អភិវឌ្ឍខ្លួនឯងឱ្យមានសុខភាពល្អជាងមុន ឆ្លាតជាងមុន និង​ស្អាតជាងមុន ដោយទម្លាប់ងាយៗទាំងនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិវឌ្ឍខ្លួនឯងឱ្យមានសុខភាពល្អជាងមុន ឆ្លាតជាងមុន និង​ស្អាតជាងមុន ដោយទម្លាប់ងាយៗទាំងនេះ

អភិវឌ្ឍខ្លួនឯងឱ្យមានសុខភាពល្អជាងមុន ឆ្លាតជាងមុន និង​ស្អាតជាងមុន ដោយទម្លាប់ងាយៗទាំងនេះ

ការចេះស្រលាញ់ខ្លួនឯង គឺជារឿងដ៏សំខាន់ ព្រោះខ្លួនយើងនេះហើយគឺជាទ្រព្យ​ដ៏មានតម្លៃបំផុត។ ខណៈផ្ទះ ឡាន ប្រាក់កាស ឬតំណែង អាចបាត់បង់ទៅវិញបានទាំងអស់ ប៉ុន្តែសុខភាព និងអ្វីដែលយើងបានកសាងនៅក្នុងខ្លួនយើង នឹងស្ថិតនៅជាប់ជាមួយយើងរហូតដល់ថ្ងៃចុងក្រោយ ហើយមិនថាក្តីស្រមៃធំធេងប៉ុណ្ណាក៏ដោយ ក៏គ្មានន័យដែរ ប្រសិនបើរាងកាយដំណើរការទៅមុខលែងរួច។

១. គេងឱ្យបានគ្រប់គ្រាន់ មុននឹងធ្វើអ្វីផ្សេង អ្នកដែលអត់ងងុយ គិតការងារមិនចេញ អារម្មណ៍មិនល្អ ហើយសម្រស់នឹងទ្រុឌទ្រោម។ ការគេងឱ្យបានគ្រប់គ្រាន់មិនមែនមានន័យយើងខ្ជិលទេ តែយើងគ្រាន់តែសម្រាក ហើយការសម្រាកក៏ជាផ្នែកមួយនៃការអភិវឌ្ឍខ្លួនដែរ។

២. ធ្វើចលនារាងកាយបន្តិចបន្តួចជារៀងរាល់ថ្ងៃ មិនចាំបាច់ហាត់ប្រាណធ្ងន់ធ្ងររហូតដល់អស់កម្លាំងល្ហិតល្ហៃក៏បាន គ្រាន់តែដើរ លើកដៃលើកជើងសម្រួលសរសៃ ឬមិនអង្គុយពេញមួយថ្ងៃ រាងកាយនឹងអរគុណដល់យើងនៅពេលយើងមានអាយុច្រើនឡើង។

៣. បរិភោគអាហារដែលធ្វើឱ្យរាងកាយមានកម្លាំង មិនមែនញ៉ាំតិចដើម្បីឱ្យស្គមនោះទេ ប៉ុន្តែត្រូវញ៉ាំអាហារដែលធ្វើឱ្យយើងភ្ញាក់ឡើងប្រកបដោយភាពស្រស់ស្រាយ។ គោលដៅគឺដើម្បីមានកម្លាំងរស់នៅ មិនមែនដើម្បីបានតួលេខនៅលើជញ្ជីងថ្លឹងទម្ងន់នោះទេ។

៤. ញ៉ាំទឹកឱ្យបានច្រើន ជារឿងតូចតាចដែលគ្រប់គ្នាសុទ្ធតែដឹង ប៉ុន្តែមិនសូវជាបានធ្វើ។ ស្បែក ភាពស្រស់ស្រាយ និងសមាធិ នឹងល្អប្រសើរឡើងចេញពីចំណុចនេះ។ វាជារបស់ដែលថោកបំផុត ប៉ុន្តែឱ្យផលចំណេញប្រកបដោយតម្លៃបំផុត។

៥. អានសៀវភៅឱ្យក្លាយជាទម្លាប់ មួយថ្ងៃពីរប្រាំពីរទំព័រ អាចមើលមិនទាន់ឃើញលទ្ធផលទេ ប៉ុន្តែនៅពេលកន្លងផុតទៅមួយឆ្នាំ យើងនឹងមានគំនិតមិនដូចមុនឡើយ។ សៀវភៅអាចផ្លាស់ប្តូរមនុស្សបានដោយស្ងប់ស្ងាត់។

៦. រៀនសូត្រអ្វីថ្មីៗជា​រាល់ឆ្នាំ ជំនាញថ្មីមួយអាចបើកឱកាសឱ្យយើងបានជាច្រើន។ មនុស្សដែលឈប់រៀនសូត្រ មិនមែនចាស់ដោយសារអាយុនោះទេ ប៉ុន្តែចាស់ដោយសារគ្មានអ្វីថ្មីតទៀតនៅក្នុងខួរក្បាល​។

៧. នៅជិតមនុស្សដែលពូកែជាងយើង មិនបាច់ខ្មាសគេដែលខ្លួនឯងមិនទាន់ពូកែនោះទេ។ នៅក្នុងរង្វង់ដែលយើងល្ងង់ជាងគេ អាចជា​រង្វង់ដែលយើងលូតលាស់លឿនបំផុត។ ចូរជ្រើសរើសមនុស្សជុំវិញខ្លួនឱ្យបានល្អ វាគឺជាការអភិវឌ្ឍខ្លួនយ៉ាងពិតប្រាកដ។

៨. កាត់បន្ថយពេលវេលាចុចទូរស័ព្ទលេងចោលឥតប្រយោជន៍ មួយថ្ងៃពីរម៉ោងនៅលើអេក្រង់ មួយឆ្នាំស្មើនឹងពេលវេលាជិតមួយខែពេញ។ បើយកពេលវេលានោះទៅធ្វើអ្វីផ្សេងគឺបានយ៉ាងច្រើន។

៩. ថែរក្សាស្បែក និងថែរក្សាខ្លួនឯង មិនមែនធ្វើដើម្បីឱ្យនរណាម្នាក់សរសើរនោះទេ ប៉ុន្តែធ្វើព្រោះតែពេលឆ្លុះកញ្ចក់ទៅ យើងមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ថ្ងៃនោះពេញមួយថ្ងៃ យើងនឹងដើរដោយទំនុកចិត្ត និងផាសុកភាពជាងមុន។

១០. តម្រង់ខ្នងឱ្យត្រង់ជានិច្ច ឥរិយាបថអាចផ្លាស់ប្តូរមនុស្សបានច្រើនជាងអ្វីដែលអ្នកគិត។ មនុស្សដែលខ្នងត្រង់មើលទៅមានទំនុកចិត្តភ្លាមៗ ហើយផ្លូវចិត្តក៏ច្រើនតែដើរតាមកាយវិការដែរ។

១១. រៀបចំខ្លួនដោយការគោរពខ្លួនឯង មិនបាច់ថ្លៃ មិនបាច់ដេញតាម Trend ឡើយ ធ្វើយ៉ាងណាឱ្យតែស្អាតបាត រៀបរយ និងជាខ្លួនឯង។ វាគឺជាការប្រាប់ខ្លួនឯងថា យើងឱ្យតម្លៃលើខ្លួនយើង។

១២. បង្កើតសម្រស់ដែលមិនប្រួលប្រែតាមអាយុ ទម្រង់មុខអាចស្អាតបានដោយសារឡេ និងពន្លឺភ្លើង ប៉ុន្តែខ្សែភ្នែកប្រកបដោយចិត្តមេត្តា និងសំឡេងនិយាយស្ដីដែលមិនប៉ះពាល់ដល់អ្នកណា របស់ទាំងនេះត្រូវបង្កើតដោយខ្លួនឯង ហើយនឹងគ្មានថ្ងៃប្រែប្រួលឡើយ។

១៣. ការសន្សំប្រាក់ គឺជាការស្រឡាញ់ខ្លួនឯង លុយមិនអាចទិញសុភមង្គលបានទាំងអស់ទេ ប៉ុន្តែវាអាចទិញជម្រើស និងភាពកក់ក្តៅក្នុងចិត្ត។ ជឿទៅ មនុស្សដែលមានប្រាក់សន្សំជាប់ខ្លួន អាចគេងលក់ស្រួលជាងអ្នកគ្មានលុយជាប់ខ្លួនជានិច្ច។

១៤. វិន័យនាំយើងទៅបានឆ្ងាយជាងកម្លាំងជំរុញចិត្ត កម្លាំងចិត្តមកតែពីរបីថ្ងៃក៏បាត់ទៅវិញ ប៉ុន្តែមនុស្សដែលបន្តធ្វើនៅក្នុងថ្ងៃដែលខ្លួនមិនចង់ធ្វើ គឺជាមនុស្សដែលទទួលបានលទ្ធផលពិតប្រាកដ។

១៥. ប្រកួតប្រជែងតែជាមួយខ្លួនឯងកាលពីម្សិលមិញបានហើយ មិនបាច់ទៅប្រៀបធៀបជាមួយជីវិតអ្នកណានៅលើបណ្ដាញសង្គមនោះទេ ​ឱ្យតែខ្លួនយើងល្អជាងខ្លួនយើងកាលពីម្សិលមិញបន្តិច ក៏រាប់ថាឈ្នះហើយ។ សន្សំជ័យជម្នះតូចៗថ្ងៃនេះទុក រួចចាំមើល​ផ្លែផ្កាធំនៅថ្ងៃក្រោយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា