ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប



បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ស្រុក​ក្នុង​តំបន់​មួយ​នេះ។ តើ​ប្រពៃណី​នៃ​ពិធី​បុណ្យ​មួយ​នេះ​មាន​អត្ថន័យ​និង​រៀប​ចំ​យ៉ាង​ណា ខាង​ក្រោម​នេះ​ជា​លម្អិត។

ជារៀងរាល់ឆ្នាំ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប តែងតែប្រារពកម្មវិធីបណ្តែតប្រទីបជ្វាលាយ៉ាងអធិកអធម និងមានមហាជនចូលរួមយ៉ាងច្រើនកុះករផងដែរ។ កម្មវិធីនេះតែងតែរៀបចំធ្វើឡើងនៅចំថ្ងៃ១រោច ពោលគឺបន្ទាប់ពីចេញព្រះវស្សាបាន១ថ្ងៃ ក្នុងន័យសំខាន់គឺសូមស្មាលា ឬសូមខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ (ព្រះនៃស្រូវ) នូវអំពើបាបទាំងឡាយដែលមនុស្សប្រព្រឹត្តដោយអចេតនាក្តី ឬចេតនាក្តី។ អត្ថន័យដូចគ្នានឹងពិធីបុណ្យអុំទូកនៅក្រុងភ្នំពេញ គ្រាន់តែនៅទីនេះ គេធ្វើពិធីបណ្តែតប្រទីបមុន។

ពិធីនេះចាប់ផ្តើមតាំងពីពេលរសៀល ផ្តើមពីពិធីក្រុងពាលី បំបួសភ្នំខ្សាច់ រួចក៏ធ្វើពិធីបួងសួងអញ្ជើញទេវតាគ្រប់ទីស្ថានមកគង់ក្នុងបរិវេណពិធីដែលគេរៀបចំ នៅសាលាសំណាក់យាយអេងតាមបណ្តោយផ្លូវទៅភ្នំក្រោម។ នៅម៉ោង៧ល្ងាច ទើបគេចាប់ផ្តើមដង្ហែប្រទីបចេញពីវត្តអារញ្ញ មកដល់សាលាសំណាក់យាយអេង។

ក្នុងប្រទីបនោះមានតុបតែងលំអដោយភ្លើងពណ៌ល្អគន់គួរទាក់ភ្នែកណាស់ ហើយនៅលើរទេះដង្ហែប្រទីបនោះ គេដាក់ក្មេងប្រុសស្រី ៤នាក់ស្លៀកពាក់តុបតែងបានយ៉ាងល្អស្អាត។ នៅលើរទេះទៀតសោត អ្នកស្រុករៀបចំគ្រឿងរណ្តាប់ ចង្ក្រាន្ត គ្រឿងដាំស្ល មុង កន្ទេល ខ្នើយ។ល។ ចំណែកក្នុងក្បួនដង្ហែ គេរៀបចំជាក្រុមភ្លេងពិណពាទ្យនាំមុខ បន្តដោយក្រុមភ្លេងឆៃយ៉ាំ រួចមកប្រទីប ទើបមានក្រុមភ្លេងសម័យថ្មីសម្រាប់រាំលេងកម្សាន្តពីក្រោយក្បួនដង្ហែ។

ពីដើមមិញ នាពេលដង្ហែប្រទីបម្តងៗ គេមិនដង្ហែតាមផ្លូវគោកដូចសព្វថ្ងៃទេ ប៉ុន្តែគេដង្ហែដោយប្រើទូកហែរចេញពីវត្តអារញ្ញតាមបណ្តោយស្ទឹងសៀមរាបទៅបណ្តែតនៅទន្លេសាប។ នាពេលនោះ គេក៏បណ្តែតប្រទីបតូចៗតាមផ្ទៃទឹកភ្លឺចញ្ចាចតាមផ្ទៃទឹក។

ពេលដែលប្រទីបដង្ហែទៅដល់សាលាសំណាក់យាយអេង ព្រះសង្ឃសូត្រជយន្តោ ប្រោះទឹកមន្ត។ រួចហើយ ទាំងអាចារ្យ ព្រះសង្ឃ និងអ្នកភូមិមកសុំខមាទោស ស្មាលាបាបកម្មដែលខ្លួនបានមាក់ងាយ ឬប្រមាថដោយប្រការណាមួយនោះនៅជុំវិញប្រទីប ហើយសុំឱ្យព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ ជួយបញ្ចៀសឧបទ្រពចង្រៃកុំបីឱ្យកើតមានដល់ភូមិករទាំងមូលឡើយ។ សូត្រចប់សព្វគ្រប់ ទើបបណ្តែតប្រទីបនោះទៅ។ ឆ្នាំខ្លះ ទឹកច្រើនឡើងដល់រោងសាលាសំណាក់ ដូច្នេះគេអាចបណ្តែតពីសាលាសំណាក់ទៅបាន ដោយឡែកឆ្នាំនេះទឹកខ្សត់តម្រូវឱ្យដង្ហែតាមផ្លូវគោកឱ្យដល់ទីដែលមានទឹកគ្រប់គ្រាន់៕

រូបភាព ៖ កម្ពុជាអស្ចារ្យ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា