សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក

សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក

អ្នកមានឥទ្ធិពលលើបណ្តាញសង្គម Instagram ល្បីល្បាញម្នាក់ កំពុងតែប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតវៀតណាម បន្ទាប់ពីមានវីដេអូនៅពីក្រោយឆាកមួយបានលេចធ្លាយ បង្ហាញថាការចែកទូរស័ព្ទ iPhone ដោយចៃដន្យរបស់លោក នៅកណ្តាលទីក្រុងហាណូយ គ្រាន់តែជាការរៀបចំឡើងឆាកតែប៉ុណ្ណោះ។

Advertisement

លោក Eidan Sanker ដែលគេស្គាល់យ៉ាងទូលំទូលាយតាមអ៊ីនធឺណិតក្រោមឈ្មោះគណនី master.sanker គឺជាអ្នកបង្កើតមាតិកា (Content Creator) ដ៏មានឥទ្ធិពលមួយរូប ដែលមានអ្នកតាមដានជាង ១៩.៤ លាននាក់នៅលើ Instagram, ១៣ លាននាក់នៅលើ TikTok និងអ្នកតាមដានប្រហែល ៩ លាននាក់នៅលើ YouTube។ លោកល្បីល្បាញខ្លាំងតាមរយៈវីដេអូចែកលុយ អំណោយ ទូរស័ព្ទ និងការ surprise ដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយមនុស្សចម្លែកតាមដងផ្លូវ។

យោងតាមសារព័ត៌មាន The online citizen ភាពចម្រូងចម្រាសបានផ្ទុះឡើងបន្ទាប់ពីវីដេអូឃ្លីបមួយបានចែកចាយពាសពេញបណ្តាញសង្គមក្នុងប្រទេសវៀតណាម។ នៅក្នុងវីដេអូនោះ Sanker ស្លៀកឈុតពណ៌លឿងដ៏ទំនងជាប្រេនប្រណិតមួយ ត្រូវបានគេឃើញកំពុងប្រគល់ទូរស័ព្ទ iPhone ទៅឱ្យនារីវ័យក្មេងម្នាក់ នៅជិតបឹង Hoan Kiem ដែលជាតំបន់ថ្មើរជើងដ៏ល្បីល្បាញ និងអ៊ូអរនៅកណ្តាលទីក្រុងហាណូយ។ មិនប៉ុន្មាននាទី ក្រោយមកបន្ទាប់ពីថតចប់នារីវ័យក្មេងរូបនោះបានប្រគល់ទូរស័ព្ទ iPhone នោះទៅឱ្យបុរសម្នាក់ទៀតដែលគេជឿថាជាសមាជិកនៃក្រុមការងារផលិតរបស់ Sanker។ បន្ទាប់មក នាងត្រូវបានគេឃើញថាបានទទួលបានក្រដាសមួយសន្លឹក ដែលអ្នកទស្សនាសង្ស័យថាជាសាច់ប្រាក់កម្រៃសម្រាប់ការសម្តែង។

ព័ត៌មានលម្អិតនេះបាននាំឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើននៅវៀតណាមដាក់ការសង្ស័យភ្លាមៗថា តើវីដេអូ “ផ្តល់ iPhone ដល់មនុស្សចម្លែក” ផ្សេងទៀតដែលជួយធ្វើឱ្យ Master Sanker ល្បីល្បាញកន្លងមក ពិតជាខ្លឹមសារដែលត្រូវបានរៀបចំឡើង ឬយ៉ាងណា។ វីដេអូឃ្លីបនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមវៀតណាម ដោយបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីភាពត្រឹមត្រូវនៃខ្លឹមសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។​ “ខ្ញុំមានអារម្មណ៍ថាត្រូវបានបំភាន់អារម្មណ៍ដោយខ្លឹមសារដែលហាក់ដូចជាបង្ហាញខ្លួនឯងថាជាសប្បុរសធម៌ដោយឯកឯងបែបនេះ” អ្នកប្រើប្រាស់វៀតណាមម្នាក់បានសម្តែងការខកចិត្តតាមអ៊ីនធឺណិត។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងចំណោមការរិះគន់ ក៏មានមតិខ្លះបានយល់ឃើញផ្សេងដែរ។ អ្នកប្រើប្រាស់មួយចំនួនបានគិតថាធាតុផ្សំដែលបានរៀបចំឡើង ឬខ្លឹមសារដែលមានស្គ្រីបសម្របសម្រួលដោយផ្នែក បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងយុគសម័យ TikTok និង YouTube Shorts ហើយវាមិនមែនជារឿងដែលត្រូវភ្ញាក់ផ្អើលខ្លាំងនោះទេ។

បន្ទាប់ពីប្រឈមមុខនឹងប្រតិកម្មយ៉ាងច្រើន អ្នកផលិតមាតិកាជនជាតិអ៊ីស្រាអែលរូបនេះបានចេញមុខមកបកស្រាយតាមរយៈកម្មវិធីQ&A នៅលើ Instagram Stories របស់លោក។ នៅពេលដែលអ្នកទស្សនាម្នាក់បានសួរចំៗថា «ក្លែងក្លាយ ឬពិត?» លោកបានឆ្លើយតបទៅនឹងការចោទប្រកាន់នេះដោយបែកចែកជាពីរចំណុច ១ លោកបានទទូចថា សកម្មភាពចែករង្វាន់ និងជំនួយភាគច្រើនដែលបង្ហាញនៅក្នុងវីដេអូរបស់លោកគឺ “ពិតប្រាកដ ១០០%”។ ទីពីរនោះគឺទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ជាចំហថា «វីដេអូមួយចំនួនត្រូវបានសរសេរស្គ្រីប»។

ប៉ុន្តែទាក់ទងនឹងករណីជាក់ស្តែងនៅទីក្រុងហាណូយ លោក Sanker មិនបានបញ្ជាក់ចំៗថាតើ iPhone នោះត្រូវបានគេយកមកវិញឬអត់នោះទេ។ ប៉ុន្តែលោកបានអះអាងថា ស្ត្រីនៅក្នុងវីដេអូនោះបានទាក់ទងមកលោកដោយស្ម័គ្រចិត្តដើម្បីចូលរួម ក្នុងតម្លៃ ១ សែនដុងវៀតណាម (ប្រហែល 3.79 ដុល្លារអាមេរិក) ដោយលោកបានបន្ថែមថា អ្នកទស្សនាអាច “ទៅសួរនាង ហើយពិនិត្យមើល” បាន។

ជាចុងក្រោយ លោកថែមទាំងបានផ្តល់ដំបូន្មានទៅកាន់ទស្សនិកជនថា៖ “កុំជឿអ្វីៗទាំងអស់ដែលអ្នកឃើញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ពីព្រោះអ្វីដែលអ្នកឃើញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាខ្លឹមសារមាតិកា ហើយមិនមែនខ្លឹមសារទាំងអស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមសុទ្ធតែជាការពិតនោះទេ”។

ទោះបីជាមានរឿងអាស្រូវនេះក៏ដោយ លោក Sanker ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមវៀតណាមដែលបានធ្វើឱ្យលោកកាន់តែមានប្រជាប្រិយភាព ដោយក្នុងនោះលោកអះអាងថា លោកទទួលបានអ្នកតាមដានបន្ថែមរហូតដល់ ១.៥ លាននាក់ ក្នុងរយៈពេលត្រឹមតែប្រាំពីរថ្ងៃ ប៉ុណ្ណោះ ក្នុងកំលុងពេលកើតមានភាពចម្រូងចម្រាសនេះ។ យ៉ាងណារឿងរ៉ាវនេះបានក្លាយជាមេរៀន និងជាការដាស់តឿនថ្មីមួយទៀតដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន និងចេះពិចារណាឱ្យបានច្បាស់លាស់ មុននឹងជឿជាក់លើអ្វីដែលហៅថា “សប្បុរសធម៌តាមកាមេរ៉ា”៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា