ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវ បណ្ឌិត​សភាចារ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​ការ​ជួបជុំ​ជាមួយ​វីរ​សិល្បករ​ជាច្រើន​រូប នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

វីរ​សិល្បករ​ជាច្រើន​រូប​បានផ្ដល់កិត្តិយសចូលរួមះមដោយស្នាមញញឹម​ ព្រោះសប្បាយចិត្តនឹងចូលរួម ហើយ​ក៏​បាន​ជួបជុំ​មិត្ត​ចាស់​ៗ ដែលបានបែកគ្នាជាយូរមកហើយនោះ។ ពិធីជួបសំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​បរិយាកាស​ស្និទ្ធស្នាល​គ្នា​ជា​ពន់ពេក។

ការរៀបចំឲ្យមានការជួបជុំនេះ​សមាគមសិល្បករតែងតែ​ធ្វើ​ឡើង​យ៉ាងហោចណាស់​ក៏​បាន ២ ដង​ដែរ ក្នុង​មួយ​ឆ្នាំ។ ព្រោះ​ជា​ការ​ដឹង​គុណ ដែល​ធ្លាប់​បាន​លះបង់​កម្លាំង ញើស​ឈាម ដើម្បី​ថែរក្សា ព្រម​ទាំង​បន្សល់​ទុក​ស្នាដៃ​មក​ដល់​ក្មេង​ជំនាន់​ក្រោយ។

កម្មវិធី​នោះ ក៏​មាន​ការ​សម្ដែង​ទស្សនីយភាព​របាំ​បុរាណ និង​ចម្រៀង​ជាច្រើន​ទម្រង់​ផង​ដែរ។ ក្នុង​ឱកាស​នោះ លោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ថ្លែង​ទាំង​ក្តី​សោមនស្ស​រីករាយ និង​កិត្តិយស​ក្រៃលែង ដែល​បានរៀបចំការជួបជុំជាមួយវីរសិល្បករ និងសិល្បកររៀមច្បងជាថ្មីម្តងទៀត ស្រប​តាម​ការសន្យា និង​ចំ​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​ដ៏​មាន​អត្ថន័យ ជ្រាល​ជ្រៅ​សម្រាប់​ប្រជាជន​ខ្មែរ។

ប្រធាន​សមាគម មានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលកូនខ្មែរជួបជុំគ្នា ដើម្បី​រំឭក​គុណ និង​ធ្វើ​បុណ្យ​ឧទ្ទិសកុសលជូនដល់បុព្វការីជន និងអ្នកមានគុណដែលបានចែកឋានទៅ។ ប៉ុន្តែ​ការជួបជុំក្នុងថ្ងៃនេះ គឺជាឱកាសពិសេសមួយសម្រាប់កូនខ្មែរជំនាន់បច្ចុប្បន្ន បាន​រំឭក​គុណ​ចំពោះ​អ្នក​មានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលនៅមានជីវិត និងកំពុងជួបជុំគ្នាយ៉ាងកក់ក្តៅ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាន​មាន​ប្រសាសន៍​ថា៖ «ថ្ងៃនេះ​យើង​មិន​ត្រឹមតែ​ជួប​គ្នា​ដើម្បី​សួរ​សុខ​ទុក្ខទេ ប៉ុន្តែ​យើង​មក​ដើម្បីនិយាយពាក្យថា សូមអរគុណ» ចំពោះការលះបង់គ្រប់យ៉ាង ដើម្បី​សិល្បៈ និង​វប្បធម៌​ខ្មែរ ចំពោះ​បទ​ពិសោធន៍ ចំណេះដឹង និងស្នាដៃដែលបានបន្សល់ទុក ព្រមទាំងការថែរក្សា និងការពារអត្តសញ្ញាណសិល្បៈ វប្បធម៌ខ្មែរ ឲ្យ​បន្ត​រស់រាន​រហូត​មក​ដល់​ជំនាន់​ក្រោយ។

លោកជំទាវអ្នកឧកញ៉ាប្រធាន បានបន្តថា សិល្បៈ និងវប្បធម៌ខ្មែរដែលយើងបានឃើញនៅថ្ងៃនេះ មិនបានកើតឡើងក្នុងរយៈពេលមួយថ្ងៃឡើយ ហើយក៏មិនអាចគង់វង្សដោយឯកឯងបានដែរ។ ឆ្លងកាត់ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរជាច្រើនដំណាក់កាល ភាពគង់វង្សនៃស្នាដៃសិល្បៈគ្រប់ទម្រង់ គឺសុទ្ធតែកើតចេញពីការតស៊ូ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់។

វីរ​​សិល្បករ និង​សិល្បករ​រៀមច្បងជាច្រើន បាន​ចំណាយ​ពេល​វេលាដ៏ល្អបំផុតនៃជីវិតរបស់ខ្លួន ដើម្បី​វិស័យ​សិល្បៈ និង​វប្បធម៌។ អ្នក​ខ្លះ​បាន​ចាប់ផ្ដើម​តាំង​ពី​វ័យក្មេង អ្នកខ្លះ​បាន​ឈរ​លើ​ឆាក​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ អ្នក​ខ្លះ​បាន​លះបង់​ជីវិត ដើម្បី​បណ្ដុះបណ្ដាល​អ្នក​ជំនាន់​ក្រោយ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ខិតខំ​រក្សា​ទម្រង់​សិល្បៈ​បុរាណ​ដែល​ប្រឈម​នឹង​ការ​បាត់បង់ ហើយ​មាន​អ្នក​ខ្លះ​បាន​នាំ​យក​ស្នាដៃ​សិល្បៈ​ខ្មែរ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ។

លោកជំទាវអ្នកឧកញ៉ាប្រធាន បានលើកឡើងថា ការលះបង់ទាំងនេះ មិន​អាច​វាស់​តម្លៃ​បាន​ត្រឹមតែ​ជា​ប្រាក់​កាស ឬ​រង្វាន់​មួយ​ឡើយ ព្រោះ​អ្វី​ដែល​វីរសិល្បករ និងសិល្បកររៀមច្បងបានផ្តល់ឲ្យ គឺជា មរតក​របស់​ជាតិ​ទាំង​មូល។ ដូច្នេះ​ការ​ជួបជុំ សួរសុខទុក្ខ និងបង្ហាញការគោរពចំពោះពួកគាត់ គឺជា​ការ​បង្ហាញ​ថា សង្គម​ខ្មែរ​មិន​ភ្លេច​អ្នកដែលមានគុណបំណាច់ចំពោះជាតិឡើយ។

ប្រធាន​សមាគម​ បានបញ្ជាក់ពីបំណងចង់​ឲ្យ​សិល្បកររៀមច្បងបន្សល់ទុកមិនត្រឹមតែស្នាដៃ ប៉ុន្តែ​ថែមទាំង​ចំណេះដឹង បទពិសោធន៍ និង​ស្មារតី​នៃ​ការ​លះបង់ ឲ្យ​អ្នក​ជំនាន់​ក្រោយ​អាច​បន្ត​អភិវឌ្ឍ​សិល្បៈ​ខ្មែរ​កាន់តែ​មាន​ភាពទំនើប និងច្នៃប្រតិដ្ឋខ្ពស់ ប៉ុន្តែមិនបាត់បង់​ឫសគល់ និង​អត្តសញ្ញាណ​ជាតិ។
ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង បាន​ថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ និង​ដៃគូ​គាំទ្រ​សមាគម​សិល្បករ​ខ្មែរ បាន​រួម​ចំណែកផ្តល់មូលនិធិប្រចាំឆ្នាំ និង​ការ​គាំទ្រ​ផ្សេងៗ ឲ្យ​សមាគម​អាច​ដំណើរ​ការ​បេសកកម្ម​របស់​ខ្លួន​ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បាន​វាយ​តម្លៃ​ខ្ពស់ និង​ថ្លែង​អំណរ​គុណ​ចំពោះថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដែល​បាន​បំពេញ​តួនាទី​យ៉ាង​សកម្ម ក្នុង​ការ​គាំទ្រ លើកស្ទួយវិស័យវប្បធម៌ និងឧបត្ថម្ភគាំទ្រដល់សិល្បករ សិល្បការិនី ព្រម​ទាំង​បាន​រៀបចំ​កម្មវិធីជួបជុំដ៏មានអត្ថន័យនេះឡើង៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា