ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពីឆ្នាំ២០១៧។

Advertisement

នៅក្នុងសន្និសិទ្ធសារព័ត៌មានដែលធ្វើឡើងប៉ុន្មានម៉ោងមុនការចេញផ្សាយអាល់ប៊ុម នៅឯមជ្ឈមណ្ឌល Cube Convention Center ទីក្រុងសេអ៊ូល តារខេប៉ុបរូបនេះនិយាយថា៖ “ឆ្នាំនេះ ខ្ញុំរវល់ខ្លាំងមែនទែន។ ខ្ញុំត្រូវត្រៀមខ្លួនសម្រាប់ការបង្ហាញខ្លួនរបស់ក្រុម BIGBANG នៅឯមហោស្រពតន្ត្រី Coachella ផង និងត្រូវបញ្ចប់ការធ្វើអាល់ប៊ុមនេះក្នុងពេលតែមួយ”។

“ខ្ញុំមិនមានថ្ងៃសម្រាកសូម្បីតែមួយថ្ងៃ ចាប់តាំងពីការសម្តែងនៅលើឆាក Coachella មក។ ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបច្រើនជាងព្រួយបារម្ភ។ ខ្ញុំរីករាយណាស់ដែលបានផ្តល់អ្វីដែលល្អៗទៅកាន់អ្នកគាំទ្រចំថ្ងៃខួបកំណើតរបស់ខ្ញុំ” លោកបានបន្តដូច្នេះ។

និយាយពីអាល់ប៊ុមថ្មីនេះ Taeyang បានប្រាប់ថា៖ “ឆ្នាំនេះគឺជាខួបគម្រប់ ២០ឆ្នាំនៃការប្រឡូកក្នុងសិល្បៈរបស់ខ្ញុំ ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏សំខាន់មួយ។ នៅពេលធ្វើអាល់ប៊ុមនេះ ខ្ញុំបានផ្តោតលើអ្វីដែលឆ្លុះបញ្ចាំងពីខ្លួនខ្ញុំខ្លាំងបំផុត ប៉ុន្តែនៅតែជាអ្វីដែលថ្មី”។

តារាប្រុសវ័យ ៣៧ឆ្នាំរូបនេះ បានរៀបរាប់ពីការលំបាកគ្រាធ្វើអាល់ប៊ុមនេះថា៖ “បញ្ហាប្រឈមគឺ ដោយសារតែខ្ញុំបានធ្វើរឿងជាច្រើនរួចមកហើយ ការព្យាយាមធ្វើអ្វីមួយដែលថ្មីស្រឡាង ក្លាយជារឿងដ៏ពិបាកខ្លាំងណាស់។ ខ្ញុំបានសួរខ្លួនឯងថា តើមានអ្វីថ្មីខ្លះដែលខ្ញុំនៅតែអាចធ្វើបាន? ហើយរាល់ការតាំងចិត្ត ខ្ញុំបានដាក់បញ្ចូលក្នុងអាល់ប៊ុមមួយនេះទាំងអស់”។

នៅក្នុងអាល់ប៊ុមដែលមានសរុប ១០បទនេះ Taeyang បានជ្រើសរើសយកបទ “Live Fast Die Slow” ជាបទចម្រៀង Lead Single។ អាល់ប៊ុមនេះ ក៏មានការរួមសហការជាមួយនឹងសិល្បករជំនាន់ប្អូន ដូចជា Tarzzan និង Woochan ដែលជាសមាជិកក្រុម ALLDAY PROJECT និងតារាចម្រៀងប៉ុបជនជាតិអូស្ត្រាលី The Kid LAROI ផងដែរ។

ទន្ទឹមគ្នានឹងការបញ្ចេញអាល់ប៊ុម “Quintessence” សិល្បកររូបនេះក៏បានរៀបចំការតាំងពិព័រណ៍មួយ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា ដើម្បីឱ្យអ្នកគាំទ្រអាចទទួលយកបទពិសោធន៍ និងស្វែងយល់ពីពិភពនៃអាល់ប៊ុមមួយនេះកាន់តែច្បាស់។

គួររំឭកផងដែរថា Taeyang បានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈជាសមាជិកក្រុម BIGBANG នៅក្នុងឆ្នាំ២០០៦។ លោកបានសាងកេរ្តិ៍ឈ្មោះ និងមានអាល់ប៊ុមទោល ជាមួយបទចម្រៀងល្បីៗជាច្រើនរួមមាន បទ Only Look at Me បទ Eyes, Nose, Lips និងបទ VIBE ជាដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា