Skip to content
ព្រឹត្តិការណ៍​៤​ឆ្នាំ​ម្ដង «​កីឡា​ក្បាច់​គុន​និង​ក្នុង​សាល​អាស៊ី​» ​ត្រូវ​បាន​លើក​ពេល
    ទំព័រដើម  »  កីឡាជាតិ

ព្រឹត្តិការណ៍​៤​ឆ្នាំ​ម្ដង «​កីឡា​ក្បាច់​គុន​និង​ក្នុង​សាល​អាស៊ី​» ​ត្រូវ​បាន​លើក​ពេល

ព្រឹត្តិការណ៍​កីឡា​ក្បាច់​គុន​និង​ក្នុង​សាល​អាស៊ី Asian Indoor and Martial Arts Games (AIMAG) ​ឆ្នាំ​២០២១ ត្រូវ​បាន​លើក​ពេល​ ដោយសារ​ការ​​រាតដ្បាត​​នៃ​ជំងឺ​កូវីដ​១៩​។

ព្រឹត្តិការណ៍​ពហុកីឡា​ធំ​បំផុត​ទី​២​ប្រ​ចាំទ្វីប​អាស៊ី​បន្ទាប់​ពី Asian Games ដែល​រៀប​ចំ​រៀង​រាល់​៤​ឆ្នាំ​ម្ដង​​នេះ គ្រោង​ធ្វើ​នៅ​​ជលបុរី (Chonburi) និង បាងកក ប្រទេស​ថៃ ពី​ថ្ងៃ​ទី​២១​ដល់​៣០​ខែ​ឧសភា​​ឆ្នាំ​នេះ ដែល​ជា​ព្រឹត្តិការណ៍​លើក​ទី​៦​។ កីឡា​ចំនួន​៣០​ប្រភេទ​គ្រោង​ដាក់​ឱ្យ​ប្រកួត​ប្រជែង​យក​មេដាយ​ឆ្នាំនេះ មាន​ជា​អាទិ៍​កីឡា​រាំ, អុក, ហ៊្វូតសាល, ប្រដាល់ថៃ, ឃីកបុកស៊ីង, ជឺជីតស៊ូ, បញ្ចសិលា, សីប៉ាក់តាក្រ ជា​ដើម​។ ប៉ុន្តែ​ឥឡូវ ព្រឹត្តិការណ៍​​ត្រូវ​បាន​លើក​ពេល​​ទៅ​ធ្វើ​​ពី​ថ្ងៃ​ទី​១០​ដល់​១៩​ខែ​មីនា​ឆ្នាំ​២០២២​វិញ​។

ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី (Olympic Council of Asia) បាន​ប្រកាស​​កាល​ពី​ដើម​ឆ្នាំ​នេះ​អំពី​ការ​ផ្អាក​ព្រឹត្តិការណ៍​ខាង​លើ​ ក្រោម​មូលហេតុ​ជំងឺ​រាតដ្បាត​សកល ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​វិធានការ​សុខាភិបាល នៅ​ជុំ​វិញ​ទ្វីប​។ បន្ទាប់​មក ក្រសួង​ទេសចរណ៍​និង​កីឡា​ថៃ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​​អនុម័ត​ការ​ប្ដូរ​ពេល​នោះ ដែល​ត្រូវ​បាន​ឯកភាព​ដោយ​គណៈរដ្ឋមន្ត្រី​សប្ដាហ៍​មុន​។

សូម​ជម្រាប​ថា Asian Indoor and Martial Arts Games ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​កម្មវិធី​កីឡា​២ គឺ Asian Indoor Games និង Asian Martial Arts Games ដែល​កម្មវិធី​ទាំង​២​នេះ​មិន​​មាន​ភាព​ពេញ​និយម​។

ថៃ បាន​ធ្វើ​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍ Asian Indoor Games មុន​គេ ដែល​បាន​ធ្វើ​ឡើង​ទី​១​​ក្នុង​ឆ្នាំ​២០០៥​។ ប្រទេស​នេះ​ក៏​បាន​ទទួល​​ការ​ប្រកួត Asian Martial Arts Games លើក​ទី​១​និង​ជា​ការ​ធ្វើ​ឡើង​តែ​​ម្ដង​គត់​ក្នុង​ឆ្នាំ​២០០៩​ផង​ដែរ​។

ព្រឹត្តិការណ៍ Asian Indoor and Martial Arts Games លើក​មុន ធ្វើ​ឡើង​ក្នុង​ប្រទេស​តួកមេនីស្ថាន​ក្នុង​ឆ្នាំ​២០១៧​ បន្ទាប់​ពី​ព្រឹត្តិការណ៍​លើក​ទី​៤​ធ្វើ​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​ឆ្នាំ​២០១៣​។

AIMAG ជា​ព្រឹត្តិការណ៍​កីឡា​ខ្នាត​ធំ​ចុង​ក្រោយ​ដែល OCA បានលើក​ពេល​ដោយសារ​តែ​បញ្ហា​កូវីដ​១៩ បន្ទាប់​ពី​ Asian Beach Games ២០២១​ ក្នុង​ប្រទេស​ចិន​ត្រូវ​បានផ្អាក​ជា​លើកទី​២​ក្នុង​ខែធ្នូ ខណៈ​កាល​បរិច្ឆេទ​ថ្មី​នៅ​មិនទាន់​ត្រូវ​បាន​​​សម្រេច​នៅឡើយ​៕