តារានាំគ្នាច្រានចោល អ្នកគាំទ្រនាំគ្នារិះគន់ ក្រោយ iQIYI ប្រកាសថា តារាជាង ១០០រូបយល់ព្រមឱ្យប្រើ AI ជំនួសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារានាំគ្នាច្រានចោល អ្នកគាំទ្រនាំគ្នារិះគន់ ក្រោយ iQIYI ប្រកាសថា តារាជាង ១០០រូបយល់ព្រមឱ្យប្រើ AI ជំនួសខ្លួន

តារានាំគ្នាច្រានចោល អ្នកគាំទ្រនាំគ្នារិះគន់ ក្រោយ iQIYI ប្រកាសថា តារាជាង ១០០រូបយល់ព្រមឱ្យប្រើ AI ជំនួសខ្លួន

នៅថ្ងៃទី២០ ខែមេសា នេះ ឃ្លា “iQIYI ឆ្កួតហើយ” បានក្លាយជាឃ្លាដែលមានអ្នកស្វែងរកច្រើនបំផុតនៅលើកម្មវិធី Weibo ដោយទស្សនិកជនសម្ដែងការព្រួយបារម្ភចំពោះផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ (AI) លើវិស័យសិល្បៈចិន បន្ទាប់ពី iQIYI បានប្រកាសថា មានសិល្បករជាង ១០០រូបបានចុះកិច្ចសន្យាព្រមឱ្យប្រើប្រាស់បច្ចេកវិទ្យា AI សម្ដែងជំនួសខ្លួន។

Advertisement

នៅក្នុងសន្និសីទ iQIYI World Conference ដែលធ្វើឡើងក្នុងទីក្រុងប៉េកាំង iQIYI បានដាក់សម្ពោធ «បណ្ណាល័យសិល្បករ AI» ជាផ្លូវការ និងបានអះអាងថាមានសិល្បករជាង ១០០ នាក់បានចុះកិច្ចសន្យាចូលរួម។ នៅលើអេក្រង់ក៏មានបង្ហាញឈ្មោះរបស់តារាល្បីៗ ដូចជា Zhang Ruoyun,​Yu Hewei, Wang Churan, និង Li Yitong ជាដើម។

ទន្ទឹមគ្នានេះ លោក Gong Yu នាយកប្រតិបត្តិរបស់ iQIYI បាននិយាយថា “AI អាចជួយឱ្យតារាសម្ដែងបង្កើនការថតរឿងពី ៤ រឿងក្នុងមួយឆ្នាំ ទៅដល់ ១៤ រឿង”។ លោកថែមទាំងបានលើកឡើងថា ផលិតកម្មដែលមានតារាសម្ដែងពិតប្រាកដអាចនឹងកាន់តែមានតិចទៅៗនៅពេលអនាគត រហូតអាចក្លាយទៅជាទម្រង់នៃ «បេតិកភណ្ឌវប្បធម៌អរូបី» ទៀតផង។

នៅរសៀលថ្ងៃដដែលនេះ ការពិភាក្សាក្នុងចំណោមទស្សនិកជន និងការច្រានចោលពីសំណាក់តារាល្បីៗទៅកាន់ការលើកឡើងរបស់ iQIYI បានផ្ទុះឡើង។ ជាក់ស្ដែង ស្ទូឌីយោរបស់ Zhang Ruoyun បានចេញមុខនិយាយមុនគេថា៖ “តារារបស់ខ្លួនមិនដែលបានចុះហត្ថលេខាលើការអនុញ្ញាតដែលពាក់ព័ន្ធនឹង AI ណាមួយឡើយ។ ផ្នែកច្បាប់របស់ស្ទូឌីយោកំពុងចាត់វិធានការជាបន្ទាន់លើបញ្ហានេះ”។

បន្ទាប់មក Yu Hewei, Wang Churan, និង Li Yitong ក៏បានបដិសេធដូចគ្នាថា ពួកគេមិនដែលបានចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យប្រើប្រាស់ AI នោះទេ។ ការដែល iQIYI ប្រើពាក្យថា “ចុះកិច្ចសន្យា” ទាំងដែលសាមីខ្លួនមិនដឹងរឿងបែបនេះ ជាការរំលោភសិទ្ធិ ប្រៀបដូចជា “ការធ្វើរួចស្រេច ទើបប្រាប់តាមក្រោយ”។

ជាមួយនឹងបញ្ហាចម្រូងចម្រាស់ខាងលើ ឃ្លា “QIYI ឆ្កួតហើយ” បានក្លាយជាប្រធានបទក្ដៅនៅបណ្ដាញសង្គមចិន មិនមែនដោយសារទស្សនិកជនប្រឆាំងនឹងការរីកចម្រើននៃបច្ចេកវិទ្យានោះទេ ប៉ុន្តែដោយសារតែទស្សនិកជនជាង ៧៤​ភាគរយ យល់ឃើញថា AI មិនអាចបង្កើតតួអង្គដែលមានព្រលឹង និងអាចបញ្ជូនអារម្មណ៍របស់តួអង្គមកកាន់អ្នកមើលបានទេ ខណៈអ្នកខ្លះបានលើកឡើងថា អ្នកមើលរឿងចង់រំភើបចិត្តទៅតាមតួអង្គ មិនមែនចង់មើលរូបភាពនិម្មិតដែលគ្មានវិញ្ញាណនោះឡើយ។

ទន្ទឹមគ្នានេះ សាធារណជនក៏បានចំអកឃ្លារបស់លោក Gong Yu ដែលថា “តារាសម្ដែងហត់នឿយណាស់” ដោយនិយាយថា បច្ចេកវិទ្យានេះកំពុង “ដណ្ដើមការងារពីសិល្បករ”។ តួយ៉ាង មតិមួយបានលើកឡើងថា៖ “បើនិយាយឱ្យពិរោះស្តាប់គឺ តារាបានសម្រាកច្រើនជាងមុន តែបើនិយាយឱ្យស្រួលស្ដាប់គឺ តារាសម្ដែងកំពុងបាត់បង់ការងារ”។

បន្ថែមពីនេះ ការរំលោភទៅលើសិទ្ធិប្រើប្រាស់រូបភាពរបស់សិល្បករក៏ជារឿងដែលអ្នកគាំទ្របង្ហាញការព្រួយបារម្ភផងដែរ។

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្ដាញសង្គមចិនខ្លះបានបង្ហាញការយល់ឃើញថា ចក្ខុវិស័យរបស់លោក Gong Yu មិនមែនខុសទាំងស្រុងនោះទេ តែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ (AI) គួរតែជាបច្ចេកទេសមួយប្រើប្រាស់សម្រាប់ឈុតឆាកដែលពិបាក និងអាចបង្កគ្រោះថ្នាក់ដល់សិល្បករ មិនជាការជំនួសទាំងស្រុងនោះទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា