១៥ គំនិត រៀនអភិវឌ្ឍខ្លួនឱ្យកាន់តែពូកែ ដើម្បី​ជីវិតមានជម្រើសកាន់តែច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១៥ គំនិត រៀនអភិវឌ្ឍខ្លួនឱ្យកាន់តែពូកែ ដើម្បី​ជីវិតមានជម្រើសកាន់តែច្រើន

១៥ គំនិត រៀនអភិវឌ្ឍខ្លួនឱ្យកាន់តែពូកែ ដើម្បី​ជីវិតមានជម្រើសកាន់តែច្រើន

ពូកែជាងមុន គឺទទួលបានសិទ្ធិជ្រើសរើសច្រើនជាងមុន! អ្នកដែលធ្វើបានតែមួយមុខ ត្រូវទទួលយកគ្រប់យ៉ាង តែអ្នកដែលធ្វើបានច្រើនយ៉ាង អាចជ្រើសរើសបានថាតើគួរទទួលយកអ្វី។ ចំណុចខុសគ្នាវានៅត្រង់នេះ។ មនុស្សដែលមានសមត្ថភាពនឹងមិនបាច់ទ្រាំនៅកន្លែងដែលមិនគោរពខ្លួន មិនបាច់ភ័យខ្លាចពាក្យថា «ថ្ងៃស្អែកគ្មានការងារធ្វើ» ព្រោះនៅពេលយើងដើរចេញទៅ យើងនៅតែអាចរស់បាន។ ខាងក្រោមនេះគឺជាបណ្ដុំគំនិតដែលនឹងជំរុញឱ្យយើងអភិវឌ្ឍខ្លួនឱ្យកាន់តែពូកែពីមួយថ្ងៃទៅមួយថ្ងៃ៖

១. រៀនឱ្យលើសពីអ្វីដែលខ្លួនត្រូវប្រើ

ដឹងត្រឹមតែអ្វីដែលត្រូវប្រើ គឺគ្រាន់តែល្មមប្រើសម្រាប់ថ្ងៃនេះ។ ដឹងច្រើនជាងនោះ គឺល្មមប្រើនៅថ្ងៃដែលគ្រប់យ៉ាងផ្លាស់ប្តូរ ហើយវានឹងផ្លាស់ប្តូរយ៉ាងពិតប្រាកដ។

២. ជំនាញ គ្មាននរណាម្នាក់អាចដណ្តើមយកបានឡើយ

លុយអាចបាត់បង់បាន ការងារអាចបាត់បង់បាន មនុស្សដែលធ្លាប់នៅក្បែរយើងក៏អាចចាកចេញទៅបានដែរ ប៉ុន្តែអ្វីដែលនៅក្នុងខួរក្បាល នឹងនៅជាមួយយើងរហូត។

៣. ពូកែស្ងាត់ៗ ប្រសើរជាងអួតអាងឮៗ

មិនបាច់ប្រាប់នរណាម្នាក់ថាយើងកំពុងអភិវឌ្ឍអ្វីនោះទេ។ នៅថ្ងៃដែលលទ្ធផលលេចចេញមក មនុស្សជុំវិញខ្លួននឹងមើលឃើញដោយខ្លួនឯង។ សំឡេងបែបនោះគួរឱ្យទុកចិត្តជាង។

៤. វិនិយោគលើខ្លួនឯងមុនគេជានិច្ច

មុននឹងទិញអ្វីមួយ ត្រូវសួរខ្លួនឯងថា តើសម្ភារៈមួយនេះធ្វើឱ្យយើងពូកែជាងមុនដែរឬទេ? ដូច្នេះយើងនឹងអាចរៀបចំលំដាប់អាទិភាពបានដោយស្វ័យប្រវត្តិ។

៥. ការងារដែលលំបាក គឺជាគ្រូដ៏ល្អ

ការងារងាយស្រួល ធ្វើឱ្យយើងស្រួលនៅថ្ងៃនេះ។ ការងារលំបាក ធ្វើឱ្យយើងមានតម្លៃនៅបីឆ្នាំខាងមុខ។ ដូច្នេះគួរចាប់យកជម្រើសទីពីរខ្លះទៅ។

៦. ធ្វើអ្វីដែលអ្នកដទៃខ្ជិលធ្វើ

កន្លែងពិបាកតែងតែមានមនុស្សតិចតួចជានិច្ច ព្រោះវាគួរឱ្យធុញទ្រាន់ និងចំណាយពេលយូរ។ ដូច្នេះមនុស្សដែលអត់ធ្មត់បាន នឹងលេចធ្លោដោយស្វ័យប្រវត្តិ។

៧. កុំឈប់ត្រឹម «បានមួយរស់»

ខំល្មមៗអាចធ្វើឱ្យយើងរស់បាន ប៉ុន្តែមិនអាចធ្វើឱ្យយើងមានសិទ្ធិជ្រើសរើសឡើយ។ សាកខំប្រឹងមួយកម្រិតទៀត បើចង់ឱ្យជីវិតមានជម្រើស។

៨. ពូកែជាងមុន ១ ភាគរយជារៀងរាល់ថ្ងៃ

ស្តាប់ទៅតិចតួចរហូតមិនដឹងខ្លួន ប៉ុន្តែនៅពេលគ្រប់មួយឆ្នាំ យើងនឹងក្លាយជាមនុស្សផ្សេងម្នាក់ទៀត។ ការធ្វើជាទៀងទាត់គឺមានអានុភាពខ្លាំងជាងទេពកោសល្យពីកំណើត។

៩. នៅជិតមនុស្សដែលពូកែជាងខ្លួន

អារម្មណ៍ដែលថាយើងមិនដល់គេ វាគ្មានផាសុកភាពនោះទេ ប៉ុន្តែវាគឺជាកន្លែងដែលយើងលូតលាស់លឿនបំផុត។ កុំគេចវេះពីអារម្មណ៍មួយនោះឱ្យសោះ។

១០. ចេះទទួលការរិះគន់

ពាក្យសរសើរ ធ្វើឱ្យកក់ក្តៅចិត្តក្នុងថ្ងៃនេះ។ ពាក្យរិះគន់ ធ្វើឱ្យយើងល្អប្រសើរជាងមុននៅឆ្នាំក្រោយ។ ដូច្នេះត្រូវចេះប្រមូលយកពាក្យរិះគន់ស្ថាបនាទុកឱ្យបានច្រើន។

១១. បរាជ័យ គឺជាថ្លៃសាលា

រាល់ពេលដែលដើរខុស មានន័យថាយើងបានបង់លុយចូលរៀនវគ្គជោគជ័យមួយហើយ។ ប្រសិនបើមិនយកវាមករៀនសូត្រឡើងវិញទេ គឺដូចជាការបង់ប្រាក់ទទេៗ។ កុំបណ្តោយឱ្យវាខាតបង់ដោយឥតប្រយោជន៍។

១២. មានស្នាដៃល្អ ធ្វើឱ្យយើងចេះបដិសេធ

នៅថ្ងៃដែលយើងពូកែគ្រប់គ្រាន់ ពាក្យថា «ទេ» នឹងចេញពីមាត់បានងាយស្រួលជាងមុនច្រើន ហើយក៏គ្មាននរណាម្នាក់ខឹងយើងដែរ។

១៣. កុំពូកែតែមួយមុខរហូតជាប់អន្ទាក់

ពិភពលោកផ្លាស់ប្តូរលឿនជាងអ្វីដែលយើងគិត។ មានជំនាញបម្រុងទុកមួយឬពីរមុខទៀត។ នៅថ្ងៃដែលទ្វារចាស់បិទ យើងនឹងនៅតែមានផ្លូវចេញ។

១៤. ពូកែហើយ កុំភ្លេចធ្វើជាមនុស្សល្អ

សមត្ថភាព អាចនាំយើងឡើងទៅលើបាន ប៉ុន្តែអត្តចរិត គឺជាអ្នកសម្រេចថាតើយើងនឹងនៅទីនោះបានយូរប៉ុណ្ណា។ ពីរមុខនេះត្រូវតែដើរទន្ទឹមគ្នា។

១៥. ពូកែជាងមុន ដើម្បីជ្រើសរើសជីវិតខ្លួនឯង

យើងមិនមែនខំអភិវឌ្ឍខ្លួនឱ្យពូកែដើម្បីយកឈ្នះនរណាម្នាក់នោះទេ ប៉ុន្តែពូកែដើម្បីខ្លួនឯងមិនចាំបាច់អត់ទ្រាំនឹងអ្វីដែលយើងមិនចង់ទ្រាំ។ បែបនេះទើបសមនឹងការហត់នឿយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា