ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

បើតាមការឱ្យដឹងពីសារមន្ទីរជាតិកម្ពុជាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កម្មវិធីពិព័រណ៍ដែលរៀបចំឡើងដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី ២០ និងខួបលើកទី ៧៥ នៃការចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) របស់កម្ពុជានេះ​បានទទួលអ្នកចូលទស្សនាជិត ១៤០០ នាក់ក្នុងរយៈពេល ៣ ថ្ងៃ។

ពិព័រណ៍រយៈពេលខ្លីនេះរៀបចំឡើងដើម្បីតាំងបង្ហាញនូវស្នាដៃគ្រឿងអលង្ការខ្មែរដ៏វិចិត្រដែលត្រូវបានរក្សាទុកក្នុងសារមន្ទីរជាតិ។ វត្ថុតាំងពិព័រណ៍ទាំងនេះមានប្រភពមកពីសម័យកាល និងទីតាំងផ្សេងៗគ្នាពិសេសគឺគ្រឿងអលង្ការដ៏មានតម្លៃដែលទើបត្រូវបានប្រគល់ត្រឡប់មកជូនប្រទេសកម្ពុជាវិញនាពេលថ្មីៗនេះ។ រតនវត្ថុបុរាណទាំងនោះមានអាយុកាលជាងពីរពាន់ឆ្នាំ ដោយចាប់ផ្ដើមតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ដល់សម័យក្រោយអង្គរ។

យោងតាមភស្តុតាងស្រាវជ្រាវបុរាណវិទ្យា តាមរយៈការធ្វើកំណាយ សិលាចារឹក ចម្លាក់ប្រាសាទ និងក្រាំងគម្ពីរនានា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រពៃណីនៃការប្រើប្រាស់គ្រឿងអលង្ការរបស់ខ្មែរមានអាយុកាលតាំងពីសម័យបុរេប្រវត្តិសាស្ត្រមកម្ល៉េះ។ គ្រឿងអលង្ការ និងរតនវត្ថុទាំងនេះត្រូវបានរកឃើញជាញឹកញយនៅតាមទីប្រជុំជនបុរាណ ទីបញ្ចុះសព និងនៅតាមតំបន់សក្ការបូជាដូចជាបរិវេណប្រាសាទជាដើម ខណៈនៅក្នុងសង្គមមនុស្ស គ្រឿងអលង្ការមិនត្រឹមតែជាវត្ថុសម្រាប់លម្អរាងកាយដើម្បីបង្កើនសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាណសម្គាល់ពីតួនាទី ឋានៈ និងអំណាច ក្នុងបរិបទសង្គម វប្បធម៌ និងសាសនា ព្រោះថាគ្រឿងអលង្ការគឺជាវត្ថុកម្រ និងមានតម្លៃខ្ពស់។

បើយោងតាមប្រវត្តិសាស្ត្រ និងការអនុវត្តរបស់បុព្វបុរសខ្មែរ វត្ថុមានតម្លៃទាំងនេះ ត្រូវបានយកមកប្រើប្រាស់ក្នុងពិធីសាសនា ដើម្បីឧទ្ទិសគោរពបូជាដល់អាទិទេព ព្រមទាំងបង្ហាញពីការគោរពដល់សាច់ញាតិ និងបុគ្គលជាន់ខ្ពស់ ឬវរជនក្នុងសង្គមនាពេលអតីតកាលផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា