ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត ឆ្ងាយពីស្រុកកំណើត ក្រោមការជួញដូរខុសច្បាប់។

វត្តមានរបស់វត្ថុបុរាណខ្មែរមួយចំនួនដែលដាក់តាំងនៅក្នុងសារមន្ទីរនៅឯបរទេស និងដោយអ្នកដែលរក្សាទុកជាទ្រព្យសម្បត្តិឯកជន គឺជា “វត្ថុបុរាណប្រឡាក់ឈាម” ដែលជនឆ្លៀតឱកាសបានលួចនាំយកទៅជួញដូរដោយខុសច្បាប់ នៅគ្រាដែលប្រទេសកម្ពុជាមានអស្ថិរភាពអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ ១៩៩០។

ផ្ទាំងវាំងននពីក្រោយការជួញដូរដួងព្រលឹងរបស់បុព្វបុរសខ្មែរ ក្រោមស្នាដៃរបស់ជនខិលខូចនេះ ត្រូវបានលាតត្រដាងនៅក្នុងខ្សែភាពយន្តរឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ដែលជាស្នាដៃដឹកនាំ និងផលិតដោយលោក Don Millar និងសហការផលិតដោយលោក Cole Nordey។

ក្រោយទស្សនាចប់នៅក្នុងការចាក់បញ្ចាំងពិសេស លោក RexXan បានចែករំលែកថា៖ “ពេលខ្ញុំមើលភាពយន្តឯកសារនេះហើយ ខ្ញុំពិតជាព្រឺសម្បុរខ្លាំង។ ពីដំបូងឡើយ តែងតែឆ្ងល់ពីក្មេងថា ហេតុអ្វីបានជារូបចម្លាក់សុទ្ធតែអត់មានព្រះកេសទាំងអស់អ៊ីចឹង?”

អ្នកផលិតមាតិការូបនេះបានរៀបរាប់បន្ថែមថា៖ “វាជាហេតុផលមួយដែរ ដែលកូនខ្មែរគ្រប់រូបត្រូវតែដឹងថា តើដំណើរនៃថ្មទាំងអស់នោះដើរទៅដល់ណាខ្លះ? បើថ្មនោះចេះនិយាយ គាត់នឹងរៀបរាប់ថាដំណើររបស់គាត់បន្តពីណាទៅណា”។

លោក RexXan បាននិយាយពីចំណុចរំជួលចិត្តថា៖ “ពេលដែលខ្ញុំចាប់ផ្ដើមក្ដុកក្ដួល គឺនៅពេលដែលខ្ញុំឃើញរូបព្រះកេសនៅក្នុងបន្ទប់ទទួលភ្ញៀវ។ វាជារឿងចម្លែកមែនទែន នៅពេលដែលយើងឃើញរូបចម្លាក់ដែលយើងគោរពស្រឡាញ់ ស្ថិតនៅកន្លែងដែលគេគ្រាន់តែអង្គុយលេង។ វាជារឿងដែលឆ្កួតមែនទែន។ វាធ្វើឱ្យខ្ញុំក្ដុកក្ដួល ហើយដែលយើងគួរតែដឹងទាំងអស់គ្នា”។

លោក ប៊ុនហេង ដែលជាទស្សនិកជនមួយរូបទៀត បានប្រាប់ AMS ក្រោយដើរចេញពីរោងកុនថា៖ “រឿងនេះបង្ហាញពីភាពសំខាន់នៃវត្ថុបុរាណរបស់ជាតិយើង។ វាបានបង្ហាញពីផ្នែកសំខាន់ៗជាច្រើនពាក់ព័ន្ធក្នុងការស្រាវជ្រាវ ហើយយកត្រឡប់មកវិញនូវវត្ថុបុរាណទាំងអស់នេះ”។

លោកបានបន្តដូច្នេះថា៖ “រឿងនេះបានសបញ្ជាក់ឱ្យខ្ញុំយល់កាន់តែច្បាស់ថា សង្គ្រាមមិនមែនបំផ្លាញតែសុខសន្តិភាព និងភាពសាន្តត្រានរបស់ប្រទេសជាតិយើងតែមួយមុខទេ។ ប៉ុន្តែបន្ថែមពីលើហ្នឹង សង្គ្រាមវាបានបើកឱកាសជាច្រើនដល់ជនទុច្ចរិត ដើម្បីប្រព្រឹត្តរឿងទាំងអស់ដែលមានចាក់បញ្ចាំងនៅក្នុងខ្សែភាពយន្តបែបឯកសារស្រាវជ្រាវនេះ”។

លោកបាននិយាយពីគុណតម្លៃនៃសន្តិភាពទៀតថា៖ “វាក៏ជាអត្ថន័យមួយបន្ថែមថា សន្តិភាពមានតម្លៃប៉ុណ្ណា។ វាមិនមែនត្រឹមតែឱ្យយើងមានឱកាសរស់រានមានជីវិតធម្មតាប៉ុណ្ណោះទេ។ ប៉ុន្តែនៅក្នុងបំណែកនៃការស្រាវជ្រាវយកមកវិញនូវរតនសម្បត្តិរបស់ខ្មែរនេះ សន្តិភាពក៏បានដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការបើកឱកាសឱ្យប្រទេសខ្មែរយើងទទួលត្រឡប់មកវិញនូវវត្ថុបុរាណជាតិទាំងនោះ”។

កញ្ញា ធារី បានបង្ហាញអារម្មណ៍រំជួលចិត្តជាពិសេសចំពោះបដិមាខ្មែរថា៖ “សម្រាប់បង កន្លែងដែលក្ដុកក្ដួលជាងគេ ភាគច្រើននៅពេលដែលនិយាយអំពីរូបចម្លាក់ ថាហេតុអ្វីបានជារូបចម្លាក់ទាំងអស់ហ្នឹងវាសំខាន់សម្រាប់ប្រទេសរបស់យើង និងសម្រាប់ប្រជាជនរបស់យើង”។

អ្នកផលិតមាតិការូបនេះ បានសង្កត់ធ្ងន់ថា រូបចម្លាក់គឺមានតម្លៃលើសពីដុំថ្ម៖“នៅពេលដែលយើងដឹងពីសាវតានៃរូបចម្លាក់ទាំងអស់ហ្នឹង រូបចម្លាក់ទាំងអស់ហ្នឹងវាគឺជាអត្តសញ្ញាណ ជាដួងព្រលឹងរបស់បុព្វបុរសខ្មែរយើង។ អ៊ីចឹងនៅពេលដែលរៀនស្គាល់ពីរូបចម្លាក់ទាំងអស់ហ្នឹង ចេះស្រឡាញ់រូបចម្លាក់ទាំងអស់ហ្នឹង បានន័យថាយើងកំពុងតែរៀនស្រឡាញ់ រៀនស្គាល់ពីបុព្វការីជន ឬក៏ជាជីដូនជីតារបស់យើង ជាពិសេសអ្នកជំនាន់មុនថា ហេតុអ្វីបានគាត់ស្រឡាញ់ ហើយប្រឹងប្រែងទាំងសាច់ ទាំងឈាម ទាំងញើស ដើម្បីធ្វើរូបចម្លាក់ទាំងអស់ហ្នឹងឡើង”។

កញ្ញាបានរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក នៅពេលបានឃើញរតនសម្បត្តិទាំងនោះបានវិលត្រឡប់មកប្រទេសកំណើតវិញនៅចុងបញ្ចប់នៃរឿង ដោយនិយាយថា៖ “មួយទៀតដែលធ្វើឱ្យបងក្ដុកក្ដួលជាងគេ គឺចុងក្រោយរៀងយំដែរ នៅពេលដែលរូបចម្លាក់ទាំងអស់ហ្នឹងបានមកដល់ប្រទេសកម្ពុជាវិញ។ ខ្ញុំមានអារម្មណ៍ថារបស់ដែលយើងបានបាត់បង់ទៅ បានត្រឡប់មកផ្ទះវិញហើយ”។

កញ្ញា សាន ស្រីនិច បានឱ្យដឹងថា ខ្លួនធ្លាប់បានទៅទស្សនារូបចម្លាក់ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយផ្ទាល់ តែក្រោយពីបានទស្សនារឿង LOOT អ្នកផលិតមាតិការូបនេះបានយល់ពីគុណតម្លៃ និងភាពលំបាកកាន់តែច្បាស់ទម្រាំតែចម្លាក់បុរាណនីមួយៗអាចត្រឡប់មកស្រុកកំណើតវិញ។  

ក្នុងអត្ថន័យតែមួយ ទស្សនិកជនដែលបានចូលរួមចង់ណែនាំឱ្យសាធារណជន ជាពិសេសជនជាតិខ្មែរកុំឱ្យរំលងភាពយន្តឯកសារមួយនេះ។

ក្នុងនាមជាអ្នករបាំបុរាណ និងជានិស្សិតបញ្ចប់ការសិក្សាផ្នែកបុរាណវិទ្យា តារាសម្ដែង សាំង ភស្ដា រំភើបចិត្តនៅពេលដែលឃើញរតនសម្បត្តិជាតិត្រឡប់មកប្រទេសខ្លួនវិញ។ តារាស្រីរូបនេះ​ បានណែនាំថា កន្លងមកទស្សនិកជនធ្លាប់បានទស្សនាភាពយន្តច្រើនរសជាតិរួចមកហើយ ក៏ប៉ុន្តែគួរកុំរំលងភាពយន្តឯកសារមួយនេះ​ ដែលបង្ហាញពីវ​ប្បធម៌ និងសម្បត្តិជាតិខ្មែរ។

លោក ជៀប​ សុវិជ្ជា អនុប្រធាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា៖ សង្ឃឹមថាអ្នកស្រឡាញ់បេតិកភ័ណ្ឌវប្បធម៌ជាតិ នឹងទៅទស្សនាខ្សែភាពយន្តនេះ ជាមិនខាន”។

ទន្ទឹមគ្នានេះ លោក RexXan បានបង្ហាញការរំពឹងទុកថា៖ “សង្ឃឹមថា ភាពយន្តឯកសារមួយនេះនឹងផ្ដល់ជាសារ ក៏ដូចជាទប់ស្កាត់កុំឱ្យមានការជួញដូរវត្ថុបុរាណតទៅមុខទៀត”។

ស្វែងយល់បន្ថែមពីការបាត់បង់ និងការជួញដូរវត្ថុបុរាណរបស់ខ្មែរដោយខុសច្បាប់ តាមរយៈខ្សែភាពយន្តឯកសារ “LOOT” ដែលនឹងចាប់ផ្ដើមបញ្ចាំងជាសាធារណៈនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រពិត ការតស៊ូផ្លូវច្បាប់ និងកិច្ចខិតខំប្រឹងប្រែងនាំយកសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកមាតុភូមិវិញ!

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា