ធ្វើម្ហូបហើយ មានក្លិនឆ្អាបជាប់ដៃ ងាករករបស់ ៦យ៉ាងនេះក្នុងផ្ទះ ជួយបំបាត់ក្លិនឆ្អាបអស់ សល់តែក្លិនក្រអូប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្វើម្ហូបហើយ មានក្លិនឆ្អាបជាប់ដៃ ងាករករបស់ ៦យ៉ាងនេះក្នុងផ្ទះ ជួយបំបាត់ក្លិនឆ្អាបអស់ សល់តែក្លិនក្រអូប

ធ្វើម្ហូបហើយ មានក្លិនឆ្អាបជាប់ដៃ ងាករករបស់ ៦យ៉ាងនេះក្នុងផ្ទះ ជួយបំបាត់ក្លិនឆ្អាបអស់ សល់តែក្លិនក្រអូប

ជឿថា អ្នកចូលចិត្តធ្វើម្ហូប ភាគច្រើនប្រាកដជាធ្លាប់ជួបបញ្ហាក្លិនឆ្អាបជាប់ដៃ ​នៅពេលត្រូវចម្អិនប្រភេទត្រី ឬគ្រឿងសមុទ្រម្ដងៗ។ បើទោះបីជាលាងដៃនឹងសាប៊ូប៉ុន្មានដងទៅហើយ ក្លិនទាំងនោះនៅតែអាចតោងជាប់នឹងក្រចកមិនបាត់ នាំឱ្យមានអារម្មណ៍មិនស្រណុកចិត្តពេញមួយថ្ងៃ។​

Advertisement

ពេលចម្អិនអាហារបែបនេះនៅពេលក្រោយ អ្នកមិនបាច់បារម្ភរឿងក្លិនឆ្អាបជាប់ដៃទៀតទេ​ ព្រោះរបស់ក្នុងផ្ទះទាំង ៦នេះ អាចយកមកបំបាត់ក្លិនឆ្អាបយ៉ាងមានប្រសិទ្ធភាព អស់កង្វល់៖

១. អំបិលម៉ដ្ត

វិធីសាមញ្ញបំផុតមួយក្នុងការបំបាត់ក្លិនឆ្អាបពីដៃ គឺការប្រើប្រាស់អំបិលម៉ដ្ត។ អ្នកអាចដួសអំបិលប្រហែល ១ ស្លាបព្រាបាយ រួចដុសខាត់ឱ្យសព្វបាតដៃដែលសើមតិចៗ បន្ទាប់មកសឹមលាងចេញដោយទឹកស្អាត។ អំបិលនឹងជួយជម្រះទាំងរំអិល និងក្លិនឆ្អាបបានយ៉ាងល្អ ខណៈក៏ជួយឱ្យដៃរបស់អ្នកទន់ជាងមុនផងដែរ។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ន មិនគួរដុសខ្លាំងៗពេកទេដើម្បីការពារកុំឱ្យរលាត់ស្បែក។

២. ក្រូចឆ្មារ ឬក្រូចសើច

ពេលច្របាច់យកទឹកក្រូចឆ្មារធ្វើម្ហូបហើយ កុំប្រញាប់បោះសំបកចោលអី ព្រោះសំបកក្រូចឆ្មារនេះជាវត្ថុធាតុដើមដ៏សំខាន់មួយក្នុងការសម្អាតរបស់គគ្រិច។ អ្នកអាចយកសំបក ឬចំណិតដែលនៅសល់មកដុសសង្កត់តាមចុងម្រាមដៃ និងប្រឡោះក្រចក ដែលជាកន្លែងក្លិនឆ្អាបងាយប្រមូលផ្ដុំ។ ជាតិអាស៊ីតពីធម្មជាតិ និងប្រេងក្រអូបពីសំបកក្រូច នឹងជួយកម្ចាត់ក្លិនឆ្អាបបានល្អ ប្តូរមកវិញនូវក្លិនក្រអូបឆ្ងុយប្រហើរបែបធម្មជាតិ។

៣. កាកកាហ្វេ

មនុស្សមួយចំនួនចូលចិត្តយកកាកកាហ្វេដាក់ក្នុងផ្ទះ ដើម្បីបំបាត់ក្លិនមិនល្អ។ ដូចគ្នាដែរ​ កាកកាហ្វេនេះក៏អាចកម្ចាត់ក្លិនឆ្អាបពីដៃបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ អ្នកគ្រាន់តែយកកាកកាហ្វេមកលាយជាមួយទឹកបន្តិច រួចដុសខាត់លើដៃប្រហែល ២-៣ នាទី សឹមលាងទឹកចេញ។ កាកកាហ្វេនឹងជួយបឺតស្រូបក្លិនឆ្អាបចេញអស់គ្មានសល់ ថែមទាំងជួយជម្រះកោសិកាស្បែកចាស់ៗ ធ្វើឱ្យស្បែកដៃដែលធ្លាប់គ្រើម ប្រែមកជាទន់ ដូចបានស្ក្រាប់ដៃក្នុងពេលតែមួយ។

៤. ទឹកលាងអង្ករ

តាំងពីដើមមក ចាស់បុរាណខ្មែរយើងនិយមទុកទឹកអង្ករដើម្បីលាងសាច់ជ្រូក មាន់ ត្រី ដោយប្រាប់តៗគ្នាថា ទឹកអង្ករអាចជួយបំបាត់ក្លិនឆ្អាបបានយ៉ាងល្អ។ ស្របគ្នាដែរ អ្នកក៏អាចយកទឹកអង្ករនេះ​មកបំបាត់ក្លិនឆ្អាបលើដៃដូចគ្នា ដោយការយកដៃទៅត្រាំក្នុងទឹកអង្ករប្រហែល ១-២ នាទី រួចដុសសម្អាតតិចៗ មុននឹងលាងដៃនឹងទឹកស្អាតម្ដងទៀត។ ស្របពេលដែលទឹកអង្ករក៏ជាគ្រឿងថែរក្សាសម្រស់ដូចពេញនិយមបែបជប៉ុនផងនោះ ការធ្វើបែបនេះនឹងជួយឱ្យដៃរបស់អ្នកបាត់ក្លិនឆ្អាប និងមានសំណើមក្នុងពេលតែមួយ។

៥. ទឹកខ្មេះ

ប្រសិនបើអ្នកត្រូវធ្វើមុខម្ហូបដែលមានក្លិនឆ្អាបខ្លាំង ដូចជាពពួកគ្រឿងក្នុង ឬត្រីសមុទ្រ សូមណែនាំឱ្យអ្នកសាកល្បងយកទឹកខ្មេះដែលលាយជាមួយទឹកក្ដៅឧណ្ហៗ មកលាងសម្អាតដៃឱ្យសព្វ។ បន្ទាប់មកសឹមលាងសម្អាតជាមួយសាប៊ូក្រអូបម្តងទៀតដើម្បីបំបាត់ក្លិនជូររបស់ទឹកខ្មេះ។ ការធ្វើបែបនេះនឹងជួយឱ្យដៃរបស់អ្នកបាត់ក្លិនឆ្អាប បើទោះបីជាអ្នកត្រូវចម្អិនសាច់ដែលមានក្លិនខ្លាំងក៏ដោយ។​

៦. ថ្នាំដុសធ្មេញ

ដ្បិតមិននៅក្នុងផ្ទះបាយ តែថ្នាំដុសធ្មេញក៏មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនឆ្អាបផងដែរ។ អ្នកអាចច្របាច់ថ្នាំដុសធ្មេញលើបាតដៃ រួចដុសសម្អាតដៃដូចជាការលាងដៃនឹងសាប៊ូទូទៅ។ ផលិតផលមួយនេះមានតួនាទីសម្រាប់កម្ចាត់ក្លិនអាក្រក់ស្រាប់ ដូច្នេះពេលយកមកលាងដៃ វានឹងជួយបំបាត់ក្លិនឆ្អាប ថែមទាំងបន្សល់ទុកក្លិនក្រអូបបែបស្រស់ស្រាយជាប់នៅលើដៃអ្នកផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា