ត្រឹមជាសត្វចិញ្ចឹម តែបើសាកល្បងសង្កេតមើល ឆ្មាកំពុងបង្រៀនមេរៀនជីវិតជូនអ្នកប្រចាំថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹមជាសត្វចិញ្ចឹម តែបើសាកល្បងសង្កេតមើល ឆ្មាកំពុងបង្រៀនមេរៀនជីវិតជូនអ្នកប្រចាំថ្ងៃ

ត្រឹមជាសត្វចិញ្ចឹម តែបើសាកល្បងសង្កេតមើល ឆ្មាកំពុងបង្រៀនមេរៀនជីវិតជូនអ្នកប្រចាំថ្ងៃ

ជួនកាលមេរៀនសម្រាប់ជីវិត មិនមែនបានមកពីសៀវភៅក្រាស់ៗ ឬពាក្យសម្ដីដ៏អស្ចារ្យរបស់អ្នកណាម្នាក់នោះទេ ប៉ុន្តែវាបានមកពីសត្វដែលអ្នកកំពុងចិញ្ចឹម។ ដ្បិតធ្វើឡើងដោយទម្លាប់ធម្មជាតិ តែប្រសិនបើអ្នកសង្កេតឱ្យច្បាស់ អ្នកនឹងឃើញថា ឆ្មាកំពុងតែបង្រៀនអ្នក តាមរយៈកាយវិការដ៏សាមញ្ញរបស់វា។

Advertisement

នេះគឺជាមេរៀនទាំង ៥ ពីសត្វឆ្មា ថ្វីបើមិនធំដុំ តែបើអាចសម្របខ្លួនតាម​បាន ជីវិតគង់ប្រសើរជាងមុន៖

១. រស់នៅជាមួយបច្ចុប្បន្នកាលឱ្យបានល្អ

ឆ្មាមិនដែលបារម្ភពីថ្ងៃស្អែក ហើយក៏មិនដែលរំឭកពីម្សិលមិញទេ។ នៅពេលវាលេង គឺវាលេងឱ្យអស់ពីចិត្ត នៅពេលវាដេក គឺវាដេកឱ្យស្កប់ស្កល់។ ការរស់នៅជាមួយឆ្មាធ្វើឱ្យយើងរៀនសូត្រថា “ពេលនេះ” គឺជាអ្វីដែលយើងកំពុងមាន និងត្រូវធ្វើឱ្យបានល្អបំផុត មិនមែនម្សិលមិញដែលរំលងផុតទៅហើយ ឬថ្ងៃស្អែកដែលមិនទាន់នឹងមកដល់នៅឡើយ។

ជួនកាលក្ដីសុខមិនមានអ្វីស្មុគស្មាញឡើយ គ្រាន់តែបែរមករស់នៅជាមួយអ្វីដែលនៅចំពោះមុខ កុំបារម្ភច្រើនពេក ដូចជាសត្វឆ្មាក៏គ្រប់គ្រាន់ហើយ។

២. សម្រាកដោយមិនចាំបាច់មានអារម្មណ៍ខុស

ឆ្មាដេកជាច្រើនម៉ោងក្នុងមួយថ្ងៃ ដោយមិនដែលមានអារម្មណ៍ខុសអ្វីបន្តិចសោះឡើយ។ ផ្ទុយពីមនុស្សដែលសង្គមបានបង្រៀនឱ្យព្យាយាមខិតខំធ្វើការគ្រប់ពេលវេលា ស្ទើរតែរកពេលសម្រាកមិនឃើញ។ ឆ្មាបង្រៀនយើងថា ការឈប់សម្រាកមិនមែនជាការខ្ជិលច្រអូស ឬជាការបង្អាក់ដំណើរអភិវឌ្ឍនៃជីវិតនោះទេ ប៉ុន្តែវាគឺជាការបញ្ចូលថាមពលដើម្បីអាចបន្តដំណើរទៅមុខទៀត។

ជួនកាលការគេងនៅស្ងៀម ឬការទុកឱ្យខួរក្បាលទំនេរមួយគ្រា គឺជាការ Reset ខ្លួនឯងដ៏ល្អបំផុតដោយមិនចាំបាច់ធ្វើអ្វីបន្ថែម។

៣. ចេះជ្រើសរើសមនុស្សចូលមកក្នុងជីវិត

ឆ្មាមិនចូលរកមនុស្សគ្រប់គ្នា ហើយក៏មិនព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាញ់វាដែរ។ វាជ្រើសរើសដោយខ្លួនឯងថាចង់នៅជាមួយអ្នកណា និងបើកចិត្តឱ្យអ្នកណាចូលមកជិត។ ចំណុចនេះធ្វើឱ្យយើងអាចរៀនសូត្រពី “ព្រំដែន” ដែលជាដែនកំណត់ថា ជីវិតយើងមិនចាំបាច់បើកឱ្យមនុស្សគ្រប់គ្នាចូលមកគ្រប់ពេលនោះទេ។

ទំនាក់ទំនងដែលល្អ មិនមែនស្ថិតលើចំនួនមនុស្សដែលយើងរាប់អាននោះទេ ប៉ុន្តែគឺស្ថិតលើមនុស្សដែលយើងនៅក្បែរហើយ មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើជាខ្លួនឯង។

៤. ភាពសាមញ្ញក៏អាចបំពេញក្ដីសុខបានដែរ

ឆ្មាអាចមានក្ដីសុខជាមួយរបស់តូចតាច ដូចជាប្រអប់ក្រដាស ស្មៅខ្ចីៗ ឬរបស់លេងដដែលៗ។ វាមិនត្រូវការអ្វីដែលស្មុគស្មាញដើម្បីមានអារម្មណ៍ល្អឡើយ។ ចំណុចនេះ បានបង្ហាញយើងថា ជួនកាលក្ដីសុខនៃជីវិតប្រហែលជាមិនមែនស្ថិតនៅលើរបស់ថ្មី ឬរបស់ធំដុំជានិច្ចនោះទេ ប៉ុន្តែស្ថិតលើសមត្ថភាពក្នុងការទទួលយកក្ដីសុខពីរបស់សាមញ្ញៗដែលនៅជុំវិញខ្លួនយើងជារៀងរាល់ថ្ងៃ។

៥. ធ្វើជាខ្លួនឯង

ឆ្មាមិនដែលព្យាយាមធ្វើជាអ្វីដែលមិនមែនជារូបវានោះទេ។ ពេលខ្លះ វាក៏មកប្រលែងលេងនឹងម្ចាស់ ពេលខ្លះក៏ទៅលាក់ខ្លួនបាត់​ ហើយពេញខ្លះក៏វាយឫកពា ធ្វើដូចម្ចាស់មិនស្មើខ្លួន។ ទោះបីជាក្នុងទម្រង់ណាក៏ដោយ ឆ្មានៅតែជាឆ្មា នៅតែជាអ្វីដែលជាខ្លួនវា ហើយចំណុចនេះឯងដែលធ្វើឱ្យឆ្មាមានមន្តស្នេហ៍។

វាបង្រៀនយើងថា យើងមិនចាំបាច់កែប្រែខ្លួនឯងរហូតដល់បាត់បង់ខ្លួនឯងដើម្បីឱ្យអ្នកណាម្នាក់ទទួលស្គាល់នោះទេ ព្រោះមនុស្សដែលស្រឡាញ់យើងពិតប្រាកដ នឹងស្រឡាញ់យើងក្នុងបែបបទជាយើង។ មិនខុសពីឆ្មា ទោះបីជាពេលខ្លះវារឹងរូស ឬងក់ងរច្រើនក្ដី តែម្ចាស់នៅតែស្រឡាញ់វាដូចដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា