Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle សមាជិកក្រុម aespa បានបើកចិត្តយ៉ាងស្មោះត្រង់អំពីបញ្ហាផ្ទាល់ខ្លួនជាច្រើន រួមទាំងការឆ្លើយសំណួរទាក់ទងនឹងការផ្លាស់ប្តូរទម្ងន់ និងសុខភាពរបស់នាង ក្នុងអំឡុងពេលការ Live ផ្ទាល់នាពេលថ្មីៗនេះ។

Advertisement

កាលពីថ្ងៃទី ៦ មិថុនា Giselle បានធ្វើការ Live ផ្ទាល់ជាពិសេសដើម្បីជជែកលេងជាមួយអ្នកគាំទ្រ ទោះបីជាបច្ចុប្បន្ន aespa កំពុងស្ថិតក្នុងអំឡុងពេលផ្សព្វផ្សាយបទថ្មីដែលមានកាលវិភាគការងារយ៉ាងណែនណាស់ក៏ដោយ។ នាងបានប្រើឱកាសនេះដើម្បីឆ្លើយសំណួរពីអ្នកគាំទ្រយ៉ាងត្រង់ទៅត្រង់មក រួមទាំងប្រធានបទរសើបៗដូចជា រឿងទម្ងន់ សុខភាព និងទស្សនៈចំពោះវិស័យ K-Pop ដែលទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រចំពោះភាពស្មោះត្រង់ និងភាពជឿជាក់ក្នុងការបញ្ចេញមតិ។

សំណួរ៖ «តើនាងសម្រកទម្ងន់យ៉ាងដូចម្តេច ទើបស្គមបានដល់កម្រិតនេះ?»

Giselle បានឆ្លើយថា៖

«និយាយតាមត្រង់ទៅ គ្រប់គ្នាជជែកគ្នាពីរូបរាងរបស់ខ្ញុំច្រើនណាស់។ តាមពិតទៅ ពេលនិយាយពីខ្ញុំ ភាគច្រើនគឺមានតែរឿងមុខមាត់ ឬរូបរាងហ្នឹងឯង។ វាជារឿងធម្មជាតិទេ មនុស្សយើងតែងតែមានទាំងពេលឡើងទម្ងន់ និងស្រកទម្ងន់។ ខ្ញុំខ្លួនឯងក៏ធ្លាប់ធាត់ឡើង ហើយក៏ធ្លាប់ស្គមចុះដែរ។ បើនិយាយឱ្យត្រង់ ពេញមួយរយៈពេល ៧ ឆ្នាំកន្លងមកនេះ ខ្ញុំស្រកទម្ងន់អស់ប្រហែល ១០ គីឡូក្រាម ហើយរឿងបែបនេះក៏អាចកើតឡើងបានដែរនៅពេលយើងមានអាយុច្រើនឡើង។ ប៉ុន្តែពេលនេះខ្ញុំកំពុងព្យាយាមបង្កើនទម្ងន់វិញហើយ ព្រោះខ្ញុំទទួលស្គាល់ថា ជួនកាលខ្ញុំមិនសូវមានកម្លាំងកំហែងប៉ុន្មានទេ»។

សំណួរ៖ «តើសុខភាពរបស់នាងអូខេទេ?»

Giselle ឆ្លើយទាំងស្នាមញញឹមថា៖

«តើខ្ញុំមើលទៅដូចមនុស្សមានសុខភាពល្អទេ?» មុននឹងបន្តទៀតថា៖ «ខ្ញុំមានសុខភាពល្អតើ ខ្ញុំពិតជាព្យាយាមថែរក្សាខ្លួនឯងខ្លាំងណាស់។ ប៉ុន្តែបើនិយាយតាមត្រង់ទៅ ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អគ្រប់ពេល គឺជារឿងដែលពិបាកខ្លាំងណាស់ វាពិបាកមែនទែន! ប៉ុន្តែខ្ញុំក៏ព្យាយាមឱ្យអស់ពីសមត្ថភាព ហើយចង់ណែនាំអ្នកទាំងអស់គ្នាឱ្យព្យាយាមថែរក្សាសុខភាពខ្លួនឯងដែរ ព្រោះសុខភាពគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុត។ ទោះបីជាមានរបស់ផ្សេងៗជាច្រើន ប៉ុន្តែបើបាត់បង់សុខភាពទៅ គ្រប់យ៉ាងគឺស្ទើរតែគ្មានន័យអ្វីទាំងអស់»។

សំណួរ៖ «ប្រសិនបើនាងអាចផ្លាស់ប្តូរអ្វីមួយនៅក្នុងវិស័យ K-Pop បាន តើនាងនឹងផ្លាស់ប្តូរអ្វី?»

Giselle ឆ្លើយយ៉ាងត្រង់ៗថា៖

«ការបោកប្រាស់» ហើយក៏សើចតិចៗ មុននឹងបន្តថា៖ «ការនិយាយបែបនេះមិនបានផ្តល់ផលចំណេញដល់ខ្ញុំទាល់តែសោះ ប៉ុន្តែខ្ញុំសុំនិយាយត្រង់ៗតែម្តង។ ខ្ញុំចង់ផ្លាស់ប្តូរការប្រព្រឹត្តចំពោះមនុស្សដូចគ្នាយ៉ាងអមនុស្សធម៌ នៅក្នុងសង្គមដែលគ្មានមនុស្សធម៌ នោះហើយជាអ្វីដែលខ្ញុំចង់ផ្លាស់ប្តូរចំពោះវិស័យ K-Pop»។ ទោះជាយ៉ាងណាក៏ដោយ នាងបានសង្កត់ធ្ងន់ថា៖ «វាមិនមែនមានន័យថាខ្ញុំស្អប់ស្ថានភាពរបស់ខ្លួនឯង ឬអ្វីនោះទេ កុំយល់ច្រឡំអី ខ្ញុំគ្រាន់តែនិយាយអំពីការពិតនៃឧស្សាហកម្មកម្សាន្តនេះតែប៉ុណ្ណោះ»។

សំណួរ៖ «តើនាងគិតយ៉ាងណាចំពោះមនុស្សដែលចូលចិត្តរិះគន់អ្នកដទៃ?»

Giselle ឆ្លើយយ៉ាងម៉ឺងម៉ាត់ថា៖

«ខ្ញុំមានអារម្មណ៍អាណិតពួកគេណាស់។ និយាយមែនទៅ ការដែលនរណាម្នាក់ផ្តល់តម្លៃលើរូបរាងរបស់ខ្ញុំខ្លាំងដល់ថ្នាក់ហ្នឹង វាជារឿងដែលគួរឱ្យចាប់អារម្មណ៍ម្យ៉ាងដែរ។ បើគ្រាន់តែជជែកលេងជាមួយមិត្តភក្តិថា ‘នាងមើលទៅបែបនេះបែបនោះ’ វាជារឿងមួយផ្សេង ប៉ុន្តែការខាតពេលវេលាមកអង្គុយវាយអត្ថបទបញ្ចេញមតិទាំងនោះ គឺខ្ញុំមិនយល់ពីផ្នត់គំនិតបែបហ្នឹងទាល់តែសោះ។ បើចង់ធ្វើក៏ធ្វើទៅ ប៉ុន្តែខ្ញុំគិតថាអ្នកគួរតែយកពេលវេលានោះទៅអភិវឌ្ឍខ្លួនឯងវិញល្អជាង ព្រោះអ្នកកំពុងតែខាតពេលហើយ»។

វគ្គមួយទៀតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង គឺនៅពេលដែលអ្នកគាំទ្រម្នាក់បានសួរថា៖ «តើនាងមានពាក្យណែនាំអ្វីខ្លះសម្រាប់អ្នកដែលជាស្រឡាញ់ភេទដូចគ្នា ប៉ុន្តែមិនទាន់ហ៊ានប្រាប់គ្រួសារ?»

Giselle បានឆ្លើយតបវិញដោយភាពកក់ក្តៅថា៖

«មិនថាក្នុងហេតុផលអ្វីដែលអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញអត្តសញ្ញាណពិតប្រាកដទៅកាន់គ្រួសារនោះទេ ខ្ញុំគិតថាអ្នកគួរតែជឿជាក់លើសភាវគតិនៃចិត្តខ្លួនឯង ហើយមិនចាំបាច់បង្ខំអ្វីទាំងអស់។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ កុំស្អប់ខ្លួនឯង ហើយកុំគិតថាខ្លួនឯងខុស។ ពួកយើងស្រឡាញ់ និងទទួលស្គាល់ភាពចម្រុះនៃយេនឌ័រគ្រប់ទម្រង់ទាំងអស់។ អ្នកមិនបានធ្វើអ្វីខុសទាល់តែសោះ ហើយអ្នកគឺជាមនុស្សម្នាក់ដែលមានអ្នកស្រឡាញ់យ៉ាងច្រើន។ នៅលើលោកនេះនៅមានមនុស្សជាច្រើនទៀតដែលជា Gay ដូចគ្នា ខ្ញុំសង្ឃឹមថាអ្នកនឹងបានជួបគូស្នេហ៍ដ៏ល្អម្នាក់»។

ចម្លើយនេះទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសំណាក់អ្នកគាំទ្រ ដែលមើលឃើញថា Giselle បានបង្ហាញចេញនូវភាពស្មោះត្រង់ ការយល់ចិត្ត និងការគាំទ្រដល់ភាពចម្រុះនៃយេនឌ័រយ៉ាងកក់ក្តៅ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា