កាលរៀនមាន “ម៉ោងចេញលេង” លុះដល់ពេលចូលធ្វើការ អ្នកក៏គួរមាន “ម៉ោងចេញលេង” ដូចគ្នា! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាលរៀនមាន “ម៉ោងចេញលេង” លុះដល់ពេលចូលធ្វើការ អ្នកក៏គួរមាន “ម៉ោងចេញលេង” ដូចគ្នា!

កាលរៀនមាន “ម៉ោងចេញលេង” លុះដល់ពេលចូលធ្វើការ អ្នកក៏គួរមាន “ម៉ោងចេញលេង” ដូចគ្នា!

ទោះបីជាមានអារម្មណ៍ថាហត់នឿយ និងស្មុគស្មាញខ្លាំង តែពេលខ្លះអ្នកបែរជាមិនអាចអនុញ្ញាតឱ្យខ្លួនឯងបានសម្រាកខ្លះ ក៏ព្រោះតែយល់ថាការងារទាំងអស់សុទ្ធសឹងតែសំខាន់ និងប្រញាប់។ យ៉ាងណាមិញ រាងកាយ និងខួរក្បាលរបស់មនុស្សយើង ក៏ត្រូវការពេលសម្រាកខ្លះដែរ មិនអាចដំណើរការជាប់គ្នាជាច្រើនម៉ោងនោះទេ។ បន្ថែមពីនេះ ការរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ក៏ជាការងារមួយដែលសំខាន់ និងប្រញាប់មិនចាញ់គ្នានោះដែរ។

ហេតុដូច្នេះហើយ ទើប AMS ចង់បបួលអ្នកមកបង្កើត “ម៉ោងចេញលេង” ចន្លោះពេលវេលាបំពេញការងារ ដើម្បីប្រសិទ្ធភាពការងារ និងសុខភាពផ្លូវកាយផ្លូវចិត្តប្រសើរជាងមុន។

នៅពេលដល់ម៉ោងបំពេញការងារ មនុស្សជាច្រើនតែងតែព្យាយាមផ្ដោតអារម្មណ៍លើការងាររបស់ខ្លួនចាប់តាំងពីព្រឹករហូតដល់ល្ងាច ដើម្បីតែបំពេញតួនាទីឱ្យបានល្អបំផុត។ ពេលខ្លះថែមទាំងភ្លេចម៉ោងសម្រាកថ្ងៃត្រង់ទៅទៀត ក៏ព្រោះតែយល់ថាការងារសល់តែបន្តិចក៏ហើយ ចង់ឆ្លៀតធ្វើបញ្ចប់ឱ្យរួចរាល់តែម្ដង។

បញ្ហានេះ មិនមែនកើតឡើងតែចំពោះអ្នកម្នាក់ឯងនោះទេ។ លទ្ធផលស្ទង់មតិលើបុគ្គលិកជាង ២ ០០០ នាក់នៅចក្រភពអង់គ្លេសចំនួនដែលចេញផ្សាយដោយ Personio ក្នុងឆ្នាំ ២០២៥ បានរកឃើញថា បុគ្គលិកប្រមាណ ៣០ ភាគរយមានអារម្មណ៍ខុសពេលឈប់សម្រាក ខណៈមានបុគ្គលិកដល់ទៅ ៦៥ ភាគរយ ធ្លាប់ធ្វើការពេញមួយថ្ងៃដោយមិនសម្រាកទាល់តែសោះ។

ដ្បិតការដាក់ចិត្តដាក់កាយបំពេញការងារជារឿងល្អ ក៏ប៉ុន្តែសុខភាពផ្លូវកាយ និងផ្លូវចិត្តក៏ជារឿងសំខាន់ដូចគ្នា។ បន្ថែមពីនេះទៀត ការបង្កើត “ម៉ោងចេញលេង” ឬការសម្រាករយៈពេលខ្លីនេះ ក៏មិនមែនមានន័យថាជាការគេចវេសពីការងារនោះដែរ។ ផ្ទុយទៅវិញ វាប្រៀបដូចជាការសម្រាកយកកម្លាំង និងលំហែខួរក្បាល ដើម្បីអាចត្រឡប់មកបំពេញការងារវិញឱ្យមានលទ្ធផលកាន់តែប្រសើរជាងមុន។

អង្គការសុខភាពពិភពលោក (WHO) បានពន្យល់ថា ស្ថានភាព Burnout គឺជាលទ្ធផលនៃភាពតានតឹងរ៉ាំរ៉ៃពីការងារ ដែលអ្នកស្ថិតនៅក្នុងស្ថានភាពនេះ តែងមានអារម្មណ៍ថាអស់កម្លាំង ធុញទ្រាន់ ឬមានអារម្មណ៍ថាធ្វើការមិនបានល្អដូចមុន។ ការបង្ខំខ្លួនឯងឱ្យបំពេញការងារបន្ត ទាំងស្ថិតនៅក្នុងស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យប្រសិទ្ធភាពការងារមិនប្រសើរដូចការប៉ងទុកនោះឡើយ។

ហេតុដូច្នេះហើយ ទើបការបង្កើត “ម៉ោងចេញលេង” អាចជាវិធីសាស្ត្រមួយដែលជួយបង្ការស្ថានភាពនេះ ខណៈការសម្រាកប្រមាណ ១០ នាទី គឺជាការជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឡើងវិញ និងកាត់បន្ថយភាពនឿយហត់ពីការងារក្នុងពេលតែមួយ។

អ្នកអាចចំណាយពេល ១០ នាទីនេះ ធ្វើសកម្មភាពងាយៗ ដូចជាការរីករាយនឹងកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់របស់អ្នក ដើរស្រូបយកខ្យល់អាកាស ជជែកលេងជាមួយនឹងក្រុមការងារ ឬគ្រាន់តែអង្គុយទំនេរចោលក៏បាន។

ក្នុងករណីដែលអ្នកនៅតែមានអារម្មណ៍ថា ការសម្រាករយៈពេលខ្លះ គឺជារឿងខុស និងអាចរារាំងប្រសិទ្ធភាពការងាររបស់អ្នក សាកសួរខ្លួនឯងថា៖ “បើសិនជាខ្ញុំសម្រាកបន្តិច តើនឹងប៉ះពាល់ការងារកម្រិតណា?”

រឿងណាដែលអាចរង់ចាំបាន សូមទុកមួយអន្លើសិនទៅ ព្រោះការរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ក៏ជាការងារមួយដែលសំខាន់ និងប្រញាប់មិនចាញ់គ្នានោះទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា