ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពន្ធបន្ថែមចំនួនរាប់សិបពាន់លានវ៉ុន ឬខ្ទង់រាប់សិបលានដុល្លារ។

Advertisement

ក្នុងនោះពួកគេបានថ្លែងថា៖ «យើងខ្ញុំសូមអភ័យទោសដោយស្មោះ ចំពោះការបង្កឱ្យមានការព្រួយបារម្ភដល់មហាជនជាច្រើនដោយសារតែបញ្ហានេះ។ ទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ពិតជាមិនមានការលាក់បាំងចំណូលដោយចេតនា ឬការគេចវេះពន្ធតាមរយៈវិធីសាស្ត្រខុសច្បាប់ណាមួយនោះឡើយ»។

ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើបញ្ហាពន្ធនាពេលថ្មីៗនេះ ភ្នាក់ងារខាងលើបានពន្យល់ថា៖ «បញ្ហាគឺមានការយល់ខុសគ្នារវាងអាជ្ញាធរពន្ធដារ និងខាងយើងខ្ញុំ ទាក់ទងនឹងការបកស្រាយ និងការអនុវត្តច្បាប់ពន្ធ ជាពិសេសលើចំណុចដែលថា តើប្រាក់ចំណេញដែលទទួលបានពីសកម្មភាពសិល្បៈរបស់តារាសម្ដែង គួរតែត្រូវបានចាត់ចូលជាចំណូលបុគ្គល ឬជាចំណូលក្រុមហ៊ុន ក្រោមគោលការណ៍នៃសារពើពន្ធ»។

ភ្នាក់ងារនេះបានបន្តថា៖ «ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៨ មក យើងខ្ញុំបានអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់ និងនីតិវិធីពាក់ព័ន្ធទាំងអស់ ដោយមិនដែលជួបប្រទះបញ្ហាពាក់ព័ន្ធនឹងពន្ធឡើយ ហើយយើងខ្ញុំតែងតែផ្តល់អាទិភាពដល់ការបំពេញកាតព្វកិច្ចពន្ធដោយស្មោះត្រង់បំផុត។ ដូច្នេះហើយ យើងខ្ញុំគោរពតាមលទ្ធផលនៃការស៊ើបអង្កេតរបស់ភ្នាក់ងារពន្ធដារជាតិហើយនឹងបង់ប្រាក់ពន្ធដែលត្រូវបានកំណត់ឱ្យបានឆាប់រហ័ស ស្របតាមនីតិវិធីពាក់ព័ន្ធ»។

ពួកគេបានបន្ថែមថា៖ «ដើម្បីការពារកុំឱ្យមានបញ្ហាស្រដៀងគ្នានេះកើតឡើងនៅថ្ងៃអនាគត យើងខ្ញុំនឹងធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ជាងមុន និងពង្រឹងប្រព័ន្ធគ្រប់គ្រងពន្ធដារ និងគណនេយ្យរបស់យើងខ្ញុំ»។

កាលពីព្រឹកថ្ងៃដដែលនោះ សារព័ត៌មាន Field News បានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតទី ២ នៃការិយាល័យពន្ធដារតំបន់ទីក្រុងសេអ៊ូល បានធ្វើការត្រួតពិនិត្យពន្ធលើ Ji Chang Wook កាលពីខែមីនា ហើយក៏បានកំណត់ឱ្យបង់ពន្ធបន្ថែមចំនួនរាប់សិបពាន់លានវ៉ុន ក្នុងកំឡុងពេលដំណើរការត្រួតពិនិត្យនោះ។

គួរបញ្ជាក់ថានាពេលថ្មីៗនេះ ឧស្សាហកម្មកម្សាន្តកូរ៉េបានឃើញនូវការស៊ើបអង្កេតលើបញ្ហាពន្ធជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងតារាល្បីៗដែលដំណើរការភ្នាក់ងារគ្រប់គ្រងផ្ទាល់ខ្លួន ។ ជាក់ស្ដែងតារាសម្ដែងជាច្រើនដូចជា Lee Min Ki, Lee Yi Kyung, Cha Eun Woo, Kim Seon Ho, Lee Ha Nee និង Yoo Yeon Seok ក៏បានប្រឈមមុខនឹងការវាយតម្លៃពន្ធបន្ថែមផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា