ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូប នៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ខណៈសកម្មភាពនេះអាចជះផលប៉ះពាល់ក្នុងរយៈពេលវែង។

ការទស្សនាភាពយន្តដែលប្រជាជនខ្មែរតែងនិយមហៅថា “រឿង AI”  បានក្លាយជានិន្នាការសកល ដោយសារតែភាពទាក់ទាញនៃសម្រស់តួអង្គ ការផ្លាស់ប្ដូរឈុតឆាកញឹកញាប់ និងសាច់រឿងដែលតែងតែមានអ្វីថ្មីកើតឡើងច្រើនដងក្នុងរយៈពេលខ្លី។

ដ្បិតក្នុងមួយរឿងមានរហូតដល់ទៅ ៣០ ឬ ៦០ ភាគក្ដី ក៏ប៉ុន្តែភាពយន្តទាំងមូលមានរយៈពេលប្រមាណ ១ ម៉ោង ដែលអាចធ្វើឱ្យទស្សនិកជនមើលដល់ចប់ក្នុងរយៈពេលដ៏ខ្លី ឬត្រឹមតែម្ដងក៏មាន។

បើទោះបីជាភាពយន្តប្រភេទនេះមានសាច់រឿងស្រដៀងគ្នាៗ និងអាចទាយដឹងសាច់រឿងរួចជាស្រេច មិនថាតួអង្គមហាសេដ្ឋីបន្លំខ្លួនធ្វើជាអ្នកក្រ ឬការត្រឡប់មកចាប់ជាតិដើម្បីសងសឹកអ្នកដែលធ្លាប់ធ្វើបាបក្ដី ក៏ប៉ុន្តែភាពយន្តទាំងនោះនៅតែទទួលបានការពេញនិយម ដោយមានមនុស្សជាច្រើនទស្សនារឿង AI នេះជាប្រចាំ។  

ទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ Deloitte បង្ហាញថា ចំណូលជាសកលសម្រាប់ការទស្សនារឿងភាគខ្លី AI នៅក្នុងកម្មវិធីផ្លូវការមានទំហំប្រមាណ ៣.៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ដោយរំពឹងថា នឹងកើនឡើងដល់ ៧.៨ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំនេះ។

លោក Dinh Ngoc Son សាស្ត្រាចារ្យពីដេប៉ាតឺម៉ង់ទីផ្សារ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យជាតិវៀតណាមបានឱ្យដឹងថា ភាពលេចធ្លោដែលអាចទាក់ទាញទស្សនិកជនឱ្យមើលរឿងដែលមានលំនាំស្រដៀងៗគ្នាបាននោះ ក៏ព្រោះតែ AI អាចបង្កើតរូបភាពដែលទស្សនិកជនមានអារម្មណ៍ថាប្លែកភ្នែក។

លោកបានលើកឡើងពីផលប៉ះពាល់ថា៖ “ជម្លោះ ឬការទាស់ទែងដែលកើតឡើងជាបន្តបន្ទាប់ និងយ៉ាងឆាប់រហ័សនៅក្នុងរឿង បានធ្វើឱ្យកម្រិតនៃការផ្តោតអារម្មណ៍ចំពោះមាតិកាដែលត្រូវការគិតច្រើនមានការធ្លាក់ចុះ”។

លោក Dinh Ngoc Son បានព្រមានពីភាពច្របូកច្របល់នៃការបែងចែករវាងការពិត និងមាតិកា AI ដែលអាចធ្វើឱ្យមានផលលំបាកដល់មនុស្សវ័យចំណាស់ កុមារ និងសូម្បីតែមនុស្សពេញវ័យទូទៅផងដែរ។ យ៉ាងណាមិញ អ្នកជំនាញរូបនេះបាននិយាយថា៖ “បច្ចេកវិទ្យា AI មិនមែនមានហានិភ័យដោយផ្ទាល់នោះទេ។ ប៉ុន្តែផលប៉ះពាល់អវិជ្ជមានអាចកើតឡើងបាននៅពេលដែលមនុស្សប្រើប្រាស់ រហូតមិនអាចគ្រប់គ្រងពេលវេលារបស់ខ្លួនឯងបាន»។

ការសិក្សាដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី NeuroImage ក្នុងឆ្នាំ ២០២៣ ដោយសាកលវិទ្យាល័យ Oxford ពីចក្រភពអង់គ្លេស បានអះអាងថា មនុស្សដែលទស្សនាវីដេអូខ្លីៗលើសពី ៣ ម៉ោងក្នុងមួយថ្ងៃ បានជួបប្រទះនឹងការថយចុះយ៉ាងខ្លាំងនៃកំហាប់ Gray Matter របស់ខួរក្បាល ដែលមានតួនាទីក្នុងការគ្រប់គ្រងចលនា ការចងចាំ និងអារម្មណ៍។

រឿងភាគខ្លីធ្វើឱ្យខួរក្បាលបញ្ចេញអរម៉ូននៃសេចក្ដីសុខ Dopamine ងាយ ដែលជះផលពិបាករយៈពេលវែង ដូចជា ការថយចុះសមត្ថភាពគិតស៊ីជម្រៅ និងភាពអត់ធ្មត់។ ស្របគ្នានេះ អ្នកនិយមទស្សនារឿងភាគប្រភេទនេះ ក៏បានប្រាប់ដែរថា ខ្លួនឆាប់មានអារម្មណ៍មួរម៉ៅ និងមានអារម្មណ៍ថាខួរក្បាលដំណើរការយឺតជាងមុន។

ការសិក្សាដដែលក៏បានរកឃើញទៀតថា រឿងភាគខ្លីប្រភេទនេះក៏អាចបង្កើនក្តីបារម្ភ និងការរស់នៅឯកោ ដាច់ដោយឡែកពីសង្គមផងដែរ។ ដ្បិតដើមឡើយ ការទស្សនាវីដេអូ AI ប្រៀបដូចជាកត្តាមួយដែលជួយកាត់បន្ថយភាពតានតឹង ក៏ប៉ុន្តែការទស្សនាញឹកញយពេក អាចជះផលឱ្យអ្នកទស្សនាពិបាកយល់ចិត្ត និងតភ្ជាប់ខ្លួនឯងជាមួយនឹងមនុស្សពិតជាងមុន។

លើសពីនេះទៀត ទស្សនិកជនក៏អាចធ្លាក់ទៅក្នុងបញ្ហាផ្លូវចិត្ត ដោយងាយនឹងមានអារម្មណ៍ថាហេងហាង និងសម្ពាធ នៅពេលដែលប្រៀបធៀបខ្លួនឯងទៅនឹងរូបភាពដ៏ល្អឥតខ្ចោះ និងហួសពីការពិតនៅលើបណ្តាញអ៊ីនធឺណិត៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា