កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញច្បាប់ហាមឃាត់។ នេះបើផ្អែកតាមការចុះផ្សាយរបស់ South China Morning Post នៅថ្ងៃទី៥ ខែមេសា។

Advertisement

គ្រួសារជនជាតិចិនបានផ្ដល់តម្លៃយ៉ាងខ្លាំងលើទំនៀមទម្លាប់នៃការបញ្ចុះសព ដោយចាត់ទុកការស្វែងរកផ្នូរដែលសមស្របសម្រាប់ដូនតា គឺជាទង្វើដ៏កតញ្ញូមួយ។ យ៉ាងណាមិញ ដោយសារការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័សបានធ្វើឱ្យដីធ្លីមានកំណត់ ទន្ទឹមគ្នានឹងកំណើនប្រជាជនវ័យចំណាស់ ទើបធ្វើឱ្យទីបញ្ចុះសពកាន់តែកម្រ និងមានតម្លៃខ្ពស់ជាងធម្មតា។

កាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ ទីបញ្ចុះសព Shanghai Songhe នៅក្នុងទីក្រុងស៊ាងហៃ មានតម្លៃប្រមាណ ៧៦០ ០០០ យ៉ន់ ឬ ១១០ ០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃផ្ទះជាមធ្យមនៅក្នុងទីក្រុងនេះ មានតម្លៃត្រឹមតែប្រហែល ៥៥ ០០០ យ៉ន់ប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ។

ដោយសារទីបញ្ចុះសពតាមបែបប្រពៃណីកាន់តែមានតម្លៃខ្ពស់រហូតមិនអាចទិញបាន ជនជាតិចិនបានចាប់ផ្ដើមស្វែងរកវិធីសាស្រ្តផ្សេងទៀត ដោយអ្នកខ្លះបានជ្រើសរើសទិញអាផាតមិន ដែលកសាងឡើងសម្រាប់មនុស្សស្នាក់នៅមកតម្កល់ធាតុសព។

វិធីសាស្រ្តនេះមិនត្រឹមតែដោះស្រាយបញ្ហាកន្លែងដាក់ធាតុសពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាការវិនិយោគមួយ ព្រោះអាផាតមិននៅតែមានតម្លៃ ហើយអាចប្រើប្រាស់បានរយៈពេលយូរ។

តួយ៉ាង ជាធម្មតាទីកន្លែងបញ្ចុះសពនៅទីក្រុងប៉េកាំង គ្រួសារសពអាចប្រើប្រាស់ទីតាំងនោះត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលទិញអាផាតមិន អ្នកទិញមានសិទ្ធធ្វើជាម្ចាស់កម្មសិទ្ធរយៈពេល ៧០ឆ្នាំ អាចតុបតែងតាមចិត្ត និងអាចឱ្យសាច់ញាតិទៅគោរពវិញ្ញាណក្ខន្ធនៅពេលណាក៏បាន។ លើសពីនេះ ក្នុងករណីមានបញ្ហាផ្នែកហិរញ្ញវត្ថុ ម្ចាស់ក៏អាចលក់ ឬជួលអាផាតមិននោះបានដែរ។​

យ៉ាងណាមិញ សកម្មភាពនេះបានបង្កឱ្យមានភាពចម្រូងចម្រាស ដោយមានការព្រួយបារម្ភចំពោះការប៉ះពាល់ដល់តម្លៃអចលនទ្រព្យ ក៏ដូចជាផ្លូវចិត្តរបស់អ្នកដែលរស់នៅពិត។ ជាពិសេស នៅចន្លោះពេលពិធីសែនផ្នូរ ឬហៅថា ឆេងម៉េង ដែលទើបតែរំលងទៅនេះ ការដុតធូប និងសកម្មភាពសាសនាផ្សេងៗបានបង្កការរំខានដល់អ្នករស់នៅក្បែរខាង។

នៅថ្ងៃទី ៣០ ខែមីនា ប្រទេសចិនបានដាក់បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងពិធីបុណ្យសព និងការបញ្ចុះសព ច្បាប់កែសម្រួលថ្មី បានចូលជាធរមានជាផ្លូវការ ដោយហាមឃាត់ចំពោះការប្រើប្រាស់អចលនទ្រព្យសម្រាប់ស្នាក់នៅ ដើម្បីតម្កល់ធាតុសពមនុស្ស។ ពោល ច្បាប់នេះគឺប្រឆាំងនឹងសកម្មភាពខាងលើទាំងស្រុង។

ដោយឡែក វិធានការនេះបានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមក្នុងប្រទេសចិន ដោយមានការបែងចែកមតិចម្រុះ។ ជាក់ស្ដែង បុគ្គលម្នាក់បាននិយាយថា៖ “បើខ្ញុំទុកធាតុសពក្នុងផ្ទះខ្ញុំ តើអ្នកដឹងដោយរបៀបណា? បញ្ហាពិតប្រាកដគឺទីបញ្ចុះសពថ្លៃពេក ហើយច្បាប់នេះគ្រាន់តែដោះស្រាយចុងហេតុប៉ុណ្ណោះ មិនមែនដើមហេតុទេ”។

ស្របគ្នានេះ បុគ្គលម្នាក់ទៀត បាននិយាយថា៖ “ពិតជាគួរឱ្យអស់សំណើចណាស់។ មនុស្សរស់មិនអាចមានលទ្ធភាពទិញផ្ទះ ហើយអ្នកស្លាប់ក៏មិនមានលទ្ធភាពទិញដីបញ្ចុះសពដែរ”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា