លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស និងជួលជុលប្រាសាទខ្មែរ បានទទួលមរណភាពនៅថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅនេះ។

ផ្អែកតាមដំណឹងពីគេហទំព័រ Sophia University ការងារស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា (Yoshiaki Ishizawa) បានលេចឡើងនៅពេលដែលលោកបានមកទស្សនាប្រាសាទអង្គរវត្តលើកដំបូង ក្នុងគ្រាដែលលោកនៅជាសិស្សនៅឡើយ។

ក្រោមទស្សនវិជ្ជាដឹកនាំរបស់អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ារូបនេះ គឺ “ដោយប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា” លោកបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលអ្នកជំនាញកម្ពុជាជាច្រើនរូប។

លោកបានដឹកនាំបេសកកម្មដែលមានឈ្មោះថា “Sophia Mission” ដែលជានិមិត្តរូបនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យសូហ្វីយ៉ា និងប្រទេសកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងការការពារបេតិកភណ្ឌវប្បធម៌ តាមរយៈការអភិរក្ស ជួសជុលប្រាសាទនៅតំបន់អង្គរ និងការបណ្តុះបណ្តាលអ្នកជំនាញក្នុងស្រុក។

សារព័ត៌មាន Fresh News បានចុះផ្សាយថា លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សសូហ្វីយ៉ាអាស៊ី (Sophia Asia Center for Research and Human Development) នៅខេត្តសៀមរាប ក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើជាមូលដ្ឋានបណ្តុះបណ្តាលអ្នកជំនាញអភិរក្សក្នុងស្រុក។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅឆ្នាំបន្ទាប់ លោកបានចាប់ផ្ដើមនាំនិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន ដែលក្រោយមកនិស្សិតជាច្រើនរូបបានបញ្ចប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ហើយបច្ចុប្បន្នបានក្លាយជាថ្នាក់ដឹកនាំ និងអ្នកជំនាញស្នូលនៅអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ក្នុងពេលវេលាដ៏សោកសៅនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានសម្ដែងការសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី។ ទន្ទឹមគ្នានេះ ស្ថានទូតជប៉ុនបានលើកឡើងដែរថា៖ “ស្ថានទូតសូមរឮក និងកោតសរសើរចំពោះការរួមចំណែកដ៏ឧត្តុង្គឧត្តមរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា ក្នុងការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌”។

“ឈរលើគោលការណ៍របស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា ចំពោះប្រទេសកម្ពុជា ស្ថានទូតនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ យើងខ្ញុំសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា បានទៅកាន់សុគតិភព” ស្ថានទូតជប៉ុននៅកម្ពុជាបានបញ្ចប់ដូច្នេះ ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា