពោះការរ់សនៅរួមជាមួយអ្នកដទៃ ចាប់ផ្ដើមពីការមានវិន័យនៅក្នុងផ្ទះ។

៧. ជួយការងារផ្ទះទៅតាមវ័យ៖ កូននឹងរៀនដឹងថាការងារ “ផ្ទះ” គឺជាតួនាទីរបស់គ្រប់គ្នា មិនមែនជាតួនាទីរបស់ម្ដាយម្នាក់ឯងឡើយ។

៨. គោរពពេលវេលា៖ ឱ្យពួកគេដឹងថាការមិនបណ្ដោយឱ្យអ្នកដទៃរង់ចាំ គឺជាការគោរពពេលវេលារបស់អ្នកដទៃ។

៩. និយាយដោយប្រើ​សំឡេងសមរម្យ ទោះបីជាស្ថិតក្នុងអារម្មណ៍មិនល្អក៏ដោយ៖ អារម្មណ៍ជារឿងធម្មជាតិ ប៉ុន្តែការគ្រប់គ្រងពាក្យសម្ដីគឺបង្ហាញពីកម្រិតចំណេះដឹង។

១០. មិនត្រូវសើចចំអកលើរូបរាង មុខមាត់ ឬចំណុចខ្សោយរបស់អ្នកដទៃ៖ បង្រៀនឱ្យកូនចេះយល់ចិត្ត (Empathy) តាំងពីតូច។

១១. ស្គាល់ពីការចែករំលែក និងការរង់ចាំតាមលំដាប់ជួរ៖ ជួយកាត់បន្ថយភាពមានៈ និងហ្វឹកហាត់ការរស់នៅក្នុងសង្គម។

១២. មិនប្រើទូរស័ព្ទក្នុងកំឡុងពេលកំពុងជជែកជាមួយមនុស្សនៅចំពោះមុខ៖ នេះគឺជាសុជីវធម៌សម័យថ្មីដ៏សំខាន់បំផុត។

១៣. គោរពបុគ្គលិកបម្រើសេវាកម្ម និងគ្រប់អាជីព៖ ក្មេងដែលឃើញឪពុកម្ដាយប្រព្រឹត្តចំពោះអ្នកដទៃដោយការផ្ដល់កិត្តិយស នឹងស្រូបយកចំណុចនោះដោយស្វ័យប្រវត្តិ។

១៤. ញ៉ាំអាហារដោយរបៀបរៀបរយ៖ មិនធ្វើសំឡេងខ្លាំង ទំពារបិទមាត់ និងរង់ចាំអ្នកដទៃមុននឹងចាប់ផ្ដើមញ៉ាំក្នុងឱកាសខ្លះ។

១៥. រក្សាអនាម័យក្នុងទីសាធារណៈ៖ បោះសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ រៀបចំតុក្រោយពេលប្រើរួច និងមិនបង្កើតបន្ទុកដល់អ្នកដទៃ។

១៦. មិនត្រូវសើចបង្អាប់នៅពេលឃើញអ្នកដទៃធ្វើខុស៖ បង្រៀនកូនឱ្យមានចិត្តមេត្តា មិនយកកំហុសអ្នកដទៃមកធ្វើជារឿងសប្បាយ។

១៧. ចេះជម្រាបលា និងអរគុណនៅពេលចេញពីផ្ទះអ្នកដទៃ៖ ជាចំណុចតូចតាចដែលធ្វើឱ្យក្មេងមើលទៅកក់ក្តៅ និងគួរឱ្យស្រឡាញ់ខ្លាំង។

១៨. ព្រមទទួលស្គាល់នៅពេលធ្វើខុស មិនត្រូវទម្លាក់កំហុសឱ្យអ្នកដទៃ៖ ការទទួលខុសត្រូវគឺជាសុជីវធម៌ផ្លូវចិត្ត ដែលសំខាន់ជាងពាក្យសម្ដីពិរោះៗ។

១៩. គោរពច្បាប់វិន័យនៅក្នុងផ្ទះ និងសង្គម៖ ដូចជាការតម្រង់ជួរ មិនកាត់ជួរ កាត់មុខអ្នកដទៃ និងមិនធ្វើសំឡេងរំខានដល់អ្នកដទៃ។

២០. មានសុជីវធម៌ជាមួយមនុស្សក្នុងផ្ទះ មិនមែនសម្រាប់តែមនុស្សខាងក្រៅឡើយ៖ ក្មេងខ្លះសុភាពជាមួយអ្នកដទៃ តែនិយាយមិនល្អដាក់ឪពុកម្ដាយ។ តាមពិតទៅ “សុជីវធម៌ពិតប្រាកដ” គឺអ្វីដែលយើងធ្វើចំពោះមនុស្សដែលនៅក្បែរខ្លួនយើងបំផុត។

សរុបរួម ការបង្រៀនពីសុជីវធម៌មិនមែនដើម្បីឱ្យកូន “មើលទៅល្អតែនៅចំពោះមុខអ្នកដទៃ” នោះទេ ប៉ុន្តែវាកំពុងសាងកូនឱ្យក្លាយជាមនុស្សដែល «នៅទីណា ក៏មានគេចង់នៅក្បែរ» ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា