៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការក្នុងទីក្រុងម៉ាឌ្រីដ បានកាត់សេចក្តីថា អាជ្ញាធរបានភាន់ច្រឡំនៅក្នុងការតាមទារពន្ធដែលមិនបានបង់ពីនាង។

Advertisement

យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការជាន់ខ្ពស់ Audiencia Nacional ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបានឱ្យដឹងថា មន្ត្រីពន្ធដារបានដាក់ពិន័យជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើតារាចម្រៀងរូបនេះក្នុងឆ្នាំ ២០២១ ក្រោយពីសន្និដ្ឋានថា នាងបានស្នាក់នៅក្នុងប្រទេសអេស្ប៉ាញលើសពី ១៨៣ ថ្ងៃក្នុងឆ្នាំ ២០១១ ហើយដូច្នេះនាងត្រូវមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលបុគ្គល។

យ៉ាងណាក៏ដោយ តុលាការបានបន្ថែមថា ជាក់ស្ដែង Shakira បានស្នាក់នៅក្នុងប្រទេសអេស្ប៉ាញត្រឹមតែ ១៦៣ ថ្ងៃប៉ុណ្ណោះ ដែលមានន័យថានាងមិនមែនជាពលរដ្ឋរស់នៅក្នុងប្រទេសនេះសម្រាប់គោលបំណងជាប់ពន្ធនោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ Shakira និងតំណាងរបស់នាង បានសម្តែងការអបអរសាទរចំពោះ «សាលក្រមជាប្រវត្តិសាស្ត្រ និងមានលក្ខណៈដាច់ម៉ាត់» មួយនេះ។

តារាចម្រៀងរូបនេះបានលើកឡើងថា៖ «បន្ទាប់ពីត្រូវស៊ូទ្រាំនឹងការកំណត់គោលដៅវាយប្រហារជាសាធារណៈយ៉ាងព្រៃផ្សៃអស់រយៈពេលជាង ៨ ឆ្នាំ យុទ្ធនាការដែលរៀបចំឡើងដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំ និងការគេងមិនលក់ជាច្រើនយប់ ដែលចុងក្រោយបានជះឥទ្ធិពលដល់សុខភាព និងសុខុមាលភាពគ្រួសារខ្ញុំ ទីបំផុតតុលាការជាន់ខ្ពស់ជាតិបានផ្តល់យុត្តិធម៌ដ៏ពិតប្រាកដមកវិញហើយ»។

នាងបានបន្ថែមថា៖ «គ្រប់ជំហាននៃដំណើរការក្តីត្រូវបានគេទម្លាយព័ត៌មាន បង្ខូចការពិត និងពង្រីកឱ្យកាន់តែធំ ដោយយកឈ្មោះ និងរូបភាពសាធារណៈរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផ្ញើសារគំរាមកំហែងដល់អ្នកជាប់ពន្ធដទៃទៀត។ នៅថ្ងៃនេះ រឿងរ៉ាវប្រឌិតទាំងនោះត្រូវបានរលាយសាបសូន្យ ហើយវាត្រូវបានធ្វើឡើងដោយអំណាចពេញលេញនៃសាលក្រមតុលាការ»។ Shakira សង្ឃឹមថាសាលក្រមនេះនឹងក្លាយជាគំរូមួយសម្រាប់ប្រជាពលរដ្ឋសាមញ្ញរាប់ពាន់នាក់ដែលត្រូវបានរំលោភបំពាន និងជិះជាន់ជារៀងរាល់ថ្ងៃដោយប្រព័ន្ធមួយដែលសន្មតថាពួកគេមានទោស​ ហើយបង្ខំឱ្យពួកគេបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ខណៈពេលដែលត្រូវប្រឈម​នឹងការបំផ្លិចបំផ្លាញទាំងផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត។

តុលាការ Audiencia Nacional បានសង្កត់ធ្ងន់ថា សាលក្រមរបស់ខ្លួនសំដៅតែលើពន្ធដែលត្រូវបង់ក្នុងឆ្នាំ ២០១១ តែប៉ុណ្ណោះ។

ដោយឡែក កាលពីឆ្នាំ ២០២៣ Shakira បានដោះស្រាយបណ្តឹងគេចពន្ធមួយផ្សេងទៀត ដែលទាក់ទងនឹងអំឡុងពេលឆ្នាំ ២០១២ ដល់ ២០១៤។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរដ្ឋអាជ្ញាក្រុងបាសេឡូណានាពេលនោះ តារាចម្រៀងម្ចាស់ពានរង្វាន់ Grammy រូបនេះ បានទទួលសារភាពចំពោះការចោទប្រកាន់ប្រឆាំងនឹងនាង ហើយបានព្រមព្រៀងបង់ប្រាក់ចំនួនដែលជំពាក់ទាំងស្រុង រួមទាំងប្រាក់ពិន័យបន្ថែមផងដែរ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នាងបានបង់ប្រាក់សរុបចំនួន ១៧.៥ លានអឺរ៉ូ (ប្រហែល ២០ លានដុល្លារអាមេរិក) ដែលជាចំនួនទឹកប្រាក់រួមបញ្ចូលទាំងពន្ធដែលជំពាក់ បូករួមទាំងការប្រាក់ ព្រមទាំងប្រាក់ពិន័យចំនួន ៧.៣ លានអឺរ៉ូ (ប្រហែល ៨.៥ លានដុល្លារអាមេរិក) ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា