Junkyu ប្រកាសសម្រាកពីការងារ សន្យានឹង TREASURE MAKER ថានឹងត្រឡប់មកវិញឱ្យរឹងមាំជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Junkyu ប្រកាសសម្រាកពីការងារ សន្យានឹង TREASURE MAKER ថានឹងត្រឡប់មកវិញឱ្យរឹងមាំជាងមុន

Junkyu ប្រកាសសម្រាកពីការងារ សន្យានឹង TREASURE MAKER ថានឹងត្រឡប់មកវិញឱ្យរឹងមាំជាងមុន

នៅថ្ងៃទី២៩ ខែមិថុនា នេះ Junkyu ដែលជាសមាជិកម្នាក់នៃក្រុមចម្រៀងបុរស TREASURE បានប្រកាសផ្អាកសកម្មភាពការងាររបស់ខ្លួនជាបណ្តោះអាសន្ន ដោយសន្យាថានឹងវិលត្រឡប់មកវិញក្នុងនាមជាខ្លួនឯងដែលរឹងមាំជាងមុន។

Advertisement

តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះ បានរៀបរាប់នៅក្នុងសំណេរសរសេរដៃនៅលើកម្មវិធីភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ Weverse ថា៖ “អស់ពេល ៦ ឆ្នាំទៅហើយ ចាប់តាំងពីខ្ញុំបាន Debut ក្នុងឆ្នាំ ២០២០ និងបានដើរលើផ្លូវនេះរួមគ្នាជាមួយក្រុមអ្នកគាំទ្រ TREASURE MAKER។ ចន្លោះពេលនោះ ខ្ញុំទទួលបានក្តីស្រឡាញ់យ៉ាងច្រើនលើសលប់ រហូតធ្វើឱ្យគ្រប់ពេលវេលាទាំងអស់មានអារម្មណ៍ដូចជាអព្ភូតហេតុ និងនាំមកនូវសេចក្តីសុខយ៉ាងខ្លាំងដល់ខ្ញុំ”។

យ៉ាងណាមិញ ការខិតខំប្រឹងបោះជំហានទៅមុខរបស់តារាប្រុសរូបនេះ បានធ្វើឱ្យលោកខកខានចាប់អារម្មណ៍ពីសញ្ញាព្រមានដែលរាងកាយ និងខួរក្បាលរបស់ខ្លួនបញ្ជូនមក រហូតឈានដល់ការសម្រេចចិត្តឈប់សម្រាកនៅគ្រានេះ។

Kim Junkyu បានរៀបរាប់បន្តទៀតថា៖ “ខ្ញុំតែងតែចង់បង្ហាញតែផ្នែកដ៏ល្អបំផុតរបស់ខ្ញុំជានិច្ច ដូច្នេះហើយទើបខ្ញុំដឹងថា វាដល់ពេលដែលខ្ញុំត្រូវឈប់មួយភ្លែត ដើម្បីក្រឡេកមកមើល និងថែទាំខ្លួនឯងឡើងវិញ។ បន្ទាប់ពីបានពិភាក្សាយ៉ាងម៉ត់ចត់ជាមួយក្រុមហ៊ុន ខ្ញុំបានសម្រេចចិត្តសម្រាក និងផ្អាកសកម្មភាពការងាររបស់ខ្ញុំមួយរយៈសិន”។

លោកបានបន្ថែមថា៖ “ខ្ញុំពិតជាសោកស្តាយណាស់ ដែលដំណឹងបន្ទាន់មួយនេះអាចធ្វើឱ្យ TREASURE MAKER មានការព្រួយបារម្ភ ព្រោះអ្នកទាំងអស់គ្នាគឺជាបង្អែកដ៏រឹងមាំសម្រាប់ខ្ញុំរហូតមក។ ប៉ុន្តែខ្ញុំជឿជាក់ថា ការសម្រាកមួយរយៈនេះ គឺជាអ្វីដែលខ្ញុំត្រូវការដើម្បីជួយឱ្យខ្ញុំមានសុខភាពល្អ និងរឹងមាំជាងមុន”។

“ខ្ញុំនឹងយកពេលវេលានេះដើម្បីសម្រាក និងត្រឡប់មកវិញក្នុងនាមជាខ្លួនឯង។ អរគុណអ្នកទាំងអស់គ្នាចំពោះអ្វីៗគ្រប់យ៉ាង ហើយខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា” តារាប្រុសបញ្ចប់ដូច្នេះ។

ក្នុងថ្ងៃតែមួយនេះដែរ ផលិតកម្ម YG Entertainment ក៏បានចេញសេចក្តីប្រកាសអំពីការផ្អាកសកម្មភាពនេះផងដែរ ដោយបានឱ្យដឹងថា​​​​ TREASURE ទើបតែបានបញ្ចប់សកម្មភាពផ្សព្វផ្សាយអាល់ប៊ុមខ្នាត់តូច “NEW WAVE” កាលពីសប្តាហ៍មុន។

ផលិតកម្មនេះបានរៀបរាប់ថា៖ “ទោះបីជាមានសុខភាពមិនសូវល្អក៏ដោយ ក៏ JUNKYU នៅតែបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់សកម្មភាពរបស់ក្រុម។ ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកលើមតិផ្ទាល់ខ្លួនរបស់សិល្បករ និងការវិនិច្ឆ័យពីមនុស្សនៅជុំវិញខ្លួនតារាប្រុសផ្ទាល់ ឃើញថាលោកត្រូវការពេលវេលាសម្រាកព្យាបាលជាបណ្តោះអាសន្នសិន”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា