ផ្នត់គំនិតទាំង ៩ នេះ គឺជាបង្អែកសម្រាប់តារាល្បីៗ ដែលធ្វើឱ្យពួកគេមិនព្រមចុះចាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្នត់គំនិតទាំង ៩ នេះ គឺជាបង្អែកសម្រាប់តារាល្បីៗ ដែលធ្វើឱ្យពួកគេមិនព្រមចុះចាញ់

ផ្នត់គំនិតទាំង ៩ នេះ គឺជាបង្អែកសម្រាប់តារាល្បីៗ ដែលធ្វើឱ្យពួកគេមិនព្រមចុះចាញ់

ពេលជីវិតនាំយើងឱ្យជួបប្រទះនឹងបញ្ហាលំបាក ការមានផ្នត់គំនិតក្នុងផ្លូវវិជ្ជមានដ៏រឹងមាំមួយ គឺជាគន្លឹះសំខាន់ក្នុងការនាំយើងឱ្យឆ្លងផុតពីឧបសគ្គទាំងនោះ។

ខាងក្រោមនេះ គឺជាផ្នត់គំនិតរបស់តារាល្បីលំដាប់ពិភពលោកទាំង ៩ រូប ដែលជួយឱ្យពួកគេមិនព្រមចុះចាញ់នឹងឧបសគ្គក្នុងជីវិត ខណៈវាក៏នឹងអាចជួយបំផុសគំនិតឱ្យអ្នកងើបឈរតស៊ូ និងបន្តដំណើរទៅមុខដោយភាពជឿជាក់៖

១. Chris Evans

“ភាពក្លាហានពិប្រាកដ គឺជាការប្រឈមមុខនឹងភាពភ័យខ្លាច មិនមែនជាការគ្មានភាពភ័យខ្លាចនោះទេ” – Chris Evans

Chris Evans បានលើកនិយាយអំពីភាពភ័យខ្លាច និងភាពក្លាហាន នៅពេលដែលលោករំឭកដល់ការដើរតួជា Captain America។ តារាប្រុសវ័យ ៤៥ ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំជ្រើសរើសទទួលលេងរឿង Captain America ព្រោះខ្ញុំដឹងខ្លួនថា តាមពិតចិត្តរបស់ខ្ញុំបដិសេធការសម្តែងជាតួអង្គនេះ ព្រោះតែខ្ញុំខ្លាច។ ខ្ញុំគិតថា យើងមិនគួរសម្រេចចិត្តលើរឿងអ្វីមួយ ដោយយកភាពភ័យខ្លាចមកតាំងជាគោលនោះទេ”។

ទស្សនៈនេះបានបង្ហាញថា លោកបានទទួលស្គាល់ថា លោកមានភាពភ័យខ្លាច ក៏ប៉ុន្តែលោកបានជ្រើសរើសប្រឈមមុខជាមួយនឹងវា ដើម្បីកុំឱ្យភាពភ័យខ្លាចក្លាយជារនាំងបិទបាំងឱកាសល្អៗក្នុងជីវិត។

២. Taylor Swift

“កុំឱ្យសំឡេងរបស់អ្នកដទៃមកលុបបំបាត់សំឡេងបេះដូងខ្លួនឯង” – Taylor Swift

ក្នុងអំឡុងពេលដែលរងការរិះគន់យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Taylor Swift ធ្លាប់បាននិយាយអំពីអារម្មណ៍ច្របូកច្របល់ក្នុងខ្លួន ប៉ុន្តែចុងក្រោយនាងក៏បានជ្រើសរើសស្តាប់ “សំឡេងបេះដូង” របស់ខ្លួនជាជាងសំឡេងពីខាងក្រៅ។

ពាក្យសម្តីនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការតាំងចិត្តរក្សាជំហរនៅលើផ្លូវរបស់ខ្លួន ខណៈមានសំឡេងពីខាងក្រៅមករំខាន គឺជារឿងសំខាន់ ដែលត្រូវការពឹងផ្អែកលើភាពក្លាហានមិនតិចនោះទេ។ នេះហើយជាអ្វីដែលធ្វើឱ្យតារាស្រីវ័យ ៣៦ ឆ្នាំរូបនេះនៅតែអាចឈរបានយ៉ាងរឹងមាំនៅលើវិស័យដែលពោរពេញដោយភាពវឹកវរនេះ។

៣. Jennifer Lopez

“អ្នកត្រូវតែប្រយុទ្ធដើម្បីអ្វីដែលអ្នកចង់បាន” – Jennifer Lopez

Jennifer Lopez បានធំធាត់ឡើងក្នុងគ្រួសារដើមកំណើត Puerto Rico ដែលត្រូវតស៊ូយ៉ាងលំបាកដើម្បីជីវិតនៅក្នុងសហរដ្ឋអាមេរិក។ នាងធ្លាប់ត្រូវគេបដិសេធទាំងលើសមត្ថភាពការងារ និងរូបរាង ប៉ុន្តែតារាស្រីវ័យ ៥៧ ឆ្នាំរូបនេះបានជ្រើសរើសមិនរាថយ និងតែងតែរំឭកខ្លួនឯងថា បើពួកយើងមិនលើកទង់សសុំចុះចាញ់ទេ ពួកយើងនៅតែមានឱកាសបង្កើតផ្លូវដើរសម្រាប់ខ្លួនឯងជានិច្ច។

ភាពជោគជ័យរបស់តារាពហុជំនាញរូបនេះ មិនមែនបានមកពីសំណាងនោះទេ ប៉ុន្តែបានមកពីការតស៊ូដោយមិនបោះបង់។

៤. Leonardo DiCaprio

“អរគុណដល់ពេលវេលាដែលពិបាកៗ ព្រោះវាធ្វើឱ្យអ្នកក្លាយជាអ្នកក្នុងថ្ងៃនេះ” – Leonardo DiCaprio

Leonardo DiCaprio ធ្លាប់បានបរាជ័យក្នុងការចាប់យកឱកាសសម្តែងជាតួអង្គក្នុងក្តីស្រមៃជាច្រើនដង និងត្រូវអត់ធ្មត់រង់ចាំរហូតដល់ពេលឱកាសមកដល់។ យ៉ាងណាមិញ តារាប្រុសវ័យ ៥១ ឆ្នាំរូបនេះ មិនដែលយកភាពបរាជ័យមកធ្វើជាលេសដើម្បីបោះបង់នោះទេ។

ផ្ទុយទៅវិញ លោកបានមើលឃើញថា គ្រប់ភាពលំបាកដែលលោកជួបគឺជាការលូតលាស់ ហើយរាល់ពេលដែលលោកដួល គឺជាពេលវេលាដែលលោកកាន់តែយល់ច្បាស់អំពីជីវិត។

៥. Keanu Reeves

“ទោះបីជាពិភពលោកនេះឃោរឃៅ ប៉ុន្តែយើងនៅតែអាចជ្រើសរើសធ្វើជាមនុស្សដែលមានមេត្តាបានដដែល” – Keanu Reeves

Keanu Reeves គឺជាមនុស្សម្នាក់ដែលឆ្លងកាត់ការបាត់បង់ក្នុងជីវិតមិនតិចនោះទេ។ សម្តីមួយឃ្លានេះបានបង្ហាញពីការយល់ដឹងយ៉ាងស៊ីជម្រៅរបស់លោកចំពោះពិភពលោកមួយនេះ។

តារាសម្តែងដែលមានសមត្ថភាពខ្ពស់រូបនេះជឿជាក់ថា ការជ្រើសរើសយកមេត្តាមមកឆ្លើយតបនឹងភាពឈឺចាប់ គឺជាការបង្កើតកម្លាំងល្អៗត្រឡប់ទៅឱ្យពិភពលោកវិញ។ ទោះបីជាយើងមិនអាចកែប្រែអ្វីបានក៏ពិតមែន យ៉ាងហោចណាស់យើងនៅតែអាចជ្រើសរើសបានថានឹងចិត្តល្អដាក់មនុស្សជុំវិញខ្លួនកម្រិតណា។

៦. Oprah Winfrey

“ភាពជោគជ័យមិនបានមកពីសំណាងទេ ប៉ុន្តែបានមកពីការត្រៀមខ្លួន និងការខិតខំ” – Oprah Winfrey

Oprah Winfrey បានធំធាត់ឡើងដោយត្រូវប្រឈមមុខទាំងការរើសអើងជាតិសាសន៍ និងយេនឌ័រ ប៉ុន្តែពិធីការិនីរូបនេះបែរជាយកបទពិសោធន៍ទាំងនោះមកធ្វើជាកម្លាំងចលករដែលជួយជំរុញជីវិតរបស់ខ្លួន។

សម្តីនេះបានប្រាប់យើងថា បើទោះបីជាសំណាងអាចនឹងជួយយើងខ្លះក៏ពិតមែន ក៏ប៉ុន្តែភាពជោគជ័យពិតប្រាកដគឺកើតចេញពីការព្យាយាម ភាពក្លាហាន និងការមិនបោះបង់ចោល។

៧. Emma Watson

“ការផ្លាស់ប្តូរពិភពលោកចាប់ផ្តើមពីការផ្លាស់ប្តូរខ្លួនឯង” – Emma Watson

ក្នុងនាមជាតារាសម្តែងដែលបានក្លាយខ្លួនជាសកម្មជនដើម្បីសិទ្ធិស្ត្រី Emma Watson បានប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់នាងជាឧបករណ៍ក្នុងការលើកឡើងពីបញ្ហាសំខាន់ៗនៅក្នុងពិភពលោក។

ដូច្នេះ ពាក្យសម្តីនេះមិនមែនគ្រាន់តែជាការបំផុសគំនិតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមាគ៌ាជីវិតដែលប្រាប់ឱ្យមនុស្សម្នាក់ៗចាប់ផ្តើមពីការទទួលខុសត្រូវចំពោះខ្លួនឯងជាមុនសិន ទើបអាចបញ្ជូនបន្តទៅកាន់សង្គមបាន។

៨. Madonna

“ខ្ញុំជាមនុស្សរឹងមាំ ខ្ញុំមានមហិច្ឆតា ហើយខ្ញុំដឹងថាខ្ញុំចង់បានអ្វី” – Madonna

Madonna គឺជាមនុស្សម្នាក់ដែលតំណាងឱ្យភាពក្លាហាន និងជាអ្នកដែលបំបែកក្របខ័ណ្ឌនានានៃជីវិត។ តារាស្រីវ័យ ៦៨ ឆ្នាំរូបនេះមិនធ្លាប់អនុញ្ញាតឱ្យអ្នកដទៃមកកំណត់ផ្លូវជីវិតរបស់នាងឡើយ។

សម្តីនេះ គឺជាបេះដូងដ៏សំខាន់ដែលធ្វើឱ្យតារាចម្រៀងមួយរូបនេះនៅតែបន្តជោគជ័យមកទល់នឹងសព្វថ្ងៃ។

៩. Millie Bobby Brown

“កុំឱ្យនរណាម្នាក់មកបន្ទាបតម្លៃរបស់អ្នកឱ្យសោះ ព្រោះអ្នកគឺជាមនុស្សតែម្នាក់គត់ដែលដឹងថាខ្លួនឯងមានតម្លៃប៉ុណ្ណា” – Millie Bobby Brown

Millie Bobby Brown បានប្រឡូកក្នុងវិស័យកម្សាន្តតាំងពីវ័យក្មេង ខណៈត្រូវប្រឈមនឹងពាក្យរិះគន់ជាបន្តបន្ទាប់។ ប៉ុន្តែ នាងបានជ្រើសរើសងើបឈរធ្វើជាអ្នកនាំពាក្យសម្រាប់ក្មេងស្រីទូទាំងពិភពលោក ដោយបញ្ជាក់ថា ពួកយើងមិនគួរឱ្យនរណាម្នាក់មកកំណត់តម្លៃរបស់យើងនោះទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា