ភស្តុតាងប្រវត្តិសាស្ត្រ! ចម្លាក់ប្រាសាទលាក់នាង បង្ហាញសកម្មភាពគ្រូពេទ្យបុរាណ ស្ទង់ជីពចរ អ្នកជំងឺ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភស្តុតាងប្រវត្តិសាស្ត្រ! ចម្លាក់ប្រាសាទលាក់នាង បង្ហាញសកម្មភាពគ្រូពេទ្យបុរាណ ស្ទង់ជីពចរ អ្នកជំងឺ

ភស្តុតាងប្រវត្តិសាស្ត្រ! ចម្លាក់ប្រាសាទលាក់នាង បង្ហាញសកម្មភាពគ្រូពេទ្យបុរាណ ស្ទង់ជីពចរ អ្នកជំងឺ

នា​ចុង​សតវត្សរ៍​ទី១២ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ ចក្រភព​ខ្មែរ​រីក​ចម្រើន​យ៉ាង​ខ្លាំង​លើ​វិស័យ​សុខាភិបាល និង​ការ​ថែទាំ​សុខុមាលភាព​ប្រជារាស្ត្រ។ ពេល​នោះ​អារោគ្យ​សាលា (មន្ទីរពេទ្យ​បុរាណ) មានជាង ១០០ នៅ​ទូទាំង​ចក្រភព​ខ្មែរ។

ប្រាសាទ​លាក់​នាង​ត្រូវ​បាន​អ្នក​សិក្សា​ជំនាន់​ក្រោយ​ឱ្យ​ដឹង​ថា​ ទី​បុរាណ​មួយ​នេះ​មិន​ត្រឹម​ជា​កន្លែង​សម្រាប់​សក្ការបូជា​ខាង​សាសនា តែ​គឺ​ជា​មន្ទីរពេទ្យ​នា​សម័យ​បុរាណ។ នៅ​លើ​ចម្លាក់​នៃ​ប្រាសាទ​នេះ​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​ក្បួន​ខ្នាត​វេជ្ជសាស្ត្រ​បុរាណ។

ផ្អែកលើចម្លាក់ថ្មភក់ដ៏កម្រនៅលើបំណែកហោជាងនៃប្រាសាទលាក់នាង យើងឃើញពីវិធីសាស្ត្រ និងក្បួនខ្នាតពិនិត្យជំងឺយ៉ាងល្អិតល្អន់របស់ដូនតាខ្មែរ។ នោះគឺការស្ទង់ជីពចរ ដែលរូបចម្លាក់បានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពរបស់គ្រូពេទ្យបុរាណដែលកំពុងលូកដៃទៅចាប់កាន់ និងសង្កត់លើកដៃរបស់អ្នកជំងឺ ដើម្បី «ស្ទង់ជីពចរ»។ នេះជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យយ៉ាងសំខាន់តាមវិស័យវេជ្ជសាស្រ្តបុរាណ ដើម្បីវាយតម្លៃពីចង្វាក់បេះដូង លំហូរឈាម និងស្ថានភាពសរីរាង្គខាងក្នុងរបស់អ្នកជំងឺ មុននឹងសម្រេចចិត្តផ្សំថ្នាំ ឬជ្រើសរើសវិធីព្យាបាល។

ចម្លាក់នៅប្រាសាទលាក់នាង មិនត្រឹមតែជាសិល្បៈរចនាបថបាយ័នដ៏ល្អប៉ុណ្ណោះទេ។ ប៉ុន្តែគឺជា «ឯកសារប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ» ដ៏កម្រ និងមានតម្លៃជាសារវន្ត ដែលបញ្ជាក់យ៉ាងច្បាស់ថា ដូនតាខ្មែរមានចំណេះដឹងជ្រៅជ្រះលើវិទ្យាសាស្ត្រសុខាភិបាល និងក្បួនវេជ្ជសាស្ត្រច្បាស់លាស់តាំងពីមួយពាន់ឆ្នាំមុនមកម៉្លេះ។

យោងតាមឯកសារដែលបង្ហាញដោយអាជ្ញាធរជាតិអប្សរា ក្នុងសម័យកាលនោះ វិស័យសុខាភិបាលខ្មែរត្រូវបានរៀបចំឡើងដោយ​ឈរ​លើ​ស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ក្រោមព្រះរាជហឫទ័យប្រកបដោយទសពិធរាជធម៌នៃព្រះមហាក្សត្រ ដូចដែលមានចារឹកក្នុងសិលាចារឹកមន្ទីរពេទ្យថា «ជំងឺផ្លូវកាយរបស់ប្រជារាស្ត្រ គឺជាជំងឺផ្លូវចិត្តរបស់ព្រះរាជា ហើយទុក្ខឈឺចាប់របស់ប្រជារាស្ត្រ គឺរឹតតែឈឺចាប់ជាងការឈឺចាប់របស់ព្រះរាជាទៅទៀត»។

ប្រព័ន្ធសុខាភិបាលបុរាណនេះមានរចនាសម្ព័ន្ធគ្រប់គ្រងយ៉ាងច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ដោយមានការបែងចែកតួនាទីជាប្រព័ន្ធ រួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាយិកា ឱសថការី គ្រូពេទ្យជំនួយ អ្នកថែទាំ និងអ្នកកិនផ្សំថ្នាំ។ លើសពីកន្លែងព្យាបាលជំងឺ មន្ទីរពេទ្យសម័យនោះថែមទាំងជាជម្រកសង្គ្រោះប្រជារាស្ត្រក្រខ្សត់ និងជាទីជួយជ្រោមជ្រែងអ្នកដាច់សង្វែងដោយមានផ្តល់ជូនទាំងម្ហូបអាហាររូបត្ថម្ភទៀតផង។

គួរឱ្យ​ដឹង​ថា ប្រាសាទលាក់នាង មានទីតាំងស្ថិតនៅចំទិសខាងលិចនៃប្រាសាទតាកែវ មានរចនាសម្ព័ន្ធបែរមុខទៅរកប្រាសាទតាកែវ ស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា