អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

Advertisement

ស្ថិត​ក្នុង​ភូមិ ចំបក់ហែរ ស្រុកពួក ខេត្តសៀមរាប គ្រួសារមួយដែលទើបឆ្លងទន្លេបានកូនប្រុសម្នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុងសៀមរាប បាន​ព្រមព្រៀង​រៀប​ចំ​កិច្ច​ពិធី «កាត់សក់បង្កក់ឆ្មប» ដោយ​មាន​យាយ​ម៉ប ដែល​យល់​ដឹង​ពី​ការ​ធ្វើ​កិច្ច ជួយ​សម្របសម្រួល​នៅ​ក្នុង​កិច្ច​ពិធី។

មុនរៀបកិច្ចពិធី ឪពុកម្តាយ ឬចាស់ទុំត្រូវរកអាចារ្យដេញវេលារើសថ្ងៃនក្ខត្តឫក្ស (ថ្ងៃអណ្តែត ថ្ងៃជោគ ថ្ងៃជ័យ ថ្ងៃលាភ) ហើយចាប់ផ្ដើមនៅវេលាព្រឹក (ពេញពន្លឺ) ប្រមាណជាម៉ោង៩ ពុំធ្វើពេលរសៀលថ្ងៃជ្រេឡើយ ព្រោះគេជឿថា ថ្ងៃជ្រេនាំឱ្យអាប់រាសីក្មេង។ បន្ទាប់មក សែនកួចដៃសង្កត់ព្រលឹងម្តាយ និងកូន ព្រោះកាលឈឺពោះឆ្លងទន្លេ នាងភិតភ័យធ្វើឱ្យលស់ព្រលឹង ទើបហៅព្រលឹងឱ្យមកវិញ មកថែរូបកាយថែកូនថែចៅ។ ចំណែកកូនសូមឱ្យសុខសប្បាយ ឱ្យព្រលឹងចូលរូបចូលអង្ករ មានអាយូសវែង បំពាក់ចិញ្ចៀនមាស (ខ្សែក ខ្សែដៃ គ្រឿងត្បូងរ័ត្ន) ឱ្យកូនមានមាស មានប្រាក់ មានកិត្តិយសខ្ពង់ខ្ពស់ថ្លៃថ្លា។ កិច្ចបន្ទាប់ គឺចំពោះឆ្មប ដោយយាយម៉បយកស្រូវ១ល្អី ដាក់សារ៉ុងថ្មីពីលើ ហើយឱ្យក្មេងអង្គុយ គឺតំណាងឱ្យចម្រើនធំធាត់មានស្រូវអង្ករហូបចុកហូរហៀរ និងគ្រឿងស្លៀកពាក់បរិបូណ៌។ ស្រូវនោះសោត គេយកធ្វើពូជសាបព្រោះធ្វើស្រែបានជាភោគផល តំណាងឱ្យមានកូនចៅតត្រកូល។ បន្ទាប់មកទៀត គេយកញញួរ និងដែកដាប់ មកធ្វើកិច្ចដាប់មាត់ឱ្យក្មេងពោលពាក្យសត្យពាក្យពិតពីរោះពិសា មិនកុហកភូតភរ មិនប៉ប៉ោចឥតការ និយាយផ្តេសផ្តាសនាំទុក្ខទោសដល់ខ្លួន មានប្រាជ្ញាវាងវៃ ដាប់ត្រចៀកកុំឱ្យត្រចៀកស ឆាប់ជឿគេ ដាប់ភ្នែកឱ្យចេះមើលថ្លឹងថ្លែងពិចារណា។

រីឯកិច្ច «កាត់សក់» គេកាត់សក់៧សសៃ ឬកោរ(សក់ព្រៃ) ដើម្បីកាត់ផ្ដាច់ពីម្ដាយដើម។ ពេលនេះហើយ បើគ្រួសារណាចង់ទុកកំប៉ោយក្មេង គឺទុកពីពេលនេះតទៅ ដល់វ័យចំទង់គេធ្វើកិច្ចពិធីមួយទៀត គេហៅថា ពិធីកោរជុក ឬកោរកំប៉ោយ។ យាយម៉បយកស្លឹកម្លូរ និងសូនពន្លៃបុកមួយដុំដាក់លើក្បាលកូន គេថា ប្រដូចស្លឹកម្លូរ គឺជាផែនពសុធាសម្រាប់ទ្រភ្នំ (ពន្លៃ១ដុំបិទពីលើស្លឹកម្លូរ) គឺឱ្យក្មេងនោះ នឹងធឹងមិនរង្គោះរង្គើរ ប្រដូចភ្នំដែលគ្មានអ្វីមករម្លំបានឡើយ។ ពាក្យទំនឹមទំនៀមខ្លះថា ក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល គឺសំដៅលើក្មេងពុំទាន់ដឹងខ្យល់អ្វី ពុំគួរមានសេចក្តីប្រមាថទៅលើចាស់ទុំឡើយ។ គ្រឿងរណ្ដាប់តាមទម្លាប់បុរាណរួមមានស្លាធម៌ បាយស្រី ជម៤ មាន់លុង១ ផ្លែឈើ នំចំណី បង្អែមចម្អាប បាយសម្លសម្រាប់លៀងយាយម៉ប សែនព្រេនព្រះភូមិ ជំនាងផ្ទះ និងញាតិសន្ដានផង។

តាម​រយៈ​លោក តូច សុភៈ បុរាណ​វិទូ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​អរូបី​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យ​ដឹង​ថា កិច្ច​ពិធី «កាត់​សក់​បង្កប់​ឆ្មប» គឺ​ធ្វើ​ឡើង​សម្រាប់​មនុស្ស ៣ នាក់​រួម​មាន យាយ​ម៉ប (ឆ្មប) ម្ដាយ និង​ទារក។ ចំពោះ​យាយ​ម៉ប (ឆ្មប) ៖ គឺ​ដើម្បី​ឱ្យ​ម្ដាយ​សុំ​ខមាទោស​ចំពោះ​ឆ្មប ដែល​បាន​ជួយ​បង្កើត​កូន បង្កក់​លាង​ជម្រះ​មន្ទិល ប្រឡាក់​ប្រឡូស កុំ​ឱ្យ​មាន​កម្មពៀរ។ ចំពោះ​ម្ដាយ ៖ គេ​តែង​ឱ្យ​ដេក​ឆ្អើរ​ភ្លើង (បច្ចុប្បន្ន គ្រូពេទ្យ​ណែនាំ​ពុំ​ឱ្យ​បន្ត​ធ្វើ​ទៀត​ទេ) ការណ៍នេះ មានត្រណម និងកិច្ចពិធីជាច្រើន ម្ល៉ោះហើយ គេត្រូវធ្វើពិធីទម្លាក់ជើងក្រាន ដើម្បីរំងាប់ពិសភ្លើង និងលាត្រណមផង។ ចំពោះកូន ៖ គឺកាត់សក់ព្រៃ ដើម្បីផ្តាច់ខ្លួនពីម្តាយដើម និងដើម្បីឱ្យមានសណ្ដាប់ពេលមកជាស្រុកផង។

លោកយាយ ប្លោក កូយ ជាយាយម៉បនិយាយថា៖ «កិច្ចពិធីកាត់សក់បង្កក់ឆ្មបនេះ គឺដើម្បីឱ្យស្ត្រីជាម្តាយអាចដើរទៅទីជិតឆ្ងាយបានហើយ បើពុំធ្វើកិច្ចនេះទេ ត្រណមថា មិនឱ្យដើរហើរទៅណាបានទេ ព្រោះព្រលឹងដែលលស់ទៅពុំទាន់ចូលរូបចូលអង្គ»។ លោកយាយបន្ដថា៖ « ឯកូនក្នុងផ្ទៃក៏វាបានបន់ដែរថា បើខ្លួនបានកើតមកឃើញពន្លឺថ្ងៃខ្លួននឹងបន់កោរសក់ឱ្យ ដូច្នេះហើយទើបពេលកូនកើតមក គេធ្វើកិច្ចកាត់ ឬកោរសក់ព្រៃចេញដើម្បីលាបំណន់កូន»។

ចំណែកឯអ្នកស្រី ហ៊ីងស្រីរ័ត្ន ជាម្តាយរបស់ទារក ចំរើន ពុទ្ធិរាជ និយាយថាដ្បិតនាងពុំបានសម្រាលកូនដោយឆ្មបបុរាណក្ដី តែក៏ពុំបានចោលទំនៀមបុរាណមួយនេះទេ ថែមទាំងជំរុញឱ្យបន្ដថែរក្សាកុំឱ្យកិច្ចពិធីនេះបាត់បង់ ហើយក្នុងចិត្តរបស់អ្នកស្រីក៏មានសេចក្តីសមចិត្តដែលបានទទួលនូវស្រីមង្គលតាមរយៈកិច្ចពិធីនេះ៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា