ពិធីមង្គលការដ៏ប្រណីតរបស់តារាម៉ូដែល Ming Xi និងស្វាមីសេដ្ឋីនៅប្រទេសបារាំង ធ្វើឱ្យកក្រើកបណ្តាញសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិធីមង្គលការដ៏ប្រណីតរបស់តារាម៉ូដែល Ming Xi និងស្វាមីសេដ្ឋីនៅប្រទេសបារាំង ធ្វើឱ្យកក្រើកបណ្តាញសង្គម

ពិធីមង្គលការដ៏ប្រណីតរបស់តារាម៉ូដែល Ming Xi និងស្វាមីសេដ្ឋីនៅប្រទេសបារាំង ធ្វើឱ្យកក្រើកបណ្តាញសង្គម

តារាម៉ូដែល Victoria’s Secret ពីប្រទេសចិន Ming Xi និងស្វាមីជាអ្នកស្នងមរតកកាស៊ីណូ លោក Mario Ho នៅទីបំផុតបានរៀបចំពិធីមង្គលការក្នុងក្តីស្រមៃរបស់ពួកគេនៅក្នុងប្រទេសបារាំង បន្ទាប់ពីប្រើជីវិតជាប្ដីប្រពន្ធអស់រយៈពេលប្រាំពីរឆ្នាំ ដោយបានធ្វើឱ្យភ្ញៀវកិត្តិយសជក់ចិត្តដិតអារម្មណ៍ជាមួយការប្រារព្ធពិធីដូចក្នុងរឿងព្រេងនិទាន និងគ្រឿងអលង្ការពេជ្រដ៏ប្រណីត។

Advertisement

ពិធីមង្គលការតារាដែលត្រូវបានគេចាប់អារម្មណ៍ច្រើនបំផុតប្រចាំឆ្នាំមួយនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២ ខែមិថុនា ជាមួយប្រធានបទ «សន្យាដែលបានបំពេញទាន់ពេលវេលា» (A Promise Fulfilled Right on Time) ដែលជាការបើកទំព័រថ្មីមួយសម្រាប់ប្តីប្រពន្ធមួយគូនេះ ដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់តាំងពីឆ្នាំ ២០១៩ និងបានកសាងគ្រួសារជាមួយគ្នាដោយមានកូនចំនួនពីរនាក់រួចមកហើយ។

ពិធីនេះត្រូវបានរៀបចំឡើងនៅឯតំបន់ប្រវត្តិសាស្ត្រ Mont-Saint-Michel ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងបានក្លាយជាព្រឹត្តិការណ៍មួយដែលមានការពិភាក្សាយ៉ាងខ្លាំងក្លានៅលើបណ្តាញសង្គមចិនភ្លាមៗ។

យោងតាមរូបថតដែលបានចែកចាយនៅលើបណ្តាញអ៊ិនធឺណិត ទីកន្លែងរៀបចំកម្មវិធីត្រូវបានផ្លាស់ប្តូរទៅជាសួនផ្កាដ៏ប្រណីត ពោរពេញទៅដោយការរៀបចំផ្កាស្រស់ចម្រុះពណ៌ និងការតុបតែងយ៉ាងឆើតឆាយ សមស្របនឹងឋានៈគ្រួសារមហាសេដ្ឋីដ៏លេចធ្លោបំផុតមួយរបស់ប្រទេសចិន។

គូស្វាមីភរិយាថ្មីថ្មោងនេះ បានបង្ហាញក្តីស្រឡាញ់ចំពោះគ្នាយ៉ាងបើកចំហពេញមួយកម្មវិធី ដោយបានថើបគ្នាយ៉ាងផ្អែមល្ហែមនៅចំពោះមុខសមាជិកគ្រួសារ មិត្តភក្តិ និងភ្ញៀវកិត្តិយស។

អ្វីដែលកាន់តែធ្វើឱ្យបរិយាកាសពោរពេញដោយក្តីរំភើបនោះគឺ កូនៗទាំងពីររបស់ពួកគេក៏បានចូលរួមនៅក្នុងពិធីមង្គលការនេះ ក្នុងនាមជាអ្នកកាន់ផ្កាផងដែរ។

រឿងរ៉ាវស្នេហារបស់ Ming Xi និង Mario Ho បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍ នៅក្នុងខែកក្កដា ឆ្នាំ ២០១៩ បន្ទាប់ពីមានការសុំរៀបការជាសាធារណៈដ៏ល្បីល្បាញ ដែលមានប្រើប្រាស់ផ្កាកុលាបរហូតដល់ ៩៩ ៩៩៩ ទង។

លោក Mario Ho គឺជាកូនប្រុសរបស់ស្រ្តីអ្នកជំនួញអ្នកស្រី Angela Leong និងស្តេចកាស៊ីណូដ៏ល្បីល្បាញគឺលោក Stanley Ho ហើយលោកផ្ទាល់ក៏ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈសមិទ្ធផលលេចធ្លោខាងផ្នែកការសិក្សា។ លោក Mario Ho ធ្លាប់ជានិស្សិតឆ្នើមក្នុងការប្រកួតប្រជែងគណិតវិទ្យា និងទទួលបានការផ្តល់ឱកាសឱ្យចូលរៀនទាំងនៅសកលវិទ្យាល័យ Oxford និងវិទ្យាស្ថាន MIT ហើយនៅទីបំផុត​បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសិត (MIT) មុនពេលត្រឡប់មក​អាស៊ីវិញ ដើម្បីបន្តអាជីពអាជីវកម្មរបស់ខ្លួន។

បន្ទាប់ពីជីវិតអាពាហ៍ពិពាហ៍រយៈពេលប្រាំពីរឆ្នាំ មានកូនពីរនាក់ និងការបង្ហាញខ្លួនជាសាធារណៈជាមួយគ្នារាប់មិនអស់ ពិធីអាពាហ៍ពិពាហ៍ដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់ប្តីប្រពន្ធមួយគូនេះ បានក្លាយជាព្រឹត្តិការណ៍របស់តារាល្បីៗដ៏ប្រណីត និងអស្ចារ្យបំផុតមួយប្រចាំឆ្នាំ ២០២៦ នេះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា