ភស្តុតាង​លើ​សិលាចារឹក! ប្រាសាទ​តាកែវ​ធ្លាប់​ត្រូវ​រន្ទះ​បាញ់​ពេល​កំពុង​ដំណើរការ​សាងសង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភស្តុតាង​លើ​សិលាចារឹក! ប្រាសាទ​តាកែវ​ធ្លាប់​ត្រូវ​រន្ទះ​បាញ់​ពេល​កំពុង​ដំណើរការ​សាងសង់

ភស្តុតាង​លើ​សិលាចារឹក! ប្រាសាទ​តាកែវ​ធ្លាប់​ត្រូវ​រន្ទះ​បាញ់​ពេល​កំពុង​ដំណើរការ​សាងសង់

ប្រាសាទ តាកែវ បាន​ធ្វើ​ឱ្យ​អ្នក​ស្រាវជ្រាវ និង​ទេសចរ​មិន​តិច​ច្របូកច្របល់​ឆ្ងល់​ក្នុង​ចិត្ត​ថា​ហេតុអ្វី​បាន​ជា​ប្រាសាទ​បុរាណ​មួយ​នេះ​គ្មាន​ក្បូរក្បាច់​ចម្លាក់​ពេញ​លេញ​ដូច​ប្រាសាទ​ដ៏​ទៃ ត្បិត​ជា​សំណង់​ប្រណិត​មួយ​ក្នុង​សម័យ​អង្គរ​ដែរ​នោះ។

Advertisement

ទាក់ទង​ ​ប្រាសាទ​ដែល​កសាង​មិន​ទាន់​រួច​មាន​អាថ៌កំបាំង​ខ្លះ​ដែល​ផ្អែក​លើ​ការ​ស្រាវជ្រាវ​មាន​ការ​លើក​ឡើង​ជា​ទ្រឹស្ដី ក្រោម​ហេតុផល​ចម្បង ៣ នេះ ។

ទី១៖ យោងតាមភស្តុតាងនៅក្នុងសិលាចារឹកបានបញ្ជាក់ថា នៅពេលដែលកំពុងដំណើរការសាងសង់ មានហេតុការណ៍រន្ទះបាញ់ចំប្រាសាទ។ នៅក្នុងផ្នត់គំនិតបុរាណ ការណ៍នេះត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អ ឬជាការខឹងសម្បារពីទេវតា ទើបការកសាងត្រូវបានផ្អាក និងកាត់បន្ថយសកម្មភាព។

ទី២៖ ប្រាសាទនេះសាងសង់ឡើងដោយ ថ្មភក់ពណ៌បៃតងក្រម៉ៅ (Greyish-green Sandstone) ដែលមានសាច់រឹងខ្លាំងខុសពីថ្មភក់នៅប្រាសាទដទៃ។ ភាពរឹងនៃលក្ខណៈរូបវន្តរបស់ថ្មនេះ បានបង្កជាឧបសគ្គយ៉ាងខ្លាំងដល់ជាងចម្លាក់ក្នុងការដាប់ឆ្លាក់ក្បូរក្បាច់ឱ្យបានល្អិតល្អន់។

ទី៣. សង្គ្រាម​ដណ្ដើម​រាជ្យ និង​អស្ថិរភាព​នយោបាយ​នៅ​ចុង​រជ្ជកាល​ព្រះ​បាទ​ជ័យវម៌្មទី៥ រហូត​ដល់​ការ​ឡើង​គ្រងរាជ្យរបស់ព្រះបាទសូរ្យវម៌្មទី១ អាច​ជា​កត្តា​ខ្វះខាត​កម្លាំង​ពលកម្ម​និង​ធនធាន ដែល​ធ្វើ​ឱ្យ​គម្រោង​ស្ថាបត្យកម្ម​ដ៏​មហិមា​នេះ​ត្រូវ​កាត់​ផ្ដាច់។

ទោះបីជាខកខានក្នុងការដាប់ឆ្លាក់ចម្លាក់ឱ្យបានរួចរាល់ក៏ដោយ ចំពោះតម្លៃបេតិកភណ្ឌ និងការអភិរក្ស ប្រាសាទតាកែវគឺជាសក្ខីភាពដ៏វិសេសវិសាល នៃបច្ចេកវិទ្យាវិស្វកម្ម ភាពអត់ធ្មត់ និងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរ ក្នុងការរៀបចំលំដាប់លំដោយដុំថ្មធំៗរាប់ម៉ឺនដុំឱ្យមានលំនឹង និងភាពរឹងមាំបំផុត។ ជាងនេះទៅទៀត វាប្រៀបជា «ឯកសារណែនាំ» ដ៏សំខាន់សម្រាប់អ្នកបុរាណវិទ្យា ស្ថាបត្យករ និងវិស្វករ ក្នុងការសិក្សាអំពីរចនាសម្ព័ន្ធសំណង់ និងដំណាក់កាលនៃការសាងសង់ប្រាសាទបុរាណ ចាប់តាំងពីការរៀបដុំថ្មទទេ រហូតដល់ការរៀបចំផ្ទៃសម្រាប់ឆ្លាក់។

ប្រាសាទតាកែវ គឺជាសមិទ្ធផលស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិអង្គរ។ ប្រាសាទនេះមានលក្ខណៈពិសេសប្លែកពីគេ ដោយសារវាជា «ប្រាសាទភ្នំ» សាងសង់ឡើងអំពីថ្មភក់ដ៏ធំស្កឹមស្កៃ មានកម្ពស់៥ថ្នាក់ តំណាងឱ្យភ្នំព្រះសុមេរុ ។

ផ្អែកលើមូលដ្ឋានសិលាចារឹក ប្រាសាទតាកែវមានឈ្មោះដើមថា «ហេមស្រឹង្គគិរី» (Hemaśṛṅgagiri) ដែលមានន័យថា «ភ្នំដែលមានកំពូលមាស»។ ការសាងសង់ត្រូវបានចាប់ផ្តើមឡើងនៅចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៥ (គ.ស. ៩៦៨-១០០១) ស្ថិតក្នុងអន្តរកាលរវាងរចនាបថប្រែរូប និងរចនាបថឃ្លាំង ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ នៃព្រហ្មញ្ញសាសនា។ ក្រោយពេលព្រះបាទជ័យវម៌្មទី៥ សោយទិវង្គត ការសាងសង់ត្រូវបានបន្តដោយព្រះមហាក្សត្របន្ទាប់គឺ ព្រះបាទជយវីរវម៌្ម និងព្រះបាទសូរ្យវម៌្មទី១ ប៉ុន្តែទោះជាឆ្លងកាត់បីរជ្ជកាលក៏ដោយ ក៏មហាសំណង់មួយនេះនៅតែមិនទាន់បានបញ្ចប់ជាស្ថាពររហូតមកដល់សព្វថ្ងៃ។

មហាសំណង់​បុរាណ​មួយ​នេះ​មាន​ទីតាំង​នៅខាងកើតនៃក្រុងអង្គរធំ ក្បែរខ្លោងទ្វារជ័យ និងស្ថិតនៅចំទិសខាងលិចនៃបារាយណ៍ខាងកើត។ ក្នុងទម្រង់ជាប្រាសាទភ្នំ ក្តីចំនួន៥ ផ្ដុំគ្នានៅលើថ្នាក់ខ្ពស់បំផុត (ថ្នាក់ទី៥) ដោយសាងឡើងលើខឿនតែមួយ មានលក្ខណៈស្មើភាពគ្នា ដែលជានិមិត្តរូបនៃកំពូលទាំង៥ នៃភ្នំព្រះសុមេរុ ដែលជាមណ្ឌលនៃចក្រវាឡក្នុងប្រព័ន្ធលោកធាតុវិទ្យា៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា